២០២៥ ជា​ឆ្នាំដ៏គ្រោះថ្នាក់​ ដែល​របបសឹក​ភូមាដួលរលំ ដោយសារ​ក្រុមប្រឆាំងប្រដាប់អាវុធ?


Episode Artwork
1.0x
0% played 00:00 00:00
Dec 29 2024 6 mins   2

ជ័យជំនះរបស់​ក្រុមឧទ្ទាម វាយយកបានជាបន្តបន្ទាប់ ទីតាំង​យោធា​នៅតាមរដ្ឋ​ជាប់ព្រំដែន​ជា​ដំណឹង​ដ៏អាក្រក់ចំពោះ​មេដឹកនាំយោធា​ភូមា។ នៅតែ​១០ថ្ងៃ មុន​ដាច់ឆ្នាំ ២០២៤ របបសឹក​ភូមា​បាន​របូត​បាត់​ទាំងស្រុង​រដ្ឋ​រ៉ាឃីន ចំណែក បន្ទាយទាហាន​ជាច្រើនកន្លែង​នៅតាម​តំបន់​ជាប់ព្រំដែន​បានធ្លាក់​ក្នុងដៃ​គ្រប់គ្រង​របស់​ក្រុមប្រឆាំង​ប្រដាប់អាវុធ និង​ក្រុមឧទ្ទាម​ជនជាតិភាគតិច។ បន្ទាប់ពីធ្វើរដ្ឋប្រហារ ប្លន់អំណាច​ពីរដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី និង​ធ្វើ​ឲ្យភូមា​ធ្លាក់ក្នុង​សង្រ្គាមស៊ីវិល គ្រោះអត់ឃ្លាន និង​វិបត្តិជនភៀសខ្លួន តើ​របបសឹក​ភូមា​ដឹកនាំ​ដោយ​លោក​មីន អ៊ុងឡាំង​នឹង​អាច​តស៊ូ ក្រាញអំណាច នៅចំពោះ​មុខ​ក្រុមប្រឆាំង​ប្រដាប់អាវុធ ដែលកាន់តែមានកម្លាំងកាន់តែខ្លាំងដែរឬទេ? ២០២៥ អាចជា​ឆ្នាំ​ដែល​របបសឹក​ភូមា​ជួបគ្រោះថ្នាក់ ដួលរលំបាត់បង់អំណាច? យើងស្តាប់​បទអត្ថាធិប្បាយ​របស់ឈាង បុប្ផា

ជិត​៤ឆ្នាំមកហើយ ដែល​ភូមា​ធ្លាក់​ទៅក្នុង​សង្រ្គាមស៊ីវិល​ សំបូរ​ទៅដោយ​សមរភូមិប្រយុទ្ធបង្ហូរឈាមគ្នា​រវាងកងទ័ព និងក្រុមប្រឆាំង​ប្រដាប់អាវុធ។ ភូមា​ធ្លាក់​ខ្លួន​ក្នុង​សភាពបែបនេះ ​ចាប់តាំងពី​ក្រុមយោធា​ធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​នៅ ខែ​កុម្ភៈឆ្នាំ​២០២១។

រដ្ឋប្រហារយោធា និងការបង្ក្រាបដ៏​ហិង្សា​ទៅលើ​អ្នកប្រឆាំងនៅទូទាំងប្រទេស​បាន​ជំរុញ​ឲ្យ​កើតមាន​កងកម្លាំងប្រឆាំង​ប្រដាប់អាវុធ ដែលបានទាក់ទាញ​បន្តិចម្តងៗ ការគាំទ្រ​ពីក្រុមឧទ្ទាម​ជនជាតិភាគតិចភូមា អតីត​គូជម្លោះប្រដាប់អាវុធរបស់​កងទ័ពភូមារាប់ទសវត្ស​រ៍មកហើយ។

ក្រុមបះបោរប្រឆាំង​នឹង​របបសឹកផ្តាច់ការភូមា​បានកើនចំនួនកាន់តែ​ច្រើន និងរួមកម្លាំងគ្នា​កាន់តែ​ខ្លាំងជាមួយ​ក្រុមឧទ្ទាមជនជាតិភាគតិច នៅ២ឆ្នាំ​ចុងក្រោយនេះ។ នៅតាមបណ្តារដ្ឋនៅតាម​ព្រំដែន មិនថា ខាងជើងជាប់ជាមួយ​ចិន ខាងលិចជាមួយឥណ្ឌា និង​បង់ក្លាដែស ខាងកើត ជាប់​ឡាវ និង​ថៃ ក្រុមឧទ្ទាមជនជាតិភាគតិច​ដែលធ្លាប់​ចុះ​កិច្ចព្រមព្រៀង​បទឈប់បាញ់ជាមួយ​កងទ័ពកន្លងមក បានចាប់កាន់អាវុធ ជួយ​ក្រុមយុវជនប្រឆាំង ឬ​កងកម្លាំងរបស់​រដ្ឋាភិបាល​ស្រមោល ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ពួកយោធាភូមា។​

​ចលនាបះបោរប្រដាប់អាវុធ និង​ការវាយសង្រ្គុប​ពីឧទ្ទាមជនជាតិភាគ ពីគ្រប់ទិស នៅ ជិត​៤ឆ្នាំមកនេះ បានធ្វើ​ឲ្យ​កងទ័ពភូមា​របស់​របបសឹកផ្តាច់ការ ក្រោមការដឹកនាំ​របស់លោក​មីន អ៊ុងឡាំង​​ ធ្លាក់ចុះកម្លាំង និង​បាត់បង់​ទឹកដី​គួរ​ឲ្យកត់សំគាល់។

យោងតាម​ទិន្នន័យស្រាវជ្រាវ និងការអង្កេត​របស់​ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស​BBC ដោយ​ផ្អែកលើ​ក្រុមភូមិជាង ១៤០០០ នៅក្នុង​សង្រ្គាមស៊ីវិល​ជិត​៤ឆ្នាំ កងទ័ពភូមា​កាន់កាប់​​ទឹកដីបាន​​តែ​២១%​ប៉ុណ្ណោះ​។ ចំណែក ៤២%​នៃ​ទឹកដី​ភូមា​ធ្លាក់​ក្រោមការគ្រប់គ្រង​របស់ក្រុមឧទ្ទាម​ជនជាតិភាគតិច និង​បណ្តាញចលនាប្រឆាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​ស្រមោល។ ដែនដី​នៅសល់ពីនេះ ជា​សមរភូមិ​ដែល​​កងទ័ព និង​ក្រុមប្រដាប់អាវុធកំពុង​ប្រយុទ្ធដណ្តើមគ្នា​កាន់កាប់។ រដ្ឋាភិបាល​ស្រមោល​ដែលប្រមូលផ្តុំ​ដោយ​អ្នកនយោបាយ​របស់​បក្ស​ប្រឆាំង បាន​អះអាងថា សព្វថ្ងៃនេះ របបសឹកភូមា​គ្រប់គ្រងទឹកដីភូមាបានតែ​១ភាគ៣ប៉ុណ្ណោះ។

​បើតាមគម្រោង​កំណត់​ទិន្នន័យ និង​ទីតាំង​ជម្លោះប្រដាប់អាវុធ ដែលមាន​ទីតាំង​នៅអាមេរិក ឈ្មោះ Acled (Armed Conflict Location and Event Data Project) គិតចាប់តាំង​ពីភូមាទទួលឯករាជ្យ​ពីអង់គ្លេស ហើយ​កងទ័ព​ចូលកាន់អំណាច​នៅភូមា នេះជាលើកទី១ ទឹកដី​គ្រប់គ្រង​ដោយ​កងទ័ពភូមា​រួមតូច​ខ្លាំង​យ៉ាងដូច្នេះ។

បន្ទាប់ពី​បាត់ទឹកដី​ទៅក្នុងដៃ​របស់​ក្រុមប្រឆាំង មេរបបសឹក​ភូមា លោក​មីន អ៊ុងឡាំង​ទទួលស្គាល់ នៅ​ដើម​ឆ្នាំនេះ ថា កងទ័ពរបស់​លោក​កំពុង​រងសម្ពាធ​ខ្លាំង​។

បើតាម​អ្នកវិភាគ មាន​ហេតុផលមួយចំនួន​ដែល​ធ្វើ​ឲ្យ​កងទ័ពភូមា​ចុះខ្សោយ​កម្លាំង មិនអាច​ប្រយុទ្ធយកឈ្នះ​លើ​ក្រុមប្រឆាំង។ ទី១ ក្រុមប្រឆាំង និង​ជាពិសេស​ក្រុមឧទ្ទាម​មានរចនាសម្ព័ន្ធ និង​​យុទ្ធសាស្រ្ត​ប្រយុទ្ធ​កាន់តែ​ពូកែ។ ពួកគេ​ចេះប្រើអាវុធយុទ្ធភ័ណ្ឌដែលរឹបអូសយកបានពីក្នុង​ឃ្លាំង​នៅទីតាំងយោធា​ដែល​ពួកគេ​ប្រយុទ្ធដណ្តើម​បាន​ពី​កងទ័ព។ ជាក់ស្តែង ក្រុមឧទ្ទាមជនជាតិភាគតិច​អារ៉ាខាន នៅរដ្ឋ​រ៉ាឃីន ភាគខាងលិច​ភូមា​បាន​រួមដៃគ្នាជាមួយ​ក្រុមឧទ្ទាមនៅរដ្ឋពីរផ្សេងទៀត ដូចជារដ្ឋកាឈីន និង​រដ្ឋ​ស្ហាន​​ ដើម្បី​វាយដណ្តើម​ទីតាំង​យោធា​របស់​របបសឹក។ នៅ សប្តាហ៍មុននេះ ក្រុមឧទ្ទាមអារ៉ាខាន​បានអះអាងថា បន្ទាប់ពីវាយយកបានទឹកដីសឹងទាំងស្រុង​នៅរដ្ឋរ៉ាឃីន គេ​ទើបដណ្តើម​បានទីតាំង​យោធាថ្នាក់តំបន់​ទី​២ ក្នុង​ចំណោម​ភូមិភាគយោធា​សរុបចំនួន​១៣​របស់​របបសឹកភូមា។

ហេតុផលទី២ដែលធ្វើ​ឲ្យកងទ័ពភូមាចុះខ្សោយ គឺការបែកបាក់​ផ្ទៃក្នុង នៅក្នុងជួរកងទ័ពភូមា។ ដោយសារ​ការបោសសម្អាតនិងការដាក់ទោសក្នុងជួរកងទ័ព ពីសំណាក់​មេដឹកនាំយោធា នៅក្រោយ​បរាជ័យក្នុង​សមរភូមិម្តងៗ និង​ដោយសារ​តែ​មិនយល់ស្រប​ជាមួយមេដឹកនាំ​យោធា ដែលពួកគេចោទថា សាហាវឃោរឃៅ បញ្ជា​ឲ្យសម្លាប់ប្រជាជន​ភូមា​ ជាតិសាសន៍ខ្លួនឯង កូនទាហានភូមា​កាន់តែច្រើន​​បាន​រត់ចោលជួរ ហើយចូលទៅរួមប្រយុទ្ធជាមួយក្រុមប្រឆាំងវិញ ឬ​បើមិនដូច្នេះទេ ពួកគេ​តាំង​ខ្លួនជា​ចារកិច្ច​លួចយកការណ៍​បញ្ជូន​ទៅ​ក្រុមប្រឆាំង។ ការសហការ សម្របសម្រួលរួមកម្លាំងគ្នា រវាង​ក្រុមប្រឆាំងប្រដាប់អាវុធ និង​ក្រុមឧទ្ទាម​ដើម្បី​វាយប្រហារ​ពីគ្រប់ទិស បានធ្វើ​ឲ្យ​កងទ័ពភូមា​ទន់ដៃ លើកទង់ជ័យសជាបន្តបន្ទាប់។

របបសឹក​ភូមា​កាន់តែ​ឯកោ​បន្ថែមទៀត ដោយសារ​តែ​ខ្វះជំនួយគាំទ្រ​ពី​ចិន​និង​រុស្ស៊ី។ ចិនដែលជាសម្ព័ន្ធមិត្ត​ គាំទ្រ​មេដឹកនាំយោធា​ភូមា​ កាន់តែ​ថ្នាំងថ្នាក់ មិន​សប្បាយចិត្ត ដោយសារថា​កងទ័ពភូមា​ចេះតែ​​បរាជ័យបន្តបន្ទាប់ មិនអាចធានាសន្តិសុខ​ឲ្យ​ផលប្រយោជន៍សេដ្ឋកិច្ច​របស់​ចិន​​ នៅតាមបណ្តារដ្ឋភូមាជាប់ព្រំដែនជាមួយចិន។ ការប្រយុទ្ធបង្ហូរឈាម​នៅ តាមរដ្ឋជាប់ព្រំដែនប៉ះពាល់​ដល់​ជំនួញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក្នុងនោះមានផងដែរ​បំពង់បង្ហូរប្រេង​ឆ្លងកាត់ភូមា​ទៅប្រទេស​ចិន។​

អស់ពីចិន​លែងសូវ​យកចិត្ត​ទុកដាក់ជួយដូចមុន របបសឹកភូមាក៏​បាត់ដំណឹង​ពីរុស្ស៊ី​។ ​កំពុង​រវល់ជាប់ដៃ​នៅក្នុងសង្រ្គាម​អ៊ុយក្រែន ហើយនិង​កំពុង​​បញ្ហា​នៅដើមបូព៌ា ជាពិសេស​ការដួលរលំ​របបដឹកនាំ​របស់​បាស្ហាអាល់អាសាដ ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន រុស្ស៊ី​លែងសូវរវល់នឹង​សង្រ្គាម​នៅអាស៊ី ជាពិសេស​សង្រ្គាមដ៏រ៉ាំរ៉ៃនៅភូមា។

គ្មាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ដូចមុន ហើយត្រូវ​ប្រឈម​នឹង​ការវាយប្រហារ​ពីគ្រប់ទិស​របស់​ក្រុមឧទ្ទាមជនជាតិភាគតិច​ដែលរួមកម្លាំងគ្នា យ៉ាងផុសផុលដណ្តើមបានទឹកដីកាន់តែធំរបស់​ភូមា របបសឹករបស់​មេដឹកនាំយោធា​មីនអ៊ុងឡាំង ត្រូវ​គេ​មើលឃើញថា នឹង​អាច​ដួលរលំ​មិនយូរ មិនឆាប់ នៅ​ឆ្នាំ ២០២៥។ ឆ្នាំ​ដែល​រដ្ឋាភិបាល​ស្រមោលភូមា ដែល​នៅពីក្រោយកងកម្លាំងប្រឆាំង​ប្រដាប់អាវុធ​បាន​ប្រកាសសន្យា​ហើយថា នឹង​ត្រលប់មក​ដណ្តើម​អំណាច​ពី​ក្រុមយោធា​ភូមាវិញ ឲ្យខាងតែបាន។ ក្នុងករណី​ធ្លាក់ចេញពីអំណាច​ មេដឹកនាំ​របបសឹក​ភូមា​ត្រូវ​ប្រឈម​នឹង​ដីកាចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​មួយទៀត ដែលបាន​ចោទប្រកាន់​ មេដឹកនាំយោធា មីន អ៊ុងឡាំង​ពីបទឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ បណ្តេញ និង​ធ្វើទុក្ខបុកម្នេញ ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាឃីន កាលពី​ឆ្នាំ ២០១៧៕