Jul 03 2022 5 mins
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឲ្យពលរដ្ឋដែលមានលទ្ធភាព ងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ជំនួសយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ លោកបានថ្លែងដូច្នេះ ក្នុងពេលដែលពិភពលោកទាំងមូល កំពុងប្រឈមនឹងការឡើងថ្លៃនៃប្រេង ដោយសារតែសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ បើតាមលោក ហ៊ុន សែន ការប្រើប្រាស់យានយន្តអគ្គិសនីនឹងអាចជួយឲ្យពលរដ្ឋកាត់បន្ថយការចំណាយលើថ្លៃប្រេងសាំងបាន។ តើការប្រើប្រាស់យានយន្តអគ្គិសនី ពិតជាចំណេញជាងមែនឬ? ហើយថាតើកម្ពុជាមានលក្ខខណ្ឌអំណោយផលប៉ុនណ្ណាសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនី?
បើទោះបីជាកម្ពុជាមិនទាន់ជួបវិបត្តិខ្វះប្រេងប្រើប្រាស់ដូចប្រទេសមួយចំនួនក្ដី ប៉ុន្តែលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន យល់ឃើញថា វាល្មមដល់ពេលដែលប្រជាពលរដ្ឋខ្មែរ ត្រូវគិតគូរអំពីការផ្លាស់ប្ដូរយានយន្តដែលប្រើប្រាស់ប្រេង ទៅប្រើយានយន្តដែលដើរដោយថាមពលអគ្គិសនី។ នោះក៏ព្រោះតែប្រេងឥន្ធនៈនឹងនៅតែមានតម្លៃខ្ពស់ ឬអាចនឹងបន្តឡើងថ្លៃទៀត ខណៈសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅតែបន្តអូសបន្លាយ ដោយគ្មានបង្ហាញសញ្ញាថា នឹងអាចបិទបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះឡើយ។
បើនិយាយអំពីការជំរុញឲ្យប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនី ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា បានចាប់ផ្ដើមធ្វើការងារនេះតាំងពីមុនពេលដែលមានបញ្ហាឡើងថ្លៃប្រេងសាំងមកម្ល៉េះ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានបង្ហាញពីមោទកភាពចំពោះកំណើននៃការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ មានការចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៨៤គ្រឿង ដែលចំនួននេះ កើនឡើងជាង៨០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានការចុះបញ្ជីយានយន្តអគ្គិសនីតែចំនួន៦គ្រឿងប៉ុណ្ណោះ។
ហេតុអ្វីបានជាពលរដ្ឋខ្មែរ ដែលមានលទ្ធភាព គួរតែពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី?
ការប្រើប្រាស់យានយន្តអគ្គិសនី តិចឬច្រើន វាពិតជាអាចជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ក្នុងពេលដែលតម្លៃប្រេងសាំងនៅកម្ពុជា និយាយដោយឡែក និងនៅទូទាំងពិភពលោក និយាយជារួម កំពុងឡើងថ្លៃ។ នៅកម្ពុជា បើតាមការគូសបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូន ការបញ្ចូលថាមពលអគ្គិសនីយានយន្តក្នុងតម្លៃ៤ដុល្លារ អាចធ្វើដំណើរបាន១០០គីឡូម៉ែត្រ ខណៈការចាក់ប្រេងឥន្ធនៈយានយន្ត ត្រូវចំណាយជាង១០ដុល្លារ ឬលើសពីនេះ។
ទន្ទឹមគ្នានេះ ពន្ធនិងអាករនាំចូលរថយន្តដើរដោយថាមពលអគ្គិសនី ទទួលបានការអនុគ្រោះពីរដ្ឋាភិបាលកម្ពុជា ដោយកំណត់យកត្រឹម៦៣ភាគរយប៉ុណ្ណោះ ខណៈរថយន្តប្រើសាំង ជាប់ពន្ធអាករជាមធ្យមចំនួន១២០ភាគរយ។
មួយវិញទៀត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ជានិន្នាការសកល ដែលបណ្ដាប្រទេសផ្សេងៗទៀតកំពុងរុញច្រានឲ្យទៅមុខ ដើម្បីជួយដល់បរិស្ថានភពផែនដី។ ជាក់ស្ដែងគណៈកម្មការអឺរ៉ុប ទើបតែសម្រេចកាលពីថ្ងៃទី២៧មិថុនាឆ្នាំ២០២២កន្លងទៅ កំណត់វិធានការហាមឃាត់នូវរថយន្តដែលបំពាក់ដោយម៉ាស៊ីនប្រើប្រេងសាំង ប្រេងម៉ាស៊ូត និងរថយន្តហាយប្រ៊ីដ Hybride ចាប់ពីឆ្នាំ២០៣៥តទៅ។ គ្រប់រថយន្តផលិតថ្មី លក់នៅលើទីផ្សារអឺរ៉ុបទាំងអស់ គឺត្រូវតែជារថយន្តអគ្គិសនីទាំងស្រុង១០០ភាគរយ។ ចំណែករដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេលវែង ស្ដីពីអព្យាក្រឹត្យកាបូនឆ្នាំ២០៥០ ដោយជំរុញឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០ភាគរយ និងម៉ូតូអគ្គិសនីក្នុងអត្រា៧០ភាគរយ។
សរុបមកវិញ ការប្រើប្រាស់យានយន្តអគ្គិសនី មិនត្រឹមតែផ្ដល់ផលចំណេញសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអ្នកប្រើប្រាស់ក៏អាចរួមចំណែកជួយដល់បរិស្ថានភពផែនដីផងដែរ។ ដ្បិតតែមានផលចំណេញ ប៉ុន្តែកម្ពុជានៅមិនទាន់មានលក្ខខណ្ឌអំណោយផលល្អសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនីនៅឡើយទេ។ នោះក៏ព្រោះតែកម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការនៃយានយន្តអគ្គិសនី ដូចជាកន្លែងផ្ដល់សេវាកម្ម គ្រឿងបន្លាស់ កម្មករជំនាញ និងកន្លែងបន្សល់ថ្ម។ ចំណែកវិសាលភាពនៃស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅកម្ពុជាទៀតសោត ក៏នៅមានកម្រិត ពុំទាន់មានលក្ខណៈទូលំទូលាយ។
យ៉ាងណាក៏ដោយ ដើម្បីជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងប្រឹងប្រែងខ្លាំងណាស់ ក្នុងការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅកម្ពុជា។ ក្នុងនោះ ក្រសួងកំពុងបន្តស្វែងរកកិច្ចសហការពីក្រុមហ៊ុនប្រេងឥន្ធនៈធំៗនៅកម្ពុជា ក្នុងការបំពាក់ឧបករណ៍សម្ភារៈបញ្ជូលថាមពលយានយន្តអគ្គិសនីឲ្យបានច្រើន។ រហូតមកទល់ពេលនេះ កម្ពុជាមានគម្រោងដំឡើងស្ថាននីយសាកថ្មយានយន្តនៅរាជធានីភ្នំពេញចំនួន១០កន្លែង តាមបណ្ដោយផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុចំនួន២កន្លែង និងនៅតាមផ្លូវជាតិសំខាន់ៗមួយចំនួនទៀតដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ជាដើម៕