ប្រទេស៣ ដែលខាតបង់​ប្រយោជន៍ និងទទួល​​ចំណេញពី​ការដួលរលំ​របបស៊ិរី​របស់​បាស្ហា អាល់អាសាដ


Episode Artwork
1.0x
0% played 00:00 00:00
Dec 09 2024 8 mins   1

ការដួលរលំ​របបផ្តាច់ការ​ស៊ីរី​របស់​លោក​បាស្ហា អាល់អាសាដ​ជា​ការទះកំភ្លៀង​មួយយ៉ាងធំ​ចំពោះ រុស្ស៊ី និង​អ៊ីរ៉ង់ សម្ព័ន្ធមិត្ត​ដែល​តែងតែ​ជ្រោមជ្រែង​ជួយ​លោក​បាស្ហា អាល់អាសាដ ទាំងផ្នែកហិរញ្ញវត្ថុ និងយោធា នៅក្នុង​ជម្លោះប្រយុទ្ធតទល់ជាមួយ​ក្រុមប្រឆាំង​ប្រដាប់អាវុធ។ នៅក្នុង​កាលៈទេសៈ​ដែល​ក្រុមឧទ្ទាម​ប្រដាប់អាវុធ ប្រយុទ្ធយកឈ្នះ ចូលកាន់កាប់​រដ្ឋធានី ដាម៉ាស រហូត​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតីស៊ីរី​រត់គេចខ្លួន​ទៅជ្រកកោន​នៅ ម៉ូស្គូ រុស្ស៊ី និងអ៊ីរ៉ង់បាត់បង់ទាំងស្រុង​ឥទ្ធិពល​របស់ខ្លួន​នៅស៊ីរី ។ តួកគីឯណោះ​វិញដែលជាប្រទេស​ជិតខាង និងជាអ្នកគាំទ្រ​ក្រុមឧទ្ទាមមួយ​ក្នុង​ចំណោម​សម្ព័ន្ធឧទ្ទាម​ប្រឆាំង​ផ្តួលរំលំ​អំណាច​របស់​លោកបាស្ហា អាល់អាសាដ​ ស្រាប់តែ​មាន​ទឹកមាត់ប្រៃ និងអាច​ជាអ្នកមាន​ឥទ្ធិពល​ខ្លាំង​នៅ​ស៊ីរី ដោយដណ្តើម​កន្លែង​របស់​រុស្ស៊ី និង​អ៊ីរ៉ង់​។

ដោយ​មិន​និយាយ​ដល់​សម្ព័ន្ធឧទ្ទាម​ប្រដាប់អាវុធស៊ីរី​ជាច្រើនក្រុម ដែល​មាន​និន្នាការខុសៗគ្នា ប៉ុន្តែរួមកម្លាំងតែមួយ​ ផ្តួលរំលំអំណាចផ្តាច់ការ​របស់​ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់អាសាដ ​គេឃើញ​មាន​តួអង្គ ប្រទេស​៣​ដែលពាក់ព័ន្ធស៊ីជម្រៅ ​ក្នុង​ស្ថានការណ៍នយោបាយ និង​សមរភូមិប្រយុទ្ធ​ក្នុង​ទឹកដី​ស៊ីរី ចាប់តាំង​ពីស៊ីរី​ធ្លាក់ខ្លួន​ក្នុង​សង្រ្គាមស៊ីវិល និង​បំផ្លិចបំផ្លាញ​ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ដើមឆ្នាំ​២០១១។ តួកគី រុស្ស៊ី និង​អ៊ីរ៉ង់ ប្រទេស​ទាំង៣ប្រលូកដោយផ្ទាល់ និង​ជាដើមហេតុ​ តិចឬច្រើន​ ធ្វើ​ឲ្យ​របបលោក​បាស្ហា អាល់អាសាដ​ដួលរលំ​ក្នុងរយៈពេល​តែ​១០​ថ្ងៃ​នៃ​ការវាយសម្រុក​ដ៏ឆាប់​លឿនរហ័សរបស់​ក្រុមឧទ្ទាម​ប្រឆាំង។

ខណៈពេល​ដែល​តួកគីចំណេញ​​ពី​ជ័យជំនះ​របស់​ក្រុមឧទ្ទាម​ស៊ីរី រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​ជាប់ឈ្មោះ​ខាង​ការពារ​របប​លោក​បាស្ហា អាល់អាសាដ កំពុង​ខាតបង់​ប្រយោជន៍​ដ៏ធ្ងន់ធ្ងរ ព្រោះ​កំពុង​បាត់​សម្ព័ន្ធមិត្ត​មួយដែល​ជួយ​ឲ្យ​រុស្ស៊ី និងអឺរ៉ង់អាច​ឈរជើង​បុកសរសរគ្រឹះវត្តមាន​ដ៏រឹងមាំរបស់ខ្លួននៅមជ្ឈិមបូព៌ា។

រុស្ស៊ី ​​​

នៅក្នុង​គោលដៅ​ប្រជែងឥទ្ធិពល​របស់​លោក​ខាងលិច ជាពិសេស​អាមេរិក​នៅ​តំបន់​ដើមបូព៌ា រុស្ស៊ី​របស់​លោក​ពូទីន នៅ​ឆ្នាំ ២០១៥​បាន​បញ្ជូនទ័ពរាប់ពាន់នាក់​ទៅជួយ​ការពារ​របប​លោក​បាស្ហា អាល់អាសាដ ដែល​រងការវាយប្រហារ​ពី ក្រុមប្រដាប់អាវុធ ក្រុមអ្នកតស៊ូ ​ប្រឆាំងនឹង​​របបផ្តាច់ការ​របស់​លោក​បាស្ហាអាល់អាសាដ។ ជាថ្នូរមកវិញ នៅ​ឆ្នាំ ២០១៧ រុស្ស៊ី​បានទទួល​សិទ្ធិ​បង្កើត​មូលដ្ឋានទ័ពជើងអាកាស​របស់ខ្លួននៅ​ក្នុងទឹកដី​ស៊ីរី សម្រាប់​រយៈពេល​៤៩ឆ្នាំ។ ដោយ​ដាក់​មូលដ្ឋានទ័ពជើងអាកាស និង​មូលដ្ឋានទ័ពជើងទឹក​នៅ​ក្នុងទឹកដីស៊ីរី រុស្ស៊ី​មាន​ជា​លើកទី១​មូលដ្ឋានទ័ពរបស់ខ្លួន​នៅទឹកដី​បរទេស និយាយ​ឲ្យចំ នៅ​​មជ្ឈិមបូព៌ា នៅ​សមុទ្រ​មេឌីទែរ៉ាណេ ដែល​រុស្ស៊ីត្រូវ​ការប្រើ​ចាំបាច់​សម្រាប់នាំចូលអាវុធ ឬ​ទាហាន​ស៊ីឈ្នួល​ទៅកាន់​ទឹកដី​អាហ្វ្រិក។

ចំពោះ​អ្នកជំនាញ ការដួលរលំ​របបដឹកនាំ​បាស្ហា អាល់អាសាដ ដែលមានន័យ​ស្មើរបូតបាត់​សម្ព័ន្ធមិត្ត​​ដែល​រុស្ស៊ី​ចេញមុខ​ជួយការពារ​ដោយ​គ្មាន​រួញរា​​នៅ​ចំពោះមុខវាយប្រហារ​របស់​ក្រុមឧទ្ទាម​ប្រឆាំងស៊ីរី​ នៅ​១០ឆ្នាំ​កន្លងមកនេះ មានន័យស្មើ​នឹង​​​​បរាជ័យ​ ការធា្លក់ចុះ​នៃ​ឥទ្ធិពល​របស់​រុស្ស៊ី​នៅដើម​បូព៌ា។ លោកស្រី Tatiana Kastouéva-Jean​ប្រធាន​មជ្ឈមណ្ឌលរុស្ស៊ី​ អឺរ៉ាស៊ី​នៃ​វិទ្យាស្ថានបារាំង​ និយាយ​ថា អ្វីដែលកំពុងកើតឡើង​នៅ​ស៊ីរី គឺជា​​អាម៉ាស និង​​បរាជ័យ យុទ្ធសាស្រ្តធ្លាក់​ទឹក​របស់​រុស្ស៊ី​នៅដើម​បូព៌ា។ ដោយនៅ​ស្ងៀម ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឧទ្ទាម​​វាយសម្រុក​យកបាន​រដ្ឋធានី​ដាម៉ាស តែ​ក្នុង​រយៈពេល​១០ថ្ងៃ កងទ័ពរុស្ស៊ី​មិនត្រឹម​តែ​បរាជ័យ ប៉ុន្តែ ភ្នាក់ងារ​សម្ងាត់របស់​រុស្ស៊ី​ក៏អសមត្ថភាព​មិនអាច​ឲ្យ​ប៉ាន់ស្មាន​ដឹងមុន​ស្ថានការណ៍​វិវឌ្ឍ​ដ៏ឆាប់រហ័ស​នៅ​ស៊ីរី។ គេបាន​ប្រៀបធៀប​បរាជ័យ​របស់​រុស្ស៊ី​នៅស៊ីរី ទៅនឹង​ផែនការ​ដ៏អាម៉ាស​របស់​អាមេរិកដែល​ដកទ័ព​ចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ ២០២១។​

នៅថ្ងៃចន្ទ អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង​ទទួលស្គាល់ថា រុស្ស៊ី​ក៏​ដូចពិភពលោក​ទាំងមូល គឺ​ភ្ញាក់​ផ្អើល​​​​​នឹង​ស្ថានការណ៍​នយោបាយ​ប្រែប្រួល​ដ៏ឆាប់រហ័ស​នៅស៊ីរី។ ម៉ូស្គូ​នៅ​ថ្ងៃចន្ទដដែល​បាន​ប្រកាស​ជាផ្លូវការថា លោក​ពូទីន​បាន​ផ្តល់សិទ្ធិជ្រកកោនដល់​លោក​បាស្ហាអាល់អាសាដ​និង​ក្រុមគ្រួសារ​ក្រោម​ហេតុផល​មនុស្សធម៌។ រុស្ស៊ី​មិន​បោះបង់ចោល​អ្នកស្មោះស្ម័គ្រ​នឹងខ្លួនដែល​លែងមាន​អំណាចតទៅទៀត​នៅ​ស៊ីរី ប៉ុន្តែ នៅ​ចំពោះមុខ​ជ័យជំនះ​របស់​ក្រុមឧទ្ទាម​ប្រដាប់អាវុធ​ស៊ីរីដែល​ជាអនាគត​ម្ចាស់​អំណាច​នៅស៊ីរី ម៉ូស្គូ​ក៏​មិន​បែរខ្នង។ ទោះធ្លាប់ចោទក្រុមឧទ្ទាម​ស៊ីរី​ជា​ក្រុមភេរវនិយម​ក្តី ប៉ុន្តែ ម៉ូស្គូ​​ក្នុង​ឯកសណ្ឋាននយោបាយ​ថ្មី​អះអាងថា ខ្លួន​នៅតែបោះដៃ​ ចង់ធ្វើការ​ជាមួយ​អ្នកដឹកនាំថ្មី​របស់​ស៊ីរី ជាពិសេស​ក្នុងរឿង​ការពារ​មូលដ្ឋានទ័ព​របស់​រុស្ស៊ី​នៅទឹកដី​ស៊ីរី។ គ្រាន់តែ​ជាការទាមទារប៉ុន្តែ មិនមែនជា​ការបញ្ជា ព្រោះថា រុស្ស៊ីលែង​ជា​មេចាត់ចែង​បញ្ហា​នៅ​ស៊ីរី​ដូចមុន ដូច​កាល​លោក​បាស្ហា អាល់អាសាដនៅកាន់អំណាច​នៅស៊ីរី។

អ៊ីរ៉ង់

នៅ​ពេល​ស៊ីរី​ផ្ទុះសង្រ្គាមស៊ីវិល​នៅ​ឆ្នាំ ២០១១ អ៊ីរ៉ង់​បាន​បញ្ជូន​ទីប្រឹក្សា​យោធា​ទៅជួយ​កងទ័ព​រដ្ឋាភិបាល​លោក​បាស្ហា អាល់អាសាដ។ បន្ថែមពីលើនេះ ក្រុមជីវពល​ស៊្ហីអ៊ីត និង​ទាហាន​របស់​ក្រុមហេសបូឡា​លីបង់​ត្រូវ​បាន​បញ្ជូន​ជាបន្តបន្ទាប់​ទៅ​ស៊ីរី ដើម្បី​បុកគ្រឹះ ពង្រឹង​ឥទ្ធិពល​របស់អ៊ីរ៉ង់​នៅ​ក្នុង​ទឹកដី​ស៊ីរី ដើម្បី​ប្រឆាំង​អ៊ីស្រាអែល។

ប៉ុន្តែ នៅពេល​រដ្ឋាភិបាលស៊ីរី​ដួលរលំភ្លាមៗ ប្រធានាធិបតី​បាស្ហា អាល់អាសាដ​រត់គេចចេញពីស៊ីរី​ទៅសុំ​សិទ្ធិជ្រកកោន​នៅ រុស្ស៊ី អ៊ីរ៉ង់​កំពុង​បាត់​កូនអុក​ដ៏សំខាន់​នៅក្នុង​ខ្សែប្រយុទ្ធតស៊ូនឹង​អ៊ីស្រាអែល។ មានព្រំដែនជាប់លីបង់​ជាច្រើន​គីឡូម៉ែត្រ ស៊ីរី​បាន​ក្លាយជា​ច្រក​ចេញចេញ​សំខាន់​របស់​អ៊ីរ៉ង់​ដើម្បី​ដឹកនាំ​អាវុធ​ទៅជួយ​ក្រុមហេសបូឡានៅលីបង់​ កូនចៅ​មួយទៀត​ដែល​អ៊ីរ៉ង់​បង្កើតឡើង​ដើម្បីតស៊ូកម្លាំង​ប្រឆាំង​អ៊ីស្រាអែល។

ចង់ ឬ​មិន​ចង់ ការដួលរលំ​របបបាស្ហា អាល់អាសាដ​ដែលជា​សម្ព័ន្ធមិត្ត​បង្អែក​ធំមួយ​របស់ខ្លួន​​​នៅដើមបូព៌ា​នឹង​ធ្វើ​ឲ្យ​ឥទ្ធិពល យុទ្ធសាស្រ្ត​យោធា​របស់​អ៊ីរ៉ង់ កាន់តែ​ធ្លាក់ថយចុះ ​ មួយកម្រិតថែមទៀត បន្ទាប់ពីក្រុមហេសបូឡាលីបង់ គ្នីគ្នា​របស់​អ៊ីរ៉ង់​​បាក់ទ្រោម ស្លាប់អស់មេកើយ បាក់កម្លាំង ដោយសារ​ការវាយប្រហារ​ចំៗ​របស់​កងទ័ព​អ៊ីស្រាអែល។

អ៊ីរ៉ង់ផ្ទាល់​​ធ្លាប់​ចាត់ទុក​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​ថា ជា​ក្រុមភេរវនិយម និងជា​កូនអុក​យុទ្ធសាស្រ្ត​របស់​អាមេរិក​និងអ៊ីស្រាអែល​ ដើម្បី​បង្ក​អស្ថិរភាព​ និងគូស​ផែនទីថ្មីនៅ​ដើមបូព៌ា។ ប៉ុន្តែ នៅពេល​អ្នកឈ្នះ ចូល​គ្រប់គ្រង​រដ្ឋធានី​ដាម៉ាស ជាក្រុមឧទ្ទាម អ៊ីរ៉ង់​បាន​និយាយ​ក្រឡាស់សំដីមកវិញ​ថា ខ្លួន​ធ្លាប់បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​បាស្ហាអាល់ អាសាដ​ចរចាជាមួយ​ក្រុមប្រឆាំងស្របច្បាប់។ ការផ្លាស់ប្តូរជំហរ​របស់អ៊ីរ៉ង់ទំនងមិនធ្វើ​ឲ្យ​ក្រុមឧទ្ទាម​ស៊ីរី​ និង​ប្រជាជន​ស៊ីរី​មួយចំនួនស្តាប់ចូលត្រចៀកនោះទេ។

ដោយ​ចាត់ទុក​អ៊ីរ៉ង់​ជា​សម្ព័ន្ធមិត្តការពារ​របបដឹកនាំ​ផ្តាច់ការបាស្ហា អាល់អាសាដ ក្រុមប្រដាប់អាវុធ​និង​ប្រជាជន​ស៊ីរី​បាន​សម្រុកចូល​​មុនគេ ទៅ​​កម្ទេច វាយបំផ្លាញ​ស្ថានទូត​របស់អ៊ីរ៉ង់ក្នុង​​ទីក្រុង​ដាម៉ាស។​

តួកគីអ្នកដែលឈ្នះ មាន​ទឹកមាត់ប្រៃ​ក្នុងការចរចាជាមួយ​រុស្ស៊ី

ដោយ​គាំទ្រ​ក្រុមឧទ្ទាម​មួយក្រុម​ដែល​ចូលរួមប្រយុទ្ធផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​បាស្ហាអាល់ អាសាដ តួកគី​បាន​ផលប្រយោជន៍​ច្រើនជាងគេ មិនថា ក្នុង​ផ្នែកនយោបាយការបរទេស ឬ​នយោបាយទាញទាញប្រជាប្រិយភាព​​ក្នុងស្រុក។ ក្រុមប្រឆាំង​ស៊ីរី​ដែល​តួកគី​ផ្តល់ជំនួយ​យ៉ាងចេញមុខ​បាន​ទៅ​វាយបណ្តេញ​ក្រុមគួដស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​គួកតួកគី ដែល​ជា​សត្រូវ​សួពូជ​របស់​រដ្ឋាភិបាល​លោ​ក​អ៊ែរដូហ្កាន។ ម្យ៉ាង ដោយ​មានក្រុម​ឧទ្ទាម​ដែល​ខ្លួនជួយ​ឧបត្ថម្ភ គាំទ្រ​តាំង​ពីដំបូងទី អាច​ចូល​កាន់អំណាច​នៅស៊ីរី ចង់ ឬ​ចង់ តួកគី​នឹង​មាន​សំឡេង មាន​ទម្ងន់​នយោបាយ​ច្រើនជាងមុន នៅស៊ីរី។ ​ដោយសារ​តែ​អនាគត​មេដឹកនាំ​ស៊ីរី​ មកពីក្រុ​ម​ឧទ្ទាម​អាច​ស្តាប់​តាម​តួកគី នោះ តួកគី​នឹង​មានទឹកមាត់ប្រៃ នៅពេល​និយាយ​ជាមួយ​រុស្ស៊ី អ៊ីរ៉ង់ ឬ​ប្រទេស​ផ្សេងទៀត​ដែល​ចង់​លូកលាន់ ក្នុង​កិច្ច​ការ​នយោបាយ​របស់​ស៊ីរី។ តួកគី​នឹង​អាច​មាន​ជោគវាសនា​ខ្ពស់ ក្នុងករណីដែល​ស៊ីរី​រកឃើញ​ថ្នាក់ដឹកនាំ​ថ្មីមួយ​ដែល​មាននិន្នាការជិតស្និទ្ធ​នឹង​តួកគី។ ប៉ុន្តែ នៅ​ការពិតជាក់ស្តែង អ្វីៗ​នៅមិនទាន់ច្បាស់លាស់ ព្រោះថា បញ្ហា​នៅ​ស៊ីរី ស្មុគស្មាញ រញ៉េរញ៉ៃ ប្រទាក់ក្រឡា​ដូច​សំបុកពីងពីង ព្រោះថា ​ក្រុមឧទ្ទាមស៊ីរី​មានច្រើនក្រុម ហើយ​មួយចំនួនមិនត្រឹម​​គ្មាន​ជំហរដូចគ្នាដើម្បី​បង្កើតរដ្ឋាភិបាល​តែប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេជា​គូសត្រូវ​ប្រយុទ្ធស្លាប់រស់នឹងគ្នាផង។ ឧទាហរណ៍​ ​ក្រុម​គួដស៊ីរីដែល​អាមេរិកជួយគាំទ្រ ហើយនិង​ក្រុមឧទ្ទាម​ស៊ីរី​ដែល​តួកគី​ជួយ​ឧបត្ថម្ភ៕​​​​​