សង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា៖ លោកដូណាល់ ត្រាំកំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេសទ្រូស្ត


Episode Artwork
1.0x
0% played 00:00 00:00
Mar 09 2025 9 mins   1

ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិន​នាំចូលទៅ​អាមេរិក​បានចូលជា​ធរមាន​នៅថ្ងៃអង្គារ ទី​៤មីនា។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ លោក​ដូណាល់ ត្រាំ​បាន​ប្រកាសជាបន្តបន្ទាប់គ្នា​​ថា លោក​សម្រេច​លើកលែង​មុខទំនិញកាណាដា និងម៉ិកស៊ិកមួយចំនួនវិញ ចំណែក ទំនិញចិនទាំងអស់នៅតែ​ត្រូវ​បង់ពន្ធបន្ថែមនៅ​ក្នុងកម្រិត​២០%ដដែល។ លោក​ដូណាល់ ត្រាំ​បានពន្យល់​ការប្តូរជំហរ ថយមួយជំហាន​មកវិញក្នុងរឿងដំឡើងពន្ធ​លើទំនិញកាណាដា និងម៉ិកស៊ិកថា មកពីលោក​ចង់ជួយប្រទេស​ជិតខាងទាំងពីរដែលធ្វើពាណិជ្ជកម្ម​ជារៀងរហូតមកជាមួយអាមេរិក។ ចង់ជួយប្រទេស​ជិតខាង របស់លោកដូណាល់ ត្រាំ ជាពាក្យពិតដែរឬទេ? តើ​អ្វីទៅជា​ហេតុផលពិតប្រាកដដែលធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ​ថយមួយជំហាន​ក្នុងជម្លោះពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​កាណាដា?

នយោបាយរបស់លោកដូណាល់ ត្រាំ​បត់បែនលឿនពិបាក​នឹង​តាមទាន់។ ក្នុងរយៈពេលតែ​១ថ្ងៃ​ បន្ទាប់ពី​អត្រាពន្ធថ្មី ចំនួន​២៥%លើ​ទំនិញកាណាដា និងម៉ិកស៊ិក​ចូលជាធរមាន កាលពីថ្ងៃអង្គារ​ទី ៤​មីនា រដ្ឋបាល ត្រាំ​បាន​ចេញមក​កែតម្រូវ ពីរលើកបន្តបន្ទាប់គ្នា។ បន្ទាប់ពីយល់ព្រម​ព្យួរ​អត្រាពន្ធថ្មី​លើទំនិញម៉ិកស៊ិក​រហូត​ដល់​ដើម​ខែ​មេសា ក្រោយពីបានជួបសន្ទនាតាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតីម៉ិកស៊ិក លោកដូណាល់ ត្រាំ នៅថ្ងៃពុធទី ៥មីនាដដែលបាន​ប្រកាស​ថា លោក​យល់ព្រម​អនុគ្រោះទំនិញកាណាដា​មួយចំនួន​ ដែលមាន​ចែង​នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកកាណាដា និងម៉ិកស៊ិកដែលលោកដូណាល់​ត្រាំ​បាន​បង្កើតឡើងនៅអាណត្តិទី១របស់លោក។

ខណៈដែល​​៦០%​នៃទំនិញកាណាដា​នៅតែ​បន្តជាប់​រនាំងពន្ធគយថ្មី​របស់អាមេរិក ទំនិញកាណាដា​ ដូចជា ទូរទស្សន៍ សាច់គោ ម៉ាស៊ីនត្រជាក់ សារធាតុសម្រាប់ផលិតជីគីមីដែល​កសិករអាមេរិកត្រូវការប្រើច្រើន នឹងរួចផុត​ពីរនាំងពន្ធគយរបស់​លោកដូណាល់ ត្រាំមួយគ្រាទៀត រហូត​ដល់ដើមខែមេសា

​គ្រឿងបន្លាស់ដែល​ឧស្សាហកម្មផលិតរថយន្ត​អាមេរិក​ត្រូវការចាំបាច់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម​ ក៏ទទួលបានការអនុគ្រោះជាបណ្តោះអាសន្នដែរ។ អ្នកនាំពាក្យ​របស់សេតវិមាន​និយាយ​ថា លោកដូណាល់ ត្រាំ​ប្តូរចិត្ត​ ដោយ​បន្តផ្អាកការដំឡើងពន្ធលើទំនិញប៉ុន្មានមុខខាងលើ ក៏ដោយសារ​ក្រុមហ៊ុន​ផលិតរថយន្តអាមេរិក​​បាន​សំណូមពរ​ឲ្យអនុគ្រោះ និងសន្យា​រើរោងចក្រ​ផលិត​គ្រឿងផ្គុំមក​តាំងទីនៅទឹកដីអាមេរិក​នាពេលខាងមុខ។

នៅលើ​បណ្តាញ​សង្គម​របស់លោកឈ្មោះ Truth Social លោកដូណាល់ ត្រាំ​បាន​ពន្យល់​ថា លោក​ផ្អាកការអនុវត្តពន្ធ​ថ្មី​លើទំនិញកាណាដា និង​ម៉ិកស៊ិក​ដោយសារមកពីលោកចង់​ជួយប្រទេស​ជិតខាង​ដែល​រងប៉ះពាល់ខ្លាំងដោយសារ​នយោបាយដំឡើងពន្ធរបស់លោក​នៅដើមខែមីនានេះ។ លោកដូណាល់ ត្រាំនិយាយថា ចង់ជួយប្រទេស​ជិតខាង ប៉ុន្តែ ហេតុអ្វីលោក​ចេញក្រឹត្យ​ដំឡើងពន្ធថ្មីទៅលើ​ប្រទេស​ជិតខាងជាពិសេស​កាណាដា​ដែលជាសម្ព័ន្ធមិត្ត​ស្លាប់រស់ជាមួយគ្នា​រហូតមកយ៉ាងដូច្នេះ?

តាំងពីមិនទាន់ចូលកាន់តំណែងជាផ្លូវការម្ល៉េះ លោកដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ​លើ​ប្រទេស​ដែល​យកប្រៀប ដើរខ្សែលើអាមេរិក។ លោកដូណាល់ ត្រាំចង់​ប្រើនយោបាយ​ដំឡើងពន្ធលើ​ទំនិញនាំចូលអាមេរិក ដើម្បី​ការពារ​ផលិតផល​ក្នុងស្រុក បង្កើតការងារ​តាមរយៈការរើរោងចក្រ​ឧស្សាហកម្ម​មកតាំងទីនៅអាមេរិកដើម្បីជៀសវាង​ការបង់ពន្ធ។

លោកដូណាល់ ត្រាំ​បាន​ប្រកាស​នយោបាយ​ដំឡើងពន្ធថ្មី ដែលមានន័យស្មើការប្រកាស​សង្រ្គាមពាណិជ្ជកម្ម ដោយមិនលើកលែង មិនថា គូប្រជែង​ដូចជា​ចិន ឬ សម្ព័ន្ធមិត្ត ហើយកាន់តែ​ហួសចិត្ត គឺកាណាដា ដែលជា​មិត្តស្លាប់រស់ ដៃគូពាណិជ្ជកម្ម​ដែលមិនអាច​ខ្វះបាន។​

លោកដូណាល់ ត្រាំ​បាននិយាយការពារ​នយោបាយ​ដំឡើងពន្ធ​លើទំនិញកាណាដា ថា ជានុយ ទាក់ទាញឲ្យ​កាណាដា​ត្រូវ​តែចូលរួមបង្រ្កាប ទប់ស្កាត់កុំ​ឲ្យ​​​គ្រឿងញៀន ហ្វង់តានីល និង​ជនអន្តោប្រវេសន៍ខុសច្បាប់ហូរចូលទៅ​ទឹកដីអាមេរិក។ ចំពោះលោកដូណាល់ ត្រាំ អត្រាពន្ធថ្មី​២៥%​លើទំនិញនាំចូលមកពីកាណាដា ត្រូវ​ចូលជាធរមាន តាមកាលកំណត់​ថ្ងៃទី ៤​មីនា ព្រោះថា កាណាដា​មិនបាន​ប្រឹងប្រែង​ដោះស្រាយ​បទល្មើសគ្រឿងញៀន​តាមការចង់បាន​ពីភាគីអាមេរិក។ នៅក្នុង​សុន្ទរកថា​វាយបកខ្លាំងៗ​ទៅកាន់រដ្ឋបាលលោកត្រាំ លោកនាយករដ្ឋមន្រ្តី​កាណាដា ហ្សូសទីន ទ្រុយដូ​បាន​និយាយ​ថា អាមេរិក​បានសម្រេចដំឡើងពន្ធ​ដោយ​ឯកតោភាគី ទោះបីជា​កាណាដាប្រឹងប្រយុទ្ធប្រឆាំង​ការជួញដូរគ្រឿងញៀន​ឆ្លងចូលទៅអាមេរិក​រហូតធ្លាក់ចុះ​ដល់អត្រាដ៏ទាប​នៅ​ឆ្នាំ២០២៤។

តើអ្នកណា​ខាត អ្នកណាចំណេញ? អាមេរិក ឬកាណាដា?​

តបនឹង​ការដំឡើងពន្ធរបស់អាមេរិក លោក ហ្សូសទីន​ ទ្រុយដូ ដែល​កាន់តំណែងជានាយករដ្ឋមន្រ្តីកាណាដារហូតដល់​ខែ​មីនានេះ បាន​ប្រកាស​ដំឡើងពន្ធសងសឹកវិញ។ បើតាម​ប្រមុខរដ្ឋាភិបាលកាណាដា ទំនិញអាមេរិកក្នុងទំហំទឹកប្រាក់​២០ពាន់លាន​ដុល្លារត្រូវជាប់ពន្ធថ្មី២៥%​របស់កាណាដាភ្លាមៗ ចំណែកទំនិញអាមេរិក​ជាង​១០៧ពាន់លានដុល្លារផ្សេងទៀត នឹងប្រឈម​ការដំឡើងពន្ធថ្មីរបស់កាណាដា​យ៉ាងយូរនៅ​ដើម​ខែ​មេសា។​

ដោយដំឡើងពន្ធដាក់គ្នា អាមេរិក និង​កាណាដាកំពុងបើកសង្រ្គាមពាណិជ្ជកម្មនឹងគ្នាដោយ​ចំពោះមុខ។ តើអ្នកណាខាត អ្នកណាចំណេញ? អាមេរិក ឬកាណាដា?​

ចំពោះ នាយករដ្ឋមន្រ្តីកាណាដា ច្បាស់ណាស់ថា នៅក្នុង​សង្រ្គាមពាណិជ្ជកម្មគ្មានអ្នកឈ្នះ ប៉ុន្តែមានតែអ្នកចាញ់។ អ្នកដែលខាតបង់​មុនគេ គឺប្រជាជនអាមេរិក និងកាណាដា ដែលជាអ្នកប្រើប្រាស់។ សង្រ្គាមពាណិជ្ជកម្ម​ដំឡើងពន្ធទៅវិញ ទៅមក​នឹង​ធ្វើ​ឲ្យ​ទំនិញឡើងថ្លៃ វិបត្តិអតិផរណា ការបាត់ការងារធ្វើ និងសេដ្ឋកិច្ច​ដើរថយក្រោយ។

បើមើលទំហំដោះដូរពាណិជ្ជកម្ម ដែលនៅក្នុងនោះ សេដ្ឋកិច្ច​របស់កាណាដា​ដល់ទៅ​៨០%​ពឹងផ្អែកលើការនាំចេញទំនិញទៅ​អាមេរិក គេ​អាច​និយាយ​បាន​ថា កាណាដា​នឹងរងគ្រោះប៉ះពាល់ខ្លាំង​ដោយសារនយោបាយដំឡើងពន្ធថ្មីរបស់​រដ្ឋបាលត្រាំ។ សេវា និងទំនិញអាមេរិក​នាំចូលទៅកាណាដា​ មានទំហំទឹកប្រាក់ ៣៤៩ពាន់លានដុល្លារ ខណៈដែល​កាណាដានាំចូលទំនិញ និង​សេវាកម្មទៅ​អាមេរិកមានប្រមាណ ៤១២ពាន់លាន​ដុល្លារ។ ការណ៍នេះធ្វើ​ឲ្យឱនភាពពាណិជ្ជកម្មអាមេរិកជាមួយ​កាណាដា​មានទំហំទឹកប្រាក់ ជាង ៦៣ពាន់លានដុល្លារ។

បើទោះជា​លោកដូណាល់ត្រាំនិយាយ​ថា អាមេរិកមិនត្រូវការកាណាដា ហើយកាណាដាជាប្រទេស​ពឹងផ្អែកខ្លាំងអាមេរិកក្តី តួលេខ​ពាណិជ្ជកម្ម​បង្ហាញផ្ទុយពីនេះ​ ព្រោះថា ១ភាគ៤នៃប្រេងដែលប្រជាជនអាមេរិកទិញប្រើប្រចាំថ្ងៃនាំចូលមកពីកាណាដា។ ៦០%នៃប្រេងឆៅអាមេរិកទិញនាំចូលមកពីកាណាដា។ ៨៥%នៃអគ្គិសនីនៅអាមេរិកនាំចូលពីកាណាដា។ កាណាដាក៏ជាប្រទេស​ផ្គត់ផ្គង់​ដែក អាលុយមីញ៉ូម និងអ៊ុយរ៉ានីញ៉ូមសំខាន់​ជាងគេ​របស់អាមេរិក។ កាណាដា​មាន​រ៉ែសំខាន់ៗជាង​៣០ប្រភេទ​ដែល​ក្រសួងការពារ​អាមេរិក​ចង់​វិនិយោគសម្រាប់​ហេតុផល​សន្តិសុខ​ជាតិ។ ចំពោះអ្នកជំនាញ វិស័យសំណង់​របស់អាមេរិក​នឹង​ប៉ះពាល់ដោយផ្ទាល់ បើសិន​អាមេរិករក្សា​ការដំឡើងពន្ធ​២៥%លើ​ដែក និងអាលុយមីញ៉ូម​កាណាដា​នៅ​ថ្ងៃពុធ​ទី ១២​មីនាខាងមុខ។

បើទោះលោកដូណាល់ត្រាំ អនុគ្រោះ​ដោយ​លើកថ្ងៃអនុវត្តពន្ធថ្មីលើ​ទំនិញកាណាដាមួយចំនួន ប៉ុន្តែ ភាគីកាណាដា​ប្រកាសនៅថ្ងៃព្រហស្បតិ៍កន្លងទៅថា កាណាដា​មិន​ប្តូរជំហរវិញទេ ដោយនៅបន្តយកពន្ធដដែល​លើ​ទំនិញនាំចូលពីអាមេរិក ដែលមានតាំងពីស្រា ទំនិញគ្រឿងបរិភោគមួយចំនួន។

អាជ្ញាធរ​ខេត្ត​Ontario បានអះអាងថា​នឹង​អនុវត្ត​ពន្ធថ្មីទៅលើ​អគ្គិសនី​ដែលអាមេរិក​ទិញពីកាណាដាសម្រាប់ផ្គត់ផ្គង់​ប្រជាជន​ជាង​១លាន​៥សែននាក់​នៅ​រដ្ឋ​បីជាប់ព្រំដែនជាមួយកាណាដា។ មួយវិញទៀត កាណាដា​កំពុងពិចារណា​លុបចោល​កិច្ចសន្យាទិញសេវាអ៊ីនធ័រនែត​តម្លៃ១០០លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ស្តាលីង​របស់អេឡុន ម៉ាស្ក៍។

តើអ្វីជាគោលដៅពិតប្រាកដនៃនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ​លើទំនិញកាណាដា?

នយោបាយដំឡើងពន្ធរបស់រដ្ឋបាល​អាមេរិក​ប្រៀបបាននឹង​ការវាយមួយដំបង​ដែល​ធ្វើ​ឲ្យកាណាដា​ភ្ញាក់ក្រញាងដឹងខ្លួន និងចងចាំទុកដឹងថា លោកដូណាល់ ត្រាំ​កំពុងធ្វើឲ្យអាមេរិក​ក្លាយជា​មិត្តទ្រុស្តមិត្ត។ បើតាមលោកនាយករដ្ឋមន្រ្តីកាណាដា កាណាដា​ជា​ប្រទេស​មិត្តដែល​បាន​ជួយ ចូលរួមជាមួយ​អាមេរិក​មិនថា ក្នុងគ្រាអាមេរិករងការវាយប្រហារ​របស់ក្រុមភេរវកម្ម។ កាណាដា​បានចូលរួមជាមួយអាមេរិក​ដើម្បីការពារសន្តិសុខ​ពិភពលោក រួមគ្នាជាមួយអាមេរិក​ការពារ​ប្រយោជន៍រួមនៅតំបន់អាក់ទិក។ កាណាដា​ជាអ្នកផ្គត់ផ្គង់​ថាមពល និងធនធានរ៉ែ​ឲ្យអាមេរិកច្រើនជាង​ដៃគូផ្សេងទៀត។ ដូច្នេះ អាមេរិក​មិនគួរ​បែរមកចាក់​មិត្ត​កាណាដា​ពីក្រោយខ្នង ដោយការដំឡើងពន្ធដ៏ច្រើនបែបនេះទេ។

ចំពោះលោកនាយករដ្ឋមន្រ្តីកាណាដា ហ្សូសទីន ទ្រុយដូរ ដោយដំឡើងពន្ធ​លើទំនិញនាំចូលពីកាណាដា លោកដូណាល់ ត្រាំចង់​បំបាក់​សេដ្ឋកិច្ច​របស់កាណាដាឲ្យធ្លាក់ចុះខ្សោយ។ លោកដូណាល់ ត្រាំ​នឹង​អាចសម្រេចគោលបំណងដែលចង់​យក​កាណាដា​ធ្វើជា​រដ្ឋទី​៥១​របស់អាមេរិក។ លោកដូណាល់ ត្រាំ​បាន​និយាយម្តងហើយ ម្តងទៀត ដោយគ្មានអៀនមាត់ដោយថា កាណាដា​នៅថ្ងៃណាមួយនឹង​ក្លាយជា​រដ្ឋទី​៥១​របស់អាមេរិក។ នៅក្នុងសារ​វាយបកនឹង​ការប្រកាស​ដំឡើងពន្ធ​សងសឹករបស់កាណាដានៅសប្តាហ៍មុន លោក​ដូណាល់ ត្រាំ​នៅបានហៅនាយករដ្ឋមន្រ្តី​លោកទ្រុយដូថា ជាអភិបាល​រដ្ឋ របស់អាមេរិកថែមទៀត។ ចំពោះប្រជាជនកាណាដានេះជាការប្រមាថ គ្មានការគោរព​ចំពោះកាណាដាទាល់តែសោះ។

ចង់ ឬមិនចង់ នយោបាយដំឡើងពន្ធ​លើទំនិញកាណាដា និង​មហិច្ឆតារបស់លោកដូណាល់ ត្រាំ​ចង់​យក​កាណាដា​ជារដ្ឋថ្មីមួយទៀតរបស់អាមេរិក​បានជំរុញបំផុស​ឲ្យគំនិតស្នេហាជាតិនិយមកាន់តែផុសផុលខ្លាំងឡើង​ក្នុងចំណោម​ប្រជាជនកាណាដា។ តាំងពី​លោកដូណាល់ ត្រាំ​លែងលាក់លៀម​មហិច្ឆតា​ចង់​ភ្ជាប់កាណាដា​ចូល​ទឹកដីអាមេរិក ប្រជាជន​កាណាដាចាប់នាំគ្នា​ធ្វើពហិកា មិនទិញទំនិញអាមេរិក និង​បន្ថយ​ដំណើរទេសចរណ៍​នៅសហរដ្ឋអាមេរិក។ នេះជាការខាតបង់មួយចំពោះអាមេរិក ព្រោះថា អ្នកទេសចរកាណាដា​ចំណាយប្រមាណ២០ពាន់លានដុល្លារនៅពេល​ទៅកំសាន្តនៅអាមេរិកកាលពីឆ្នាំ​២០២៤។ ប្រជាជនកាណាដា​អះអាងថា ពួកគេ​មិនចង់បាន​សង្រ្គាមពាណិជ្ជកម្ម​ ប៉ុន្តែ លោកដូណាល់ ត្រាំជាអ្នកចាប់ផ្តើមមុន។ ដូច្នេះ ពួកគេ​ប្តេជ្ញា​ស្រាក់ដៃគ្នា​ តស៊ូ​ទ្រាំលំបាកក្នុងគ្រា​សេដ្ឋកិច្ចកាណាដា​នឹង​​រួមរឹតខ្លាំងដោយសាររនាំងពន្ធគយ។ សុខចិត្ត​លំបាក ​ប៉ុន្តែ មិនព្រមចុះចាញ់ដាច់ខាតនឹងការដាក់សម្ពាធពីប្រធានាធិបតីដូណាល់ ត្រាំ ដែលសម្លឹងចង់បានកាណាដា​ជាអាណារដ្ឋថ្មីទី​៥១របស់អាមេរិក៕