ហេតុអ្វីបានជាសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនមិនទុកចិត្តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ?


Episode Artwork
1.0x
0% played 00:00 00:00
Jul 18 2022

រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ត្រូវកម្ពុជាធ្វើវិសោធនកម្មលើកទី១០ នៅខែកក្កដា ឆ្នាំ២០២២នេះ។ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជា​ការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះឡើយ។ តើហេតុអ្វីបានជាដូច្នេះ?

វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធ្វើឡើងដោយកែប្រែមាត្រាចំនួន៦ និងចែងបន្ថែមថ្មីចំនួន២មាត្រា។ មាត្រាទាំងនោះ រួមមាន៖ មាត្រា១៩ថ្មី មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ មាត្រា១១៩ថ្មី និងមាត្រា១២៥ រួមនឹងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលមាត្រាទាំងនេះ ពាក់ព័ន្ធនឹងការតែងតាំងនាយករដ្ឋមន្ត្រី និងដំណើរការក្នុងរដ្ឋសភា។

លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជា​ការបំពេញបន្ថែមនូវចន្លោះ​ខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ និងថា ការណ៍ដែលកម្ពុជាកែរដ្ឋធម្មនុញ្ញ គឺក្នុងគោលបំណងធ្វើយ៉ាងណាឲ្យច្បាប់កំពូលរបស់ប្រទេសនេះ មានភាពពេញលេញល្អជាងមុន មិនខុសពីប្រទេសផ្សេងៗនោះទេ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំង​នឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីសំណាក់​រដ្ឋាភិបាលកម្ពុជានាពេលនេះ។ ហេតុអ្វី?

ដើម្បីឆ្លើយនឹងសំណួរនេះ គេគួរបង្វិលពេលវេលាទៅក្រោយ ទៅមើលវិសោធនកម្មមុនៗនៃរដ្ឋធម្មនុញ្ញកម្ពុជា។ នៅក្នុងឆ្នាំ១៩៩៩ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានធ្វើឡើងដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា។ ការបង្កើតស្ថាប័ន ព្រឹទ្ធសភាកាលណោះ បានជួយស្រោចស្រង់វិបត្តិនយោបាយនៅកម្ពុជា ដែលជាប់គាំងដោយសារតែគណបក្ស រាជានិយមហ្វ៊ុនស៊ីនប៉ិច និងគណបក្សប្រជាជនកម្ពុជា មិនអាចចែកអំណាចគ្នាបាន ក្រោយការបោះឆ្នោតជាតិ ឆ្នាំ១៩៩៨។

លុះមកដល់ឆ្នាំ២០០៣ ការជាប់គាំងនយោបាយបានកើតឡើងម្ដងទៀត ហើយវិបត្តិលើកនេះស៊ីពេលដល់ទៅជិត មួយឆ្នាំ។ ដើម្បីទម្លុះទម្លាយការជាប់គាំងនយោបាយ វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងម្ដងទៀតនៅឆ្នាំ២០០៦ ផ្លាស់ប្ដូរពីការអនុម័តដើម្បីបង្កើតរដ្ឋាភិបាលថ្មីដោយសំឡេង២ភាគ៣ មកជាសំឡេងភាគច្រើនដាច់ខាត ឬ៥០%បូក១។

ចំណែកវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក៏បានជំរុញឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ។ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកនោះ ធ្វើឡើងក្នុងឆ្នាំ២០១៤ ដើម្បីផ្តល់​ធម្មនុញ្ញភាព​ដល់​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការឆ្នោត​ ស្របតាមគណបក្សនយោបាយដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត ចំនួន២ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ នោះគឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលកាលណោះនៅជាគណបក្សប្រឆាំង និងដែលមិនទាន់ត្រូវតុលាការរំលាយចោល​នៅឡើយ។

ដោយឡែក វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩ ធ្វើឡើងកាលពីចុងឆ្នាំ២០២១ ដើម្បី​រឹតបន្តឹង​បន្ថែម​លើ​តំណែងអ្នក​ដឹកនាំ​កំពូលៗ​ចំនួន៤ គឺ​នៅ​រដ្ឋាភិបាល​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ វិសោធនកម្ម​ថ្មី​នេះ​ កំណត់​ថា ​ប្រធាន​ព្រឹទ្ធសភា ​ប្រធាន​រដ្ឋសភា ​នាយក​រដ្ឋមន្ត្រី ​និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ។

សម្រាប់ប្រជាពលរដ្ឋអ្នកតាមដាននយោបាយ អ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួន ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញនៅកម្ពុជា ដូចដែលបានលើកឡើងអម្បាញ់មិញនេះ ដ្បិតតែមានភាពត្រឹមត្រូវតាមផ្លូវច្បាប់ ប៉ុន្តែសុទ្ធតែធ្វើឡើងក្រោមហេតុផលនយោបាយ។ ជាភាពចាំបាច់ផ្នែកនយោបាយ ជាប្រតិកម្មចំពោះនយោបាយ ឬការសម្របសម្រួលនយោបាយ។ បើពុំដូច្នោះទេ គឺធ្វើឡើងក្រោមឥទ្ធិពលនយោបាយ ឬកំហឹងនយោបាយ និងពុំបានឆ្លុះបញ្ចាំងពី​ឆន្ទៈ​របស់ប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ។

គឺដោយសារតែហេតុនេះហើយ ទើបបានជាវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ នៅបន្តស្ថិតក្នុងស្រមោល នៃក្ដីសង្ស័យពីសំណាក់ប្រជាពលរដ្ឋ អ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួន។ សម្រាប់ពួកគេ ដូចលើកមុនៗដែរ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ ធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នៃមនុស្សមួយក្រុមតែប៉ុណ្ណោះ។ លើសពីនេះ វាថែមទាំងធ្វើឲ្យរដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋ មានអំណាចខ្សោយជាងមុនថែមទៀត។

រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស និងត្រូវតែមានភាពបត់បែន ស្របតាមសេចក្ដីត្រូវការនិងការវិវត្តរបស់សង្គម​ជាតិ។ គឺដោយហេតុនេះហើយ ទើបរដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យមានការធ្វើវិសោធនកម្ម។ ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នៅ​ពេល​ប្រទេស​ជាតិឋិត​ក្នុង​ភាព​អាសន្នទេ​។ ហើយការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ មិន​អាច​ធ្វើ​បាន​ឡើយ​កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ។ នេះគឺជាគោលការណ៍គ្រឹះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

បើមើលពីទិដ្ឋភាពច្បាប់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាទាំង១០លើកនៅកម្ពុជា គឺធ្វើឡើងយ៉ាងត្រឹមត្រូវ ដោយគ្មាននរណាអាចប្រកែកបានឡើយ។ ប៉ុន្តែបើមើលពីទិដ្ឋភាពនយោបាយវិញ ជារឿយៗ ការធ្វើវិសោធនកម្ម ត្រូវបានចោទប្រកាន់ថា ជាការឆ្លើយតបទៅនឹងភាព​ចាំបាច់​ខាងផ្នែក​នយោបាយ​ ជាជាង​ភាពចាំបាច់​ផ្លូវ​ច្បាប់​ ដែលនេះ វាបានបង្កើតឲ្យមានវិបត្តិធម្មនុញ្ញនៅកម្ពុជា។

វិបត្តិធម្មនុញ្ញនៅកម្ពុជា អាចបិទបញ្ចប់បាន នៅពេលកម្ពុជា មានក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ​ពិតប្រាក។ គឺមានតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​តែមួយគត់​ដែលជា​អ្នក​បកស្រាយ​​ផ្លូវការ​និង​បិទផ្លូវ​តវ៉ា។ ​មានន័យថា បើ​ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​បែបណា ទាំងអស់​គ្នា​ត្រូវតែ​ទទួលយក​និង​អនុវត្ត​ទៅតាម​នោះ។ ការបកស្រាយ​ផ្ទុយ​ពីនេះ​គ្មាន​តម្លៃ​ខាង​ផ្លូវច្បាប់​ឡើយ។

ប៉ុន្តែ បញ្ហា​នៅត្រង់ថា ដោយសារតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវគេ​មើលឃើញថា ​លម្អៀង​ទៅរក​បក្ស​កាន់អំណាច ហេតុ​ដូច្នេះហើយ​បានជា​ការបកស្រាយ​រប​ស់​ស្ថាប័ន​នេះ ​មិន​ត្រូវបាន​នយោបាយប្រឆាំង​​ឬ​ក្រុម​សង្គមស៊ីវិលមួយចំនួន​ទទួលយក​ឡើយ ពី​ព្រោះ​ពួកគេ​ចាត់ទុក​ការបកស្រាយ​នោះ​ថា ​មាន​ចរិត​ការពារ​បក្ស​កាន់អំណាច។ ដូច្នេះ មិន​ខុសពី​ប្រព័ន្ធតុលាការ​ទេ ការធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ​ពិតប្រាកដ គឺជា​គន្លឹះ​តែមួយគត់​ឈានទៅ​បំបាត់​វិបត្តិ​ធម្មនុញ្ញ​នៅ​កម្ពុជា។

តើ​ពេលណា​ទើប​កម្ពុ​ជាមាន​ស្ថាប័ន​ជាតិកំពូលៗបែងចែក​ដាច់ពីគ្នា​ដោយ​មិន​ចំណុះ​ឲ្យ​បក្ស​នយោបាយ​? ផ្លូវ​ទៅកាន់​គោលដៅ​នេះ​ជិត​ឬ​ឆ្ងាយ​អាស្រ័យ​លើ​ឆន្ទៈ​របស់​អ្នក​នយោបាយ ​​ដែល​ត្រូវ​ថ្លឹងថ្លែង​រវាង​ប្រយោជន៍​នយោបាយ​និង​ប្រយោជន៍​ជាតិ៕