រដ្ឋាភិបាលស៊ីរីរបស់លោក បាស្ហា អាល់អាសាដ ដួលរលំកាលពីចុងសប្តាហ៍កន្លងទៅ។ បណ្តាអ្នកទោស ដែលជាប់ឃុំក្រោមរបបចាស់ និងក្រុមភេរវជន ដែលជាប់ឃុំក្នុងមន្ទីរពន្ធនាគារ ត្រូវដោះលែងឲ្យមានសេរីភាព ជាបន្តបន្ទាប់។ ការណ៍នេះ បង្កជាក្តីព្រួយបារម្ភថ្មី ចំពោះការរីករាលដាលចលនាអ៊ីស្លាមជីហាត។
រដ្ឋាភិបាលស៊ីរីដួលរលំបង្កក្តីព្រួយបារម្ភចំពោះការរីករាលដាលចលនាអ៊ីស្លាមជីហាត ក៏ព្រោះតែការរំដោះព្រលែងអ្នកទោសមន្ទីរឃុំឃាំងជាច្រើននៅស៊ីរី គឺអាចមានចេញដោយទាំងពួកភេរវជនអ៊ីស្លាមជីហាត។ ក្តីព្រួយបារម្ភពីពួកជីហាតងើបកម្រើកឡើងវិញ មានច្រើនពីគ្រប់មជ្ឈដ្ឋាន រាប់ទាំង អ៊ីស្រាអែលដែលជាប់របងស៊ីរី សហរដ្ឋអាមេរិកដែលនៅសែនឆ្ងាយ ហើយសូម្បី បណ្តាញប្រទេសអឺរ៉ុបនិងអាហ្វ្រិក ក៏ព្រួយដែរ។
ជីហាតទុយនេស៊ី
ក្នុងទ្វីបអាហ្វ្រិក ប្រទេសទុយនេស៊ី មានពលរដ្ឋខ្លួន មិនតិចជាង ២ ០០០ នាក់នោះឡើយ ដែលចូលដៃជាមួយក្រុមជីហាតអ៊ីស្លាមជ្រុលនិយម នៅតំបន់ដើមបូព៌ា។ តួលេខជនជីហាតទុយនេស៊ី ជាង ២ ០០០ នាក់នេះ បើយោងតាមទិន្នន័យក្រសួងមហាផ្ទៃស៊ីរី កាលពីឆ្នាំ២០១៥ ម្ល៉ោះហើយ សព្វថ្ងៃ វាអាចនឹងមានចំនួនកើនឡើងច្រើនជាងចំនួននោះ ក៏អាចថាបាន។ ពួកជីហាតទុយនេស៊ីទាំងនោះ ចូលរួមពលីប្រយុទ្ធក្នុងជម្លោះច្រើនសមរភូមិ ទាំងនៅលើទឹកដីស៊ីរី នៅអ៊ីរ៉ាក់ និងនៅលីប៊ី ទៀតផង ។
បារាំងតាមដានពួកជីហាតស៊ីរីដើមកំណើតបារាំង
រីឯ អាជ្ញាធរប្រទេសបារាំង ក៏បានទាញសញ្ញាអាសន្ននិងក្តីព្រួយបារម្ភខ្លះៗហើយ។ បារាំងខ្លាចក្រែងថា ពួកអ៊ីស្លាមជីហាតដែលចេញពីស៊ីរី មកបង្កភេរវកម្ម ឬបង្កការគំរាមកំហែងសន្តិសុខសុវត្ថិភាពនៅលើទឹកដីអឺរ៉ុប។ បារាំងព្រួយបែបនេះ ក៏ព្រោះថា មានជនជីហាត មិនតិចជាង ១០០ នាក់ឡើយ ដែលមានសញ្ញាតិបារាំង ហើយដែលចូលរួមស្មគ្រចិត្ត ទៅច្បាំងនៅប្រទេសស៊ីរី ។ ពួកគេទាំងរស់នៅក្រុងអ៊ីដលីប និងមានវត្តមានច្រើននៅប៉ែកនីរតីប្រទេសស៊ីរី ជាច្រើនឆ្នាំមកហើយ។ ហើយខ្លះទៀត ក៏បានជាប់ឃុំក្នុងពន្ធនាគារក្រោមការត្រួតត្រារបស់ក្រុមប្រដាប់អាវុធគួដស៊ីរី។ នេះបើតាមលោក Olivier Christen រដ្ឋអាជ្ញាបារាំងប្រឆាំងភេរវកម្ម ថ្លែងប្រាប់កាសែត Figaro នៅថ្ងៃអង្គារ ដោយបញ្ជាក់ទៀតថា ក្នុងរយៈពេលខ្លី នៅលើទឹកដីបារាំង ក្តីបារម្ភពីគ្រោះថ្នាក់ហានិភ័យ អាចនឹងមិនទាន់ប្រឈមខ្លាំងពេកទេ ក៏ប៉ុន្តែ អ្វីៗអាចប្រែប្រួលរហ័សណាស់។ ដូច្នោះហើយ បារាំងត្រូវតែបន្តតាមដានស្ថានការណ៍វិវឌ្ឍនៅស៊ីរី យ៉ាងកៀកប្រកិត។
អាមេរិក និង អ៊ីស្រាអែល បាញ់ប្រហារ
សហរដ្ឋអាមេរិក ក៏តាមដានស្ថានការណ៍ស៊ីរី យ៉ាងកៀកកិតដែរ។ បន្ថែមលើសពីនោះ កាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទ កងទ័ពជើងអាកាសរបស់អាមេរិក បានទម្លាក់គ្រាប់បែក និងបាញ់គ្រាប់ផ្លោង មិនតិចជាង ៧៥ លើក នោះឡើយ ដើម្បីកម្ទេចពួកភេរវជនជីហាត។
សម្ព័ន្ធមិត្តអាមេរិក អ៊ីស្រាអែល ក៏ធ្វើប្រតិបត្តិការបាញ់កម្ទេចមូលដ្ឋានយោធា និងឃ្លាំងស្ទុកអាវុធរបស់យោធារបបស៊ីរីចាស់ ក្រោមហេតុផលការពារសន្តិសុខសុវត្ថិភាព ខ្លាចក្រែងគ្រឿងសព្វាវុធនៅឃ្លាំង ធ្លាក់ទៅលើដៃក្រុមអមិត្ត។ ទន្ទឹមនឹងគ្នានេះ កងទ័ពអ៊ីស្រាអែល ដែលមានរបងព្រំដែនជាប់ស៊ីរី បានព្រមានបាញ់ប្រហារមិនឲ្យពួកភេរវជនជីហាត ឆ្លងចូលព្រំដែនរបស់ខ្លួនបានឡើយ។
អាជ្ញាធរថ្មីប្រឹងសម្អាតខ្លួន
ក្រៅពីក្តីបារម្ភជុំវិញ ពួកជីហាតរួចចេញពីគុក និងបារម្ភពីពួកជីហាតនៅក្រៅឃុំ ព្រមទាំងជីហាតដែលមានសញ្ជាតិបរទេស គឺនៅមានក្រុមដឹកនាំរបបស៊ីរីថ្មី ក៏ជាអតីតដៃជើងភេរជន ដែរ។ នេះក៏ជាក្តីបារម្ភមួយទៀត និងដែលត្រូវឲ្យគេយកចិត្តទុកដាក់តាមដានសកម្មភាពរបស់ពួកគេនេះ។ ជាក់ស្តែង ក្រុមប្រដាប់អាវុធអ៊ីស្លាម Hayat Tahir al-Sham (HTS) ដែលផ្តួលរំលំរដ្ឋាភិបាលស៊ីរីរបស់លោក បាស្ហា អាល់អាសាដ គឺជាអតីតសាខាក្រុមភេរវជនអន្តរជាតិអាល់កៃដា។ បស្ចិមលោកជាច្រើនប្រទេស រួមទាំងសហរដ្ឋអាមេរិកផង បានដាក់ក្រុមប្រដាប់អាវុធនេះ ឋិតក្នុងបញ្ជីខ្មៅ ដោយចាត់ទុកថាជាក្រុមភេរវនិយម ហើយក៏មិនទាន់ដកឈ្មោះចេញពីបញ្ជីខ្មៅនៅឡើយទេ។
ទោះជាម្តេចក្តី ក្រុមប្រដាប់អាវុធអ៊ីស្លាម Hayat Tahir al-Sham ដែលឡើងក្តាប់អំណាចថ្មីថ្មោងនៅស៊ីរី បានព្យាយាម ម្តងហើយម្តងទៀត អះអាងថា ខ្លួនបានផ្តាច់ទំនាក់ទំនងជាមួយនឹងពួកអ៊ីស្លាមជីហាត ដាច់ស្រេចហើយ។ ម្យ៉ាងទៀត ពួកប្រដាប់អាវុធកាន់អំណាចថ្មីនៅស៊ីរី បានខំប្រឹងលាងសម្អាតខ្លួន ចេញពីកម្អែលអ៊ីស្លាមប្រកាន់តឹងជ្រុលនិយម ហើយពួកគេទទូចរន្ថាន់ឲ្យសហគមន៍អន្តរជាតិ ជឿទុកចិត្តក្រុមខ្លួន តាមរយៈការប្រកាសឲ្យប្រជាជនស៊ីរីគ្រប់មជ្ឈដ្ឋាន ចម្រុះជាតិសាសន៍ ចម្រុះសាសនា ឲ្យរស់នៅជាមួយគ្នាក្នុងសន្តិភាព និងជួយគ្នាកសាងប្រទេសជាតិឡើងវិញ៕