នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លាយជាហានិភ័យសម្រាប់សង្គមខ្មែរ


Episode Artwork
1.0x
0% played 00:00 00:00
Aug 28 2022 6 mins  

ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​ ព្រម​ទាំង​ជំនឿ​លើ​លទ្ធិ​ឥត​មូលដ្ឋាន​ផ្សេង​ៗ​ទៀត​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយដែល​គ្មាន​ឫស​គល់ និង​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ច្បាស់​លាស់ គឺ​ជា​ហានិភ័យ​មួយ សម្រាប់ពលរដ្ឋ និង​សង្គម​ជាតិ ប្រសិន​​បើ​ការ​ជឿ​នោះ ​មិន​បានឆ្លង​កាត់​ការ​​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ​នោះ​។

ជំនឿ​អរូបិយ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​យូរ​ជាងការ​ចូល​មក​ដល់​នៃ​ព្រហ្មញ្ញ​សាសនា និង ព្រះ​ពុទ្ធ​សាសនា​ទៅ​ទៀត​។ ជន​ជាតិ​ខ្មែរ​ដើម មាន​ជំនឿ​លើ​កម្លាំង​ក្រៅ​ធម្មជាតិ និង កម្លាំង​ក្រៅ​ខ្លួន ​ដែល​ជាទូទៅ​គោរព​បូជា​វត្ថុ​អរូប​ដូច​ជា អាទិទេព ទេវតា អារុក្ខ​អារក្ស និង​អ្នក​តា​នានា​។

អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ជំនឿ​អរូបិយ​នៅ​ក្នុង​សង្គម​ខ្មែរ​មិន​ធ្លាប់​ឃ្លាត​ចាក​ទៅ​ណា​ទេ​។ ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ ​នៅ​តែ​មាន​ជំនឿ​លើ​រឿង​អរូបិយ​ដដែល​។ សត្វ​ជ្រូក​ជើង​ប្រាំ សត្វ​គោ​ក្បាល​ពីរ និង​ភាព​មិន​ប្រក្រតី​ខុស​ធម្មជាតិ​ផ្សេង​ៗ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ផ្អើល​អុជ​ទៀន​ធូប​គោរព​បូជា​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ករណី​ខ្លះ​ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​ចុះ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ទៀត​ផង​។ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​រឿង​អរូបិយ ករណី​ចម្លែក​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​បារមី​​​សក្តិសិទ្ធ​ខ្លាំង​ពូកែ​ចូល​សន្ធិត។ ហើយ​ការ​អុជទៀន​ធូប​គោរព​បូជា​នានា នឹង​នាំ​មក​នូវ​លាភ​សំណាង​ដល់​ពួក​គេ​។ នេះ​ជា​រឿង​មួយ។

ក្រៅ​ពី​ជំនឿ​លើ​ភាព​មិន​ប្រក្រតី​នៃ​ធម្មជាតិ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ថែម​ទាំង​មាន​ជំនឿ​លើ​​​អាគម​អរូបិយ និង​សិល្ប៍​សាស្ត្រវិទ្យាការ​ផ្សេង​ៗ​​ទៀត​ផង​។ ជំនឿ​នេះ​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ទៅ​រក​គ្រូ​ទាយ៖ ខ្លះ​ដើម្បី​ជោគ​សំណាងក្នុង​ការងារ​មុខ​របរ ខ្លះ​ដើម្បី​រំដោះ​គ្រោះ​អាក្រក់ ហើយ​ខ្លះ​ទៀត​ទៅ​រក​គ្រូ​ទាយ ដើម្បី​ភាព​សម​បំណង​ក្នុង​រឿង​ស្នេហា​ជា​ដើម​។

ជា​ការ​កត់​សម្គាល់ ជំនឿ​លើ​រឿង​អរូបិយ បារមី​សក្តិសិទ្ធ​អស់​ទាំង​នេះ មិន​មែន​មាន​តែនៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​តាម​ជនបទ ដែល​មាន​ចំណេះដឹង​ទាប ខ្វះទី​ពឹង​ពំនាក់​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយនោះ​ទេ ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន ជាពិសេស​អ្នក​ដែល​ប្រកប​មុខ​របរ​រក​ស៊ី អ្នក​នយោបាយ និង​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ដែល​មាន​តំណែង​ខ្ពស់​មួយ​ចំនួន ក៏​ជឿ​លើ​រឿង​ទាំង​នេះ​ដែរ​។

ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ការ​​​ជឿជាក់​ទៅ​​​​លើ​អារុក្ខ​អារក្ស​អ្នក​តា ឬ​ដាក់​ចិត្ត​ដាក់​ថ្លើម​ជឿ​ទៅ​លើ​គ្រូ​បារ្យ​អាចារ្យ​ណា​មួយ គឺ​ជា​ជំនឿ​ដូច​គ្នា​នឹង​ការ​បូជា​ចំពោះ​ព្រះ​ព្រហ្ម ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា ឬ​ការ​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ដូច្នោះ​ដែរ​។ ការ​មិន​ជឿ​លើ​សាសនា ឬ លទ្ធិ​ណា​មួយ​សោះ ក៏​ជា​សិទ្ធិ និង​ជា​ជំនឿ​មួយ​ប្រភេទ​ដែរ​។

បើ​ទោះ​បី​ជា​វា​ជា​សិទ្ធិ​សេរីភាពរៀង​​ៗខ្លួន​​ក៏​ដោយ ក៏​ពលរដ្ឋ​​ម្នាក់​ៗ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ដោយ​ចំពោះ​ជំនឿ​អរូបិយ​តែ​ម្ដង ព្រោះ​ខុស​ពី​សាសនា​ផ្សេង​ៗ ជំនឿ​អរូបិយ​ជា​ទូទៅ​ត្រូវ​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​តាម​រយៈ​បុគ្គល​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ ដើម្បី​​វាស់ស្ទង់​​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ឡើយ​។ ភាព​មិន​ច្បាស់​លាស់​ និង​ជំនឿ​ងប់​ងល់​របស់​ពលរដ្ឋ ផ្ដល់​ឱកាស​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​បោក​បញ្ឆោត​របស់​បុគ្គល​មួយ​ចំនួន​។

នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ជឿ​លើ​វោហាសាស្ត្រ​របស់​អតីត​អ្នក​នយោបាយ​មួយ​រូប ប្រជាពលរដ្ឋ​ជា​ច្រើន ទាំង​នៅ​ក្រៅ​ស្រុក និង​ជា​ពិសេស​បង​ប្អូន​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នាំ​គ្នា​វេច​បង្វិច​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​តម្រង់​ទៅ​ខេត្ត​សៀមរាប​។ ជា​ទីកន្លែង​តែ​មួយ​គត់​​ដែលអតីត​អ្នក​នយោបាយ គឺ​​លោក ខឹម វាសនា អះអាង​ថា នឹង​រួច​ផុត​ពី​អាសន្ន​ទឹក​លិច​ភព​ផែន​ដី​។ វោហាសាស្ត្រ​របស់​លោក ខឹម វាសនា ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​លោក​។ ប៉ុន្តែ​សិទ្ធិ​បញ្ចេញ​មតិ​នេះ វា​កំពុងបង្ក​ជា​បញ្ហា​ដល់​សង្គម​ជាតិ​ខ្មែរ ព្រោះ​សូម​កុំ​ភ្លេច​ថា ពលរដ្ឋ​ខ្មែរ​ដែល​ជឿ​លើ​ការ​អះអាង​របស់​លោក ខឹម វាសនា ហើយ​នាំ​គ្នាធ្វើ​មាតុភូមិ​និវត្តន៍ នឹង​មិន​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បាន​ទេ​។ សំខាន់​ជាង​នេះ វា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ដែល​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ ហើយ​ស្រាប់​តែ​វិល​ត្រឡប់​មក​វិញ​ទាំង​មិន​ទាន់​ចប់​កុងត្រា​។​

ក្រៅ​ពី​រឿង​លោក ខឹម វាសនា គេ​ធ្លាប់​ឃើញ​មាន​ឧទាហរណ៍​ជា​ច្រើន​ទៀត ​ជុំ​វិញ​ករណី​បុគ្គល​មួយ​ចំនួន ដែលឆ្លៀត​ឱកាស​យក​ជំនឿ​អរូបិយ​របស់​ពលរដ្ឋ មក​ធ្វើ​អាជីវកម្ម​ស្វែង​រក​ផល​ប្រយោជន៍​បំពេញ​កិលេស​ផ្ទាល់​ខ្លួន។ ជាក់​ស្ដែង​ដូច​ជា​ករណី​អតីត​​ចៅ​អធិការ​វត្ត​ស្រះ​ចក នេត ខៃ ដែល​បាន​លួច​ថត​រូប​អាស​អាភាស​របស់​ស្ដ្រី​មិន​តិច​ជាង​៦០០​នាក់​ឡើយ នៅ​ពេល​ពួក​គេ​មក​​ស្រោច​ទឹក​មន្ត​នៅ​វត្ត​ស្រះ​ចក។ និង​ករណី បុរស​ឈ្មោះ​ធាន វុទ្ធី ដែល​តាំង​ខ្លួន​ឯង​ជា​ព្រះ​សិអារ្យ​មេត្រិយ៍ ស្លៀក​ស ពាក់​ស នៅ​វត្ត​ទួល​ព្រះ​រាជា ហើយ​បង្គាប់​ឲ្យ​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​ខ្លួន​ជា​ដើម​។

​តាម​រយៈ​ករណី​ទាំង​នេះ យើង​ឃើញ​ថា ទង្វើ​បោក​បញ្ឆោត​ដោយ​ឈរ​លើ​ជំនឿ​អរូបិយ​ នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​សង្គម​ខ្មែរ​។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​លុប​បំបាត់ ឬ​គាស់​រំលើងបុគ្គល​ដែល​សាច​ព្រាច​ជំនឿ​អរូបិយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ណាស់ ខណៈពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​រឿង​ទាំង​នោះ។ ហើយ​​ជា​លទ្ធផល វា​​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ខាត​បង់​ពេល​វេលា​និង​ប្រាក់​កាស​នោះ​ឡើយ​។

សរុប​មក​វិញ បើ​ទោះ​បី​ជា​ជំនឿ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក៏​ដោយ ក៏​ពលរដ្ឋ​គួរ​តែ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ មុន​នឹង​ដាក់​ចិត្ត​ជឿ​ទៅ​លើ​អ្វី​មួយ ឬ​បុគ្គល​ណា​ម្នាក់​។ ការជឿជាក់​លើ​ជំនឿ​មិន​សម​ហេតុផល គ្មាន​ឫស​គ្មាន​គល់ និង គ្មាន​មូលដ្ឋាន​រឹង​មាំ គ្មាន​នាំ​ប្រយោជន៍​អ្វី​ដល់​ខ្លួន​ឡើយ ក្រៅ​តែ​ពី​ការ​ខាត​បង់ពេលវេលា​និង​ប្រាក់​កាស ហើយ​ពេល​ខ្លះ វិនាស​ខូច​ខាត​ដល់​ខ្លួន​ឯង​ ​គ្រួសារ និង​សង្គម​ជាតិ​​ថែម​ទៀត៕