Jul 31 2022 3 mins
កាលពីសប្ដាហ៍មុន គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់កម្ពុជា។ ច្បាប់នេះ មានខ្លឹមសារដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន ព្រមទាំងអ្នកដែលអាមេរិកចាត់ទុកថា បានរួមចំណែករំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ដែលអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ដោយសារបញ្ហាសិទ្ធិមនុស្ស និង «ប្រជាធិបតេយ្យ»។ តើអាមេរិក ចង់ឲ្យកម្ពុជាប្រកាន់ប្រជាធិបតេយ្យបែបណា ទើបពេញចិត្ត? តើកម្ពុជាគ្មានសិទ្ធិប្រកាន់លទ្ធិប្រជាធិបតេយ្យដែលស្របតាមបរិបទសង្គមខ្លួនឯងទេឬ?
តាមនិយមន័យ របបប្រជាធិបតេយ្យ គឺជាការដឹកនាំប្រទេសដោយគោរពសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋជាធំ។ នៅលើសកលលោកយើងនេះ មានប្រទេសច្រើនណាស់ដែលប្រកាន់យករបបប្រជាធិបតេយ្យ ប៉ុន្តែគឺមានតែក្រុមប្រទេសលោកខាងលិចទេ ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសប្រជាធិបតេយ្យពេញលេញ។ ចំណែករបបប្រជាធិបតេយ្យនៅប្រទេសតូចៗ ដូចយ៉ាងនៅកម្ពុជាជាដើម ត្រូវគេពិនិត្យឃើញថា កំពុងដំណើរការក្រោមបរិបទដាច់ដោយឡែកមួយរបស់ខ្លួនឯង ដែលជារឿយៗ តែងតែទទួលបានការរិះគន់ពីសំណាក់ប្រទេសលោកខាងលិចថា «មិនប្រជាធិបតេយ្យ»។
មានមូលហេតុច្រើនយ៉ាង ដែលបណ្តាលឲ្យខ្លឹមសារប្រជាធិបតេយ្យនៅកម្ពុជា ត្រូវទទួលរងការរិះគន់ពីសំណាក់ប្រទេសលោកខាងលិច។ ដំបូងបង្អស់ គឺដោយសារតែកម្ពុជាមានប្រវត្តិនយោបាយ និងផ្នត់គំនិតសង្គមដោយឡែករបស់ខ្លួនខុសពីគេយ៉ាងខ្លាំង។ បើទោះបីជាប្រជាធិបតេយ្យជាវប្បធម៌នយោបាយដែលចាប់កំណើតជាយូរណាស់មកហើយក្ដី ប៉ុន្តែទម្លាប់នយោបាយនេះ មានប្រើប្រាស់ច្រើនតែនៅតាមប្រទេសលោកខាងលិចប៉ុណ្ណោះ។ ការទទួលយករបបប្រជាធិបតេយ្យមកប្រើប្រាស់ គឺជារឿងថ្មីណាស់សម្រាប់កម្ពុជា ដែលធ្លាប់ភ្លក់អស់ហើយ និងរងគ្រោះរាប់មិនអស់ហើយដែរ ដោយសាររបបដឹកនាំបែបផ្សេងទៀត។
ផ្នត់គំនិតចាស់ៗរបស់អ្នកនយោបាយ ក៏ជាមូលហេតុសំខាន់មួយដែរ។ អ្នកនយោបាយខ្មែរមួយចំនួន ដែលតែងតែចាត់ទុកខ្លួនឯងថា ជាអ្នកដែលមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចកិច្ចការទាំងឡាយរបស់ប្រទេសជាតិនោះ បានដិតដាមយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ បើទោះជាដោយចេតនា ឬ អចេតនាក្តី ពួកគេហាក់ពិបាកនឹងបន្សាំខ្លួនទៅនឹងវប្បធម៌នយោបាយប្រជាធិបតេយ្យ ដែលផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋជាធំ។
ចំណែកប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់តែផ្ញើវាសនាទាំងស្រុងទៅលើអ្នកនយោបាយនោះក៏នៅមិនទាន់ស៊ាំនឹងវប្បធម៌ប្រជាធិបតេយ្យនៅឡើយដែរ ជាពិសេសទាក់ទងនឹងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនតែម្ដង។
យ៉ាងណាក៏ដោយ គេត្រូវទទួលស្គាល់ថា កម្ពុជាត្រូវការពេលដើម្បីធ្វើឲ្យប្រជាធិបតេយ្យរបស់ខ្លួនមានភាពចាស់ទុំ។ ហើយគេក៏ត្រូវតែទទួលស្គាល់ការពិតមួយទៀតដែលថា ប្រទេសមួយមិនអាចចម្លងគំរូប្រជាធិបតេយ្យទាំងស្រុងពីប្រទេសមួយទៀតមកអនុវត្តបានឡើយ។ សូម្បីតែលោកខាងលិច ដែលអ្នកខ្លះហៅថាជា «បិតាប្រជាធិបតេយ្យ» នោះ ក៏អនុវត្តប្រជាធិបតេយ្យតាមរបៀបខុសៗគ្នាដែរ ពីព្រោះប្រទេសនីមួយៗ មានវប្បធម៌ ប្រពៃណី និងទម្លាប់រស់នៅរបស់មនុស្សខុសៗគ្នា។
ប៉ុន្តែ ការផ្តេកផ្តួលទៅលើតែពេលវេលាខ្លាំងពេកអាចនឹងក្លាយជាលេសក្នុងការលួងចិត្ត ដើម្បីបិទបាំងភាពយឺតយ៉ាវនៃការអភិវឌ្ឍប្រទេសក៏ថាបាន។ ដូច្នេះ ដល់ពេលហើយដែលកម្ពុជាគួរទម្លុះទម្លាយរនាំងទាំងនេះចោល។ ទោះបីជាមិនអាចចម្លងពុម្ពគំរូប្រជាធិបតេយ្យពីប្រទេសណាមួយទាំងស្រុងបានក៏ដោយ ក៏កម្ពុជាអាចទាញយកចំណុចល្អៗមួយចំនួនពីប្រទេសប្រជាធិបតេយ្យដទៃទៀត មកស្លឲ្យចេញជាប្រជាធិបតេយ្យរបស់ខ្លួន ដោយរៀនសូត្រនិងទាញយកចំណុចល្អមួយចំនួនពីប្រទេសមួយទៀតមកអនុវត្តបាន។
របបប្រជាធិបតេយ្យ មានសម្រស់នៅពេលដែលវាត្រូវបានអនុវត្តស្របតាមទ្រឹស្តី និងអនុលោមទៅតាមវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងទម្លាប់នៃការរស់នៅនៃប្រទេស។ ការងារទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នាជាចាំបាច់ ដោយមិនអាចខ្វះមួយណាបានឡើយ។ អ្នកដែលប្រាថ្នាចង់ចម្លងទាំងស្រុងនូវគំរូប្រជាធិបតេយ្យរបស់ប្រទេសលោកខាងលិច មកអនុវត្តនៅកម្ពុជានោះ គឺពិតជាមិនអាចទៅរួចឡើយ។ ចំណែក អ្នកដែលប្រកាន់គំនិតអភិរក្សនិយមជ្រុលដោយបដិសេធមិនទទួលយកគំរូពីប្រទេសណាទាំងអស់នោះក៏មិនត្រឹមត្រូវដែរ៕