Aug 21 2022 4 mins
ប្រតិកម្មចម្រុះធ្លាក់មកព្រោងព្រាត ក្រោយពីកម្ពុជាសម្រេចបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជាការចាក់សាំងថែមពីលើភ្លើង អ្នកនយោបាយប្រឆាំងមួយចំនួន បានយករឿងនេះ ទៅភ្ជាប់ជាមួយសំណុំរឿងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនិងកោះត្រល់ទៅឲ្យវៀតណាម ហើយបង្កទៅជាការជជែកស្រួចស្រាល់លើបណ្ដាញសង្គម។ អ៊ឹម រចនា សូមឆ្លៀតឱកាសនេះ សិក្សាពីទំនាក់ទំនងរវាងជនជាតិខ្មែរនិងវៀតណាម។ តើហេតុអ្វីបានជាជនជាតិខ្មែរខ្លះ មិនទុកចិត្តវៀតណាម ហើយចាត់ទុកប្រទេសវៀតណាមនិងជនជាតិវៀតណាម ថាជាចោរលួចទឹកដីខ្មែរ?
ទស្សនៈ «ស្អប់» វៀតណាម គឺជាជំងឺតជំនាន់នៅក្នុងសង្គមខ្មែរ ហើយជំងឺនេះ ទំនងជាមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ។ នៅក្នុងទស្សនៈរបស់ជនជាតិខ្មែរមួយចំនួន វៀតណាម ឬ យួន កំពុងតែលេបត្របាក់ប្រទេសកម្ពុជា តាមរយៈការបញ្ជូនប្រជាពលរដ្ឋវៀតណាមមករស់នៅ រកស៊ីដោយខុសច្បាប់នៅស្រុកខ្មែរ និងការវាតយកទឹកដីខ្មែរនៅតាមខ្សែព្រំដែន។ ទស្សនៈនេះចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតមនុស្សខ្មែរ គ្រប់ស្រទាប់វណ្ណៈទាំងអស់ រាប់ចាប់តាំងពីប្រជាពលរដ្ឋធម្មតា អ្នកនយោបាយ និងបណ្ឌិតផងដែរ។
គំនិតអគតិរបស់ពលរដ្ឋខ្មែរចំពោះជនជាតិវៀតណាមដូច្នេះ មិនមែនជារឿងថ្មីឡើយ។ មិនថ្មីព្រោះខ្មែរនិងវៀតណាម មានប្រវត្តិជូរចត់រួមគ្នាជាច្រើនជំនាន់មកហើយ គឺចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី១៥ ដែលដែនដីខ្មែរត្រូវលេបត្របាក់ដោយសៀមនៅខាងលិច និងអាណ្ណាម នៅខាងកើត ដែលបច្ចុប្បន្នជាប្រទេសវៀតណាម។
នៅអំឡុងសតវត្សរ៍ទី១៩ នគរអាណ្ណាម បានកាត់យកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោមពីខ្មែរ និងបានលើកបន្តុបក្សត្រិយ អង្គម៉ី ឲ្យឡើងគ្រងរាជ្យជាមហាក្សត្រខ្មែរ។ ក្រោមខ្សែញាក់របស់នគរអាណ្ណាម ក្សត្រិយ អង្គម៉ី បានព្យាយាមបំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និងរបៀបរបបគ្រប់គ្រងរដ្ឋបាលពីបុរាណរបស់នគរខ្មែរ។ ខេត្តរបស់ខ្មែរ ដែលមាន ៥៦ ត្រូវបានកាត់បន្ថយមកនៅត្រឹម ៣៣ ហើយត្រូវប្តូរឈ្មោះហៅតាមភាសាវៀតណាមវិញ ហើយគ្រប់ចៅហ្វាយខេត្តទាំងអស់នេះ ត្រូវមានជំនាញការវៀតណាមម្នាក់មកត្រួតពីលើ។ ដោយទ្រាំមិនបាននឹងទង្វើនេះ ប្រជារាស្រ្តខ្មែរក៏បាននាំគ្នាងើបឡើងបះបោរ ធ្វើការវាយឆ្មក់ កាប់ស្លាប់ទាហាន និងប្រជាជនអាណ្ណាមដោយឥតរើសមុខ។ ការបះបោរប្រឆាំងអាណ្ណាម ឬ វៀតណាមលើកនោះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលត្រូវបានកត់ត្រាទុកនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ចាប់តាំងពីពេលនោះ មក អំពើហិង្សា និងការលាបពណ៌ ប្រឆាំងនឹងជនជាតិវៀតណាមនៅកម្ពុជាកើតមានជាបន្តបន្ទាប់និងខ្លាំងឡើងៗ រាប់ចាប់តាំងពីសម័យសាធារណរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យរដ្ឋកម្ពុជា និងសម័យព្រះរាជាណាចក្រកម្ពុជាទី២សព្វថ្ងៃ។
សម្រាប់ជនជាតិខ្មែរមួយចំនួន ប្រទេសវៀតណាមនិងជនជាតិវៀតណាម នៅតែជាសភាវៈអាក្រក់ ជាចោរលួចទឹកដីខ្មែរ ហើយព្យាយាមដាក់អាណានិគមលើប្រទេសខ្មែរ។ វៀតណាមគឺជាមូលហេតុដែលទឹកដីខ្មែររួមតូចដូចសព្វថ្ងៃ។ ជនជាតិវៀតណាមគឺជាមូលហេតុដែលពលរដ្ឋខ្មែរគ្មានការងារធ្វើ ហើយត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស។ ពលរដ្ឋខ្មែរធ្លាក់ខ្លួនឈឺច្រើន ក៏ដោយសារតែទទួលទានបន្លែផ្លែឈើដែលនាំចូលពីប្រទេសវៀតណាម។ ចំណែកជនជាតិខ្មែរដែលមិន «អគតិ» ជាមួយជនជាតិវៀតណាម ជារឿយៗ ត្រូវបានលាបពណ៌ថាជាជនជាតិវៀតណាមដែរ។
ទស្សនៈអគតិចំពោះជនជាតិវៀតណាម គឺជារឿងគួរឲ្យព្រួយបារម្ភមួយ ដែលកម្ពុជាត្រូវដោះស្រាយ មុនពេលវាវិវត្តក្លាយទៅជាការរើសអើងប្រឆាំងពូជសាសន៍។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភជាងទស្សនៈអគតិចំពោះជនជាតិវៀតណាម គឺការលាបពណ៌ខ្មែរគ្នាឯងថាជាវៀតណាម។ តើមិនមែនដោយសារតែការលាបពណ៌ខ្មែរគ្នាឯងនេះទេឬ ដែលធ្វើឲ្យខ្មែរបែកបាក់គ្នា គុំគួនសងសឹកគ្នា មើលមុខគ្នាមិនត្រង់ និងបាត់បង់មោទនភាពជាតិ អស់ជាច្រើនទសវត្សរ៍? ហើយថាតើវាគួរតែដល់ពេលហើយឬនៅ ដែលខ្មែរគួរតែបញ្ឈប់ការលាបពណ៌គ្នាថាជាជនជាតិវៀតណាម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម? ទាំងនេះជាសំណួរដែលពលរដ្ឋខ្មែរគ្រប់គ្នាត្រូវផ្ដល់ចម្លើយ។
ជាការពិត ការបញ្ឈប់ការលាបពណ៌គ្នាថាជាវៀតណាម មិនមែនមានន័យថាខ្មែរត្រូវតែឈប់ខ្វាយខ្វល់ពីបញ្ហាព្រំដែនជាមួយវៀតណាម និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមនៅកម្ពុជាទេ។ ខ្មែរនៅតែអាចដោះស្រាយបញ្ហាទាំងនោះបាន តាមរយៈការរួបរួមគ្នា។ ក្នុងកាលៈទេសៈណាក៏ដោយ សាមគ្គីភាពជាតិនឹងអាចឈានទៅដោះស្រាយបញ្ហា ជាជាងយកខ្មែរគ្នាឯងជាសត្រូវ ដោយចោទដាក់គ្នាថាជា «យួន»៕