ការដួលរលំរបបផ្តាច់ការស៊ីរីរបស់លោកបាស្ហា អាល់អាសាដជាការទះកំភ្លៀងមួយយ៉ាងធំចំពោះ រុស្ស៊ី និងអ៊ីរ៉ង់ សម្ព័ន្ធមិត្តដែលតែងតែជ្រោមជ្រែងជួយលោកបាស្ហា អាល់អាសាដ ទាំងផ្នែកហិរញ្ញវត្ថុ និងយោធា នៅក្នុងជម្លោះប្រយុទ្ធតទល់ជាមួយក្រុមប្រឆាំងប្រដាប់អាវុធ។ នៅក្នុងកាលៈទេសៈដែលក្រុមឧទ្ទាមប្រដាប់អាវុធ ប្រយុទ្ធយកឈ្នះ ចូលកាន់កាប់រដ្ឋធានី ដាម៉ាស រហូតធ្វើឲ្យលោកប្រធានាធិបតីស៊ីរីរត់គេចខ្លួនទៅជ្រកកោននៅ ម៉ូស្គូ រុស្ស៊ី និងអ៊ីរ៉ង់បាត់បង់ទាំងស្រុងឥទ្ធិពលរបស់ខ្លួននៅស៊ីរី ។ តួកគីឯណោះវិញដែលជាប្រទេសជិតខាង និងជាអ្នកគាំទ្រក្រុមឧទ្ទាមមួយក្នុងចំណោមសម្ព័ន្ធឧទ្ទាមប្រឆាំងផ្តួលរំលំអំណាចរបស់លោកបាស្ហា អាល់អាសាដ ស្រាប់តែមានទឹកមាត់ប្រៃ និងអាចជាអ្នកមានឥទ្ធិពលខ្លាំងនៅស៊ីរី ដោយដណ្តើមកន្លែងរបស់រុស្ស៊ី និងអ៊ីរ៉ង់។
ដោយមិននិយាយដល់សម្ព័ន្ធឧទ្ទាមប្រដាប់អាវុធស៊ីរីជាច្រើនក្រុម ដែលមាននិន្នាការខុសៗគ្នា ប៉ុន្តែរួមកម្លាំងតែមួយ ផ្តួលរំលំអំណាចផ្តាច់ការរបស់ប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាដ គេឃើញមានតួអង្គ ប្រទេស៣ដែលពាក់ព័ន្ធស៊ីជម្រៅ ក្នុងស្ថានការណ៍នយោបាយ និងសមរភូមិប្រយុទ្ធក្នុងទឹកដីស៊ីរី ចាប់តាំងពីស៊ីរីធ្លាក់ខ្លួនក្នុងសង្រ្គាមស៊ីវិល និងបំផ្លិចបំផ្លាញដោយក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅដើមឆ្នាំ២០១១។ តួកគី រុស្ស៊ី និងអ៊ីរ៉ង់ ប្រទេសទាំង៣ប្រលូកដោយផ្ទាល់ និងជាដើមហេតុ តិចឬច្រើន ធ្វើឲ្យរបបលោកបាស្ហា អាល់អាសាដដួលរលំក្នុងរយៈពេលតែ១០ថ្ងៃនៃការវាយសម្រុកដ៏ឆាប់លឿនរហ័សរបស់ក្រុមឧទ្ទាមប្រឆាំង។
ខណៈពេលដែលតួកគីចំណេញពីជ័យជំនះរបស់ក្រុមឧទ្ទាមស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ដែលជាប់ឈ្មោះខាងការពាររបបលោកបាស្ហា អាល់អាសាដ កំពុងខាតបង់ប្រយោជន៍ដ៏ធ្ងន់ធ្ងរ ព្រោះកំពុងបាត់សម្ព័ន្ធមិត្តមួយដែលជួយឲ្យរុស្ស៊ី និងអឺរ៉ង់អាចឈរជើងបុកសរសរគ្រឹះវត្តមានដ៏រឹងមាំរបស់ខ្លួននៅមជ្ឈិមបូព៌ា។
រុស្ស៊ី
នៅក្នុងគោលដៅប្រជែងឥទ្ធិពលរបស់លោកខាងលិច ជាពិសេសអាមេរិកនៅតំបន់ដើមបូព៌ា រុស្ស៊ីរបស់លោកពូទីន នៅឆ្នាំ ២០១៥បានបញ្ជូនទ័ពរាប់ពាន់នាក់ទៅជួយការពាររបបលោកបាស្ហា អាល់អាសាដ ដែលរងការវាយប្រហារពី ក្រុមប្រដាប់អាវុធ ក្រុមអ្នកតស៊ូ ប្រឆាំងនឹងរបបផ្តាច់ការរបស់លោកបាស្ហាអាល់អាសាដ។ ជាថ្នូរមកវិញ នៅឆ្នាំ ២០១៧ រុស្ស៊ីបានទទួលសិទ្ធិបង្កើតមូលដ្ឋានទ័ពជើងអាកាសរបស់ខ្លួននៅក្នុងទឹកដីស៊ីរី សម្រាប់រយៈពេល៤៩ឆ្នាំ។ ដោយដាក់មូលដ្ឋានទ័ពជើងអាកាស និងមូលដ្ឋានទ័ពជើងទឹកនៅក្នុងទឹកដីស៊ីរី រុស្ស៊ីមានជាលើកទី១មូលដ្ឋានទ័ពរបស់ខ្លួននៅទឹកដីបរទេស និយាយឲ្យចំ នៅមជ្ឈិមបូព៌ា នៅសមុទ្រមេឌីទែរ៉ាណេ ដែលរុស្ស៊ីត្រូវការប្រើចាំបាច់សម្រាប់នាំចូលអាវុធ ឬទាហានស៊ីឈ្នួលទៅកាន់ទឹកដីអាហ្វ្រិក។
ចំពោះអ្នកជំនាញ ការដួលរលំរបបដឹកនាំបាស្ហា អាល់អាសាដ ដែលមានន័យស្មើរបូតបាត់សម្ព័ន្ធមិត្តដែលរុស្ស៊ីចេញមុខជួយការពារដោយគ្មានរួញរានៅចំពោះមុខវាយប្រហាររបស់ក្រុមឧទ្ទាមប្រឆាំងស៊ីរី នៅ១០ឆ្នាំកន្លងមកនេះ មានន័យស្មើនឹងបរាជ័យ ការធា្លក់ចុះនៃឥទ្ធិពលរបស់រុស្ស៊ីនៅដើមបូព៌ា។ លោកស្រី Tatiana Kastouéva-Jeanប្រធានមជ្ឈមណ្ឌលរុស្ស៊ី អឺរ៉ាស៊ីនៃវិទ្យាស្ថានបារាំង និយាយថា អ្វីដែលកំពុងកើតឡើងនៅស៊ីរី គឺជាអាម៉ាស និងបរាជ័យ យុទ្ធសាស្រ្តធ្លាក់ទឹករបស់រុស្ស៊ីនៅដើមបូព៌ា។ ដោយនៅស្ងៀម បណ្តែតបណ្តោយឲ្យក្រុមឧទ្ទាមវាយសម្រុកយកបានរដ្ឋធានីដាម៉ាស តែក្នុងរយៈពេល១០ថ្ងៃ កងទ័ពរុស្ស៊ីមិនត្រឹមតែបរាជ័យ ប៉ុន្តែ ភ្នាក់ងារសម្ងាត់របស់រុស្ស៊ីក៏អសមត្ថភាពមិនអាចឲ្យប៉ាន់ស្មានដឹងមុនស្ថានការណ៍វិវឌ្ឍដ៏ឆាប់រហ័សនៅស៊ីរី។ គេបានប្រៀបធៀបបរាជ័យរបស់រុស្ស៊ីនៅស៊ីរី ទៅនឹងផែនការដ៏អាម៉ាសរបស់អាមេរិកដែលដកទ័ពចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ ២០២១។
នៅថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រេមឡាំងទទួលស្គាល់ថា រុស្ស៊ីក៏ដូចពិភពលោកទាំងមូល គឺភ្ញាក់ផ្អើលនឹងស្ថានការណ៍នយោបាយប្រែប្រួលដ៏ឆាប់រហ័សនៅស៊ីរី។ ម៉ូស្គូនៅថ្ងៃចន្ទដដែលបានប្រកាសជាផ្លូវការថា លោកពូទីនបានផ្តល់សិទ្ធិជ្រកកោនដល់លោកបាស្ហាអាល់អាសាដនិងក្រុមគ្រួសារក្រោមហេតុផលមនុស្សធម៌។ រុស្ស៊ីមិនបោះបង់ចោលអ្នកស្មោះស្ម័គ្រនឹងខ្លួនដែលលែងមានអំណាចតទៅទៀតនៅស៊ីរី ប៉ុន្តែ នៅចំពោះមុខជ័យជំនះរបស់ក្រុមឧទ្ទាមប្រដាប់អាវុធស៊ីរីដែលជាអនាគតម្ចាស់អំណាចនៅស៊ីរី ម៉ូស្គូក៏មិនបែរខ្នង។ ទោះធ្លាប់ចោទក្រុមឧទ្ទាមស៊ីរីជាក្រុមភេរវនិយមក្តី ប៉ុន្តែ ម៉ូស្គូក្នុងឯកសណ្ឋាននយោបាយថ្មីអះអាងថា ខ្លួននៅតែបោះដៃ ចង់ធ្វើការជាមួយអ្នកដឹកនាំថ្មីរបស់ស៊ីរី ជាពិសេសក្នុងរឿងការពារមូលដ្ឋានទ័ពរបស់រុស្ស៊ីនៅទឹកដីស៊ីរី។ គ្រាន់តែជាការទាមទារប៉ុន្តែ មិនមែនជាការបញ្ជា ព្រោះថា រុស្ស៊ីលែងជាមេចាត់ចែងបញ្ហានៅស៊ីរីដូចមុន ដូចកាលលោកបាស្ហា អាល់អាសាដនៅកាន់អំណាចនៅស៊ីរី។
អ៊ីរ៉ង់
នៅពេលស៊ីរីផ្ទុះសង្រ្គាមស៊ីវិលនៅឆ្នាំ ២០១១ អ៊ីរ៉ង់បានបញ្ជូនទីប្រឹក្សាយោធាទៅជួយកងទ័ពរដ្ឋាភិបាលលោកបាស្ហា អាល់អាសាដ។ បន្ថែមពីលើនេះ ក្រុមជីវពលស៊្ហីអ៊ីត និងទាហានរបស់ក្រុមហេសបូឡាលីបង់ត្រូវបានបញ្ជូនជាបន្តបន្ទាប់ទៅស៊ីរី ដើម្បីបុកគ្រឹះ ពង្រឹងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី ដើម្បីប្រឆាំងអ៊ីស្រាអែល។
ប៉ុន្តែ នៅពេលរដ្ឋាភិបាលស៊ីរីដួលរលំភ្លាមៗ ប្រធានាធិបតីបាស្ហា អាល់អាសាដរត់គេចចេញពីស៊ីរីទៅសុំសិទ្ធិជ្រកកោននៅ រុស្ស៊ី អ៊ីរ៉ង់កំពុងបាត់កូនអុកដ៏សំខាន់នៅក្នុងខ្សែប្រយុទ្ធតស៊ូនឹងអ៊ីស្រាអែល។ មានព្រំដែនជាប់លីបង់ជាច្រើនគីឡូម៉ែត្រ ស៊ីរីបានក្លាយជាច្រកចេញចេញសំខាន់របស់អ៊ីរ៉ង់ដើម្បីដឹកនាំអាវុធទៅជួយក្រុមហេសបូឡានៅលីបង់ កូនចៅមួយទៀតដែលអ៊ីរ៉ង់បង្កើតឡើងដើម្បីតស៊ូកម្លាំងប្រឆាំងអ៊ីស្រាអែល។
ចង់ ឬមិនចង់ ការដួលរលំរបបបាស្ហា អាល់អាសាដដែលជាសម្ព័ន្ធមិត្តបង្អែកធំមួយរបស់ខ្លួននៅដើមបូព៌ានឹងធ្វើឲ្យឥទ្ធិពល យុទ្ធសាស្រ្តយោធារបស់អ៊ីរ៉ង់ កាន់តែធ្លាក់ថយចុះ មួយកម្រិតថែមទៀត បន្ទាប់ពីក្រុមហេសបូឡាលីបង់ គ្នីគ្នារបស់អ៊ីរ៉ង់បាក់ទ្រោម ស្លាប់អស់មេកើយ បាក់កម្លាំង ដោយសារការវាយប្រហារចំៗរបស់កងទ័ពអ៊ីស្រាអែល។
អ៊ីរ៉ង់ផ្ទាល់ធ្លាប់ចាត់ទុកក្រុមឧទ្ទាមអ៊ីស្លាមប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីថា ជាក្រុមភេរវនិយម និងជាកូនអុកយុទ្ធសាស្រ្តរបស់អាមេរិកនិងអ៊ីស្រាអែល ដើម្បីបង្កអស្ថិរភាព និងគូសផែនទីថ្មីនៅដើមបូព៌ា។ ប៉ុន្តែ នៅពេលអ្នកឈ្នះ ចូលគ្រប់គ្រងរដ្ឋធានីដាម៉ាស ជាក្រុមឧទ្ទាម អ៊ីរ៉ង់បាននិយាយក្រឡាស់សំដីមកវិញថា ខ្លួនធ្លាប់បានជំរុញឲ្យរដ្ឋាភិបាលលោកបាស្ហាអាល់ អាសាដចរចាជាមួយក្រុមប្រឆាំងស្របច្បាប់។ ការផ្លាស់ប្តូរជំហររបស់អ៊ីរ៉ង់ទំនងមិនធ្វើឲ្យក្រុមឧទ្ទាមស៊ីរី និងប្រជាជនស៊ីរីមួយចំនួនស្តាប់ចូលត្រចៀកនោះទេ។
ដោយចាត់ទុកអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តការពាររបបដឹកនាំផ្តាច់ការបាស្ហា អាល់អាសាដ ក្រុមប្រដាប់អាវុធនិងប្រជាជនស៊ីរីបានសម្រុកចូលមុនគេ ទៅកម្ទេច វាយបំផ្លាញស្ថានទូតរបស់អ៊ីរ៉ង់ក្នុងទីក្រុងដាម៉ាស។
តួកគីអ្នកដែលឈ្នះ មានទឹកមាត់ប្រៃក្នុងការចរចាជាមួយរុស្ស៊ី
ដោយគាំទ្រក្រុមឧទ្ទាមមួយក្រុមដែលចូលរួមប្រយុទ្ធផ្តួលរំលំរដ្ឋាភិបាលរបស់លោកបាស្ហាអាល់ អាសាដ តួកគីបានផលប្រយោជន៍ច្រើនជាងគេ មិនថា ក្នុងផ្នែកនយោបាយការបរទេស ឬនយោបាយទាញទាញប្រជាប្រិយភាពក្នុងស្រុក។ ក្រុមប្រឆាំងស៊ីរីដែលតួកគីផ្តល់ជំនួយយ៉ាងចេញមុខបានទៅវាយបណ្តេញក្រុមគួដស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមគួកតួកគី ដែលជាសត្រូវសួពូជរបស់រដ្ឋាភិបាលលោកអ៊ែរដូហ្កាន។ ម្យ៉ាង ដោយមានក្រុមឧទ្ទាមដែលខ្លួនជួយឧបត្ថម្ភ គាំទ្រតាំងពីដំបូងទី អាចចូលកាន់អំណាចនៅស៊ីរី ចង់ ឬចង់ តួកគីនឹងមានសំឡេង មានទម្ងន់នយោបាយច្រើនជាងមុន នៅស៊ីរី។ ដោយសារតែអនាគតមេដឹកនាំស៊ីរី មកពីក្រុមឧទ្ទាមអាចស្តាប់តាមតួកគី នោះ តួកគីនឹងមានទឹកមាត់ប្រៃ នៅពេលនិយាយជាមួយរុស្ស៊ី អ៊ីរ៉ង់ ឬប្រទេសផ្សេងទៀតដែលចង់លូកលាន់ ក្នុងកិច្ចការនយោបាយរបស់ស៊ីរី។ តួកគីនឹងអាចមានជោគវាសនាខ្ពស់ ក្នុងករណីដែលស៊ីរីរកឃើញថ្នាក់ដឹកនាំថ្មីមួយដែលមាននិន្នាការជិតស្និទ្ធនឹងតួកគី។ ប៉ុន្តែ នៅការពិតជាក់ស្តែង អ្វីៗនៅមិនទាន់ច្បាស់លាស់ ព្រោះថា បញ្ហានៅស៊ីរី ស្មុគស្មាញ រញ៉េរញ៉ៃ ប្រទាក់ក្រឡាដូចសំបុកពីងពីង ព្រោះថា ក្រុមឧទ្ទាមស៊ីរីមានច្រើនក្រុម ហើយមួយចំនួនមិនត្រឹមគ្មានជំហរដូចគ្នាដើម្បីបង្កើតរដ្ឋាភិបាលតែប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេជាគូសត្រូវប្រយុទ្ធស្លាប់រស់នឹងគ្នាផង។ ឧទាហរណ៍ ក្រុមគួដស៊ីរីដែលអាមេរិកជួយគាំទ្រ ហើយនិងក្រុមឧទ្ទាមស៊ីរីដែលតួកគីជួយឧបត្ថម្ភ៕