Aug 08 2022 5 mins
ជារឿងដ៏ចម្លែក នៅពេលដែលលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ និងដែលតែងតែរិះគន់ បរិហារ និងថ្កោលទោសរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ស្រាប់តែផ្ញើសារជូនពរលោក ហ៊ុន សែន។ ជាសារជូនពរលោក ហ៊ុន សែន នាឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចម្រើនវ័យបាន៧០ឆ្នាំ កាលពីថ្ងៃទី០៥ខែសីហាសប្ដាហ៍មុន។ សាររបស់លោក សម រង្ស៊ី បើពិនិត្យមើលឲ្យច្បាស់ទៅ ពុំមានភាពស្មោះត្រង់ទេ តែវាបង្កប់ទៅដោយន័យនយោបាយ ដៀមដាមដល់អ្នកនយោបាយខ្មែរវ័យចំណាស់។ អ្នកនយោបាយខ្មែរវ័យចំណាស់ ដែលលោក សម រង្ស៊ី ប្រាប់ឲ្យឈប់ក្រាញអំណាច ហើយនាំគ្នាចូលនិវត្តន៍ចាប់ពីអាយុ៧០ឡើងទៅ។
មែនទែនទៅ វាមិនមែនជាលើកទីមួយទេ ដែលលោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងចាស់វស្សា ស្នើឲ្យមានការរៀបចំច្បាប់ ដើម្បីឲ្យអ្នកនយោបាយខ្មែរ ចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ។ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក សម រង្ស៊ី បានបង្ហោះលិខិតមួយច្បាប់ លើបណ្ដាញសង្គមផ្លូវការរបស់លោក ស្នើឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បង្កើតច្បាប់ឲ្យនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ ចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ។
នៅក្នុងលិខិតនោះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ពន្យល់ថា ច្បាប់ដែលលោកស្នើនេះ ចាំបាច់ណាស់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិគ្រប់ជាន់ថ្នាក់។
ងាកមកលិខិតចុងក្រោយរបស់លោក សម រង្ស៊ី កាលពីថ្ងៃសុក្រ ទី០៥ ខែសីហា ថ្មីៗនេះវិញ។ ដ្បិតតែមានអត្ថន័យដូចគ្នាទៅនឹងលិខិតកាលពីឆ្នាំ២០២១ ប៉ុន្តែការណ៍ដែលលោក សម រង្ស៊ី ភ្ជាប់រឿងនេះ ទៅនឹងឱកាសខួបកំណើតវ័យ៧០ឆ្នាំរបស់លោក ហ៊ុន សែន វាមានន័យឌឺដងចំពោះលោក ហ៊ុន សែន និងជាការចាក់សាំងលើរងើកភ្លើងដែលសឹងតែស្ងប់ទៅហើយ។
គិតត្រឹមឆ្នាំ២០២២នេះ លោក ហ៊ុន សែន មានវ័យ៧០ឆ្នាំ។ លោកជាមេដឹកនាំដែលកាន់តំណែងយូរបំផុតម្នាក់ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយបានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាតាំងពីឆ្នាំ១៩៨៥មក។ បើទោះបីជាកាន់តំណែងជាមេដឹកនាំកម្ពុជា ជិត៤ទសវត្សហើយក៏ដោយ ក៏លោក ហ៊ុន សែន នៅតែប្រកាន់ជំហរបន្តដឹកនាំកម្ពុជាតទៅទៀត ប្រសិនបើសុខភាពរបស់លោកនៅតែអំណោយផល។
ចំពោះសំណើរបស់លោកសម រង្ស៊ី មែនទែនទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានឆ្លើយតបរួចទៅហើយ។ កាលពីឆ្នាំ២០២១ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងស្នើច្បាប់ដើម្បីកំណត់អាយុរបស់នាយករដ្ឋមន្ដ្រី ត្រឹម៧០ឆ្នាំ ទៅតាមការចង់បានរបស់គូប្រជែងនយោបាយរបស់លោក ដែលកំពុងរស់នៅឯក្រៅប្រទេស។ គូប្រជែងនយោបាយរបស់លោក ហ៊ុន សែន ដែលលោកមិនហៅឈ្មោះឲ្យចំនោះ គឺគ្មាននរណាក្រៅតែពី លោក សម រង្ស៊ី ឡើយ។
ពីខាងលោក សម រង្ស៊ី ឯណោះវិញ។ លិខិតចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានលើកឡើងពីការពិតមួយប្រកែកមិនបាន។ នោះគឺ នៅកម្ពុជា មានមន្ដ្រីក្នុងមុខងារសាធារណៈច្រើនណាស់ ដែលនៅកាន់តំណែងនៅឡើយ បើទោះបីជាមានវ័យដល់៧០ឆ្នាំ ឬលើសពីនេះហើយក៏ដោយ។ ការណ៍នេះ បើតាមលោក សម រង្ស៊ី វាធ្វើឲ្យជាប់គាំងដល់ការវិវត្តន៍នៃមុខងាររបស់យុវជន។ យុវជនជំនាន់ក្រោយ ដែលមិនអាចឡើងបុណ្យសក្តិបាន ពីព្រោះចាស់ៗនៅខាងលើ ក្រាញអំណាច មិនព្រមដកខ្លួនចេញពីតំណែង បើទោះបីជាពួកគាត់ថយចុះកម្លាំងកាយ និងកម្លាំងប្រាជ្ញាក៏ដោយចុះ។
ជាការពិត ការលើកឡើងរបស់លោក សម រង្ស៊ី ដូច្នេះ មិនខុសទេ។ ប៉ុន្តែវាក៏មិនត្រូវទាំងស្រុងដែរ។ គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាអ្នកដឹកនាំ បានត្រៀមជើងព្រួលរួចរាល់យូរក្រែលដែរហើយ ក្នុងការបណ្ដុះបណ្ដាលអ្នកបន្តវេនរបស់ខ្លួន។ ជាក់ស្ដែង គណបក្សប្រជាជន បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ ជ្រើសរើសលោក ហ៊ុន ម៉ាណែត វ័យ៤៤ឆ្នាំ ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ឲ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេលអនាគត។ បើតាមការគូសបញ្ជាក់ពីគណប្រជាជន ការបណ្ដុះបណ្ដាលអ្នកបន្តវេនរបស់គណបក្សនេះ មិនមែនធ្វើឡើងត្រឹមជំនាន់ទី២ទេ ប៉ុន្តែកំពុងបណ្ដុះដល់ជំនាន់ទី៣ថែមទៀត។
ទាំងនេះ គឺជាការត្រៀមខ្លួនរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ ចុះគណបក្សដទៃទៀត បានគូសវាសផែនការយុទ្ធសាស្ត្រអ្វីខ្លះហើយ សម្រាប់ពេលអនាគត?
ប្រសិនបើកម្ពុជា នាពេលអនាគត នឹងរៀបចំច្បាប់កំណត់អាយុចូលវិវត្តន៍របស់អ្នកនយោបាយ ចាប់ពី៧០ឡើងទៅ តើគណបក្សនយោបាយដទៃទៀត រួមទាំងគណបក្សដែលមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាចផងនោះ មានអ្នកបន្តវេនប្រកបដោយសក្ដានុពលហើយឬនៅ? មួយវិញទៀត លោក សម រង្ស៊ី ត្រូវដឹងថា នៅពេលដែលកម្ពុជារៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍តាមសំណើរបស់លោក នោះវាមិនត្រឹមតែបិទបញ្ចប់ជីវិតនយោបាយរបស់លោក ហ៊ុន សែន ដែលជាគូប្រជែងរបស់លោក សម រង្ស៊ីទេ។ ប៉ុន្តែជីវិតនយោបាយរបស់លោក សម រង្ស៊ី ខ្លួនឯងក៏ត្រូវចប់ដូចគ្នាដែរ ខណៈដែលលោក សម រង្ស៊ី មានវ័យ៧៣ឆ្នាំទៅហើយ៕