របបផ្តាច់ការ​បាស្ហាដួលរលំ តើជនភៀសខ្លួនស៊ីរី​ជាច្រើនលាននាក់ នឹងត្រលប់ចូលស្រុកវិញឬយ៉ាងណា?


Episode Artwork
1.0x
0% played 00:00 00:00
Dec 10 2024 5 mins   1

សង្គ្រាម​ស៊ីវីលនៅស៊ីរី ដែល​បានចាប់ផ្តើម​តាំងតែពីឆ្នាំ​២០១១ បានរុញច្រាន​ប្រជាជនស៊ីរីចំនួន​ប្រមាណ​១៣​លាននាក់ ឲ្យ​ភៀសខ្លួល​ចោលផ្ទះសម្បែង និងខ្លះភៀសខ្លួនទៅប្រទេសផ្សេង​។ នៅទីបំផុត​ របបផ្តាច់ការ​ស៊ីរីដឹកនាំដោយ​ បាស្ហា អាល់អាសាដ បានដួលរលំទាំងស្រុងហើយ កាលពីថ្ងៃអាទិត្យទី​៨ធ្នូ បន្ទាប់ពី​ក្រុមឧទ្ទាមស៊ីរី វាយ​សម្រុក​យ៉ាងលឿនរហ័ស។ របប​បាស្ហាដួលរលំ បានចោទជាសំណួរ ថាតើជនភៀសខ្លួនស៊ីរីជាច្រើនលាននាក់ទាំងនោះ នឹងត្រឡប់ចូលស្រុកវិញឬយ៉ាងណា ខណៈស្ថានការណ៍​ហាក់​មិនទាន់ប្រាដកប្រជានៅឡើយ​នៅស៊ីរី។

របបផ្តាច់ការត្រកូល​ អាល់អាសាដ ដែលបានកាប់សម្លាប់ធ្វើបាបប្រជាជនឯងអស់ជាង​​៥០​ឆ្នាំមកនេះ បានដួលរលំហើយ ហើយ​ដំណឹងនេះ​បានធ្វើ​ឲ្យ​ប្រជាជន​ស៊ីរី ទាំងក្នុង​នឹងក្រៅស្រុក ​ស្រែកអបអរសប្បាយរីករាយ​។ តើ​ទំព័រថ្មីនៃប្រវត្តិសាស្ត្រស៊ីរី កំពុងតែបើកឡើងឬយ៉ាងណា? រូបភាព​ជាច្រើន​នៅលើបណ្តាញសង្គម និងផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាននានា បង្ហាញ​ឲ្យ​ឃើញជនភៀសខ្លួនស៊ីរីជាច្រើននាក់ ប្រាប់ថាពួកគេចង់ធ្វើដំណើរត្រលប់ចូលស្រុកវិញ ឬត្រលប់ទៅទីកន្លែងដែលខ្លួនធ្លាប់រស់នៅវិញ​។

គួររំលឹកថា សង្គ្រាមស៊ីវីល​ដែលបានផ្ទុះឡើងនៅស៊ីរី កាលពីឆ្នាំ​២០១១ បាន​រុញច្រាន​ប្រជាជន​ស៊ីរី​ប្រមាណ​ជាង​១៣​លាននាក់ ឲ្យ​ភៀសខ្លួនចោលផ្ទះសំបែង ពោលគឺ​ជាង​ពាក់កណ្តាល​នៃប្រជាជនសរុប​។ ក្នុងចំណោមនេះ ប្រមាណ​៧,៤លាននាក់ បាន​ភៀសខ្លួន​នៅក្នុងស្រុក ចំណែកប្រមាណ​ជាង​៦លាន​នាក់ទៀត បានភៀសខ្លួនទៅក្រៅស្រុក ដែលភាគច្រើននៅប្រទេសក្បែរខាងស៊ីរី​។ យោងតាមតួលេខអង្គការ UNHCR តួកគីគឺជាទីកន្លែងដែលមាន​ជនភៀសខ្លួនស៊ីរី រស់នៅច្រើនជាង​គេ ប្រមាណ​ជាង​៣លាននាក់ បន្ទាប់មក​គឺមាននៅ​លីបង់ ប្រមាណជាង​៧៨ម៉ឺននាក់ ហ្សកដានីជាង​៦៣ម៉ឺននាក់ អ៊ីរ៉ាក់ជិត​៣០ម៉ឺននាក់ និងអេហ្ស៊ីបប្រមាណ​ជិត​១៦ម៉ឺននាក់​។

នៅអឺរ៉ុប គិតត្រឹម​ឆ្នាំ​២០២៤ ផ្អែកតាម​ UNHRC អាល្លឺម៉ង់ជាប្រទេសដែល​បានទទួល​ជនភៀសខ្លួនស៊ីរីច្រើនជាងគេ ប្រមាណ​៧៨១០០០​នាក់។ បន្ទាប់​មកទៀត គឺស៊ុយអែត ៨៧៧០០នាក់ ហូឡង់បានទទួល​ ៧៩០០០នាក់ ចំណែកបារាំង បានទទួល​ប្រមាណ​​៤៥៦០០នាក់។ អង់គ្លេសវិញ បានទទួលជនភៀសខ្លួនស៊ីរីប្រមាណ​ ២៣០០០​នាក់​ដែរ​។

សំណួរកំពុងចោទសួរ ថាតើ​ជនភៀសខ្លួនស៊ីរីជាច្រើនលាននាក់ទាំងនេះ នឹងត្រលប់ចូលស្រុកវិញទាំងអស់ឬយ៉ាងណា? បណ្តាប្រទេសអឺរ៉ុប​មួយចំនួន បាននាំគ្នាប្រកាសបន្តបន្ទាប់គ្នា ថាគេសម្រេច​ផ្អាក​​​ឈប់ទទួលពាក្យសុំសិទ្ធិជ្រកកោន​របស់ជនភៀសខ្លួនស៊ីរីមួយរយៈសិន ព្រោះថាកា​លៈទេសៈពេលនេះបានផ្លាស់ប្តូរ ដោយ​របបផ្តាច់ការ​បាស្ហា អាល់អាសាដ បានដួលរលំហើយ​ ហើយ​ដែល​ប្រជាជនស៊ីរីគ្មានហេតុផលអ្វីទៀត ត្រូវសុំសិទ្ធិជ្រកកោន​ក្នុងនាម​ជាជនភៀសខ្លួន​ឡើយ​។

លោកស្រី Hélène Thiollet អ្នកជំនាញ​ផ្នែក​អន្តោប្រវេសន៍អន្តរជាតិ នៅ​មជ្ឈមណ្ឌលស្រាវជ្រាវ​​CNRSបារាំង បាន​លើកឡើងថា ភាគច្រើននៃ​ជនភៀសខ្លួនស៊ីរីដែល​កំពុងស្ថិតនៅតួកគី ទំនងជាប្រហែលមិន​ចង់​ត្រលប់ទៅស៊ីរីវិញទេ ព្រោះ​ថា​ស្ថានការណ៍​នៅមិនទាន់ច្បាស់លាស់នៅឡើយ​។ អ្នកខ្លះ​បាន​ស្នាក់នៅ​តួកគី តាំងតែពី​ឆ្នាំ​២០១១មក ដូច្នេះពួកគេចង់រស់នៅទីនោះយូរអង្វែងតែម្តង។ ដោយឡែក ជនភៀសខ្លួននៅអឺរ៉ុប ដែល​បានទទួល​លិខិតស្នាមស្នាក់នៅស្របច្បាប់ មួយចំនួន​ធំ ហើយ​មានការងារធ្វើ​ជាប់លាប់ ក៏ពួកគេមិន​ប្រថុយត្រលប់ចូលស្រុកវិញដែរ។ ដូច្នេះ អ្នកដែលអាច​សម្រេចចិត្តត្រលប់ទៅស៊ីរីវិញនៅពេលនេះ គឺអាចជាជនភៀសខ្លួន ដែលកំពុងស្ថិតក្នុង​កាលៈទេសៈមិនច្បាស់លាស់ មិន​ទាន់មានលិខិតស្នាម មិនទាន់មានការងារធ្វើ ឬផ្ទះស្នាក់នៅជាប់លាប់​ជាដើម​។

យ៉ាងណាក៏ដោយ លោកស្រី Hélène Thiollet បានបង្ហាញការព្រួយបារម្ភធំប្រសិន​បើជនភៀសខ្លួនស៊ីរី ច្រើនលាននាក់ ត្រលប់ចូលស្រុក​វិញព្រមៗគ្នា​​ក្នុងពេលនេះ​។ ជាង​១០ឆ្នាំនៃសង្គ្រាម ស៊ីរីត្រូវដួលរលំទាំងស្រុង ទាំងសេដ្ឋកិច្ចនិងសង្គម។ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សេវាសាធារណៈ មន្ទីរពេទ្យ សាលារៀន បណ្តាញទឹកស្អាតជាដើម គឺត្រូវវាយបំផ្លាញសឹងខ្ទេចទាំងស្រុង។ តើជនភៀសខ្លួនដែលចង់ត្រលប់ទៅវិញ គឺទៅរស់នៅដោយ​របៀបណា? លោកស្រីបានលើកឡើងថា អ្វីៗវាអាស្រ័យជាពិសេស ទៅលើ​អនាគត​រដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ីរីដឹកនាំដោយ​ក្រុមឧទ្ទាម​ ថាធ្វើឲ្យសហគមអន្តរជាតិទុកចិត្តប៉ុណ្ណា។ រដ្ឋាភិបាលនេះត្រូវតែបង្ហាញជំហរសហការ ដើម្បី​ទទួលបានជំនួយ​ឧបត្ថម្ភចាំបាច់ ក្នុងការជួយ​​ដល់​ជនភៀសខ្លួន​ស៊ីរីក្នុងស្រុក ​ដែលត្រលប់ទៅទីកន្លែងរស់នៅវិញជាជំហានទីមួយ​ ហើយជំហានបន្ទាន់គឺដល់វេនជនភៀសខ្លួនស៊ីរីដែលនៅក្រៅស្រុក​។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរី​​ដែល​បាន​ផ្តួលរំលំ​របបផ្តាច់ការបាស្ហា អាល់អាសាដ បានប្រកាសនៅថ្ងៃអង្គារទី​១០ធ្នូថា គេ​ទើប​សម្រេច​តែងតាំង សមាជិក​គេម្នាក់ ឈ្មោះ Mohammed al-Bachir ដែលធ្លាប់ជា​មេដឹក​នាំក្រុម​រំដោះតំបន់​Idleb ឲ្យដឹកនាំរដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ីរីសម័យអន្តរកាល ពីពេលនេះរហូតដល់ថ្ងៃទី​១មីនា​ឆ្នាំ​២០២៥។ នេះ​បើផ្អែកតាមការផ្សាយ​ របស់​ទូរទស្សន៍ស៊ីរី ដែល​បានហៅ Mohammed al-Bachir ថាគឺជានាយករដ្ឋមន្ត្រីរបស់ស៊ីរី​។

ប្រទេសកាតាវិញ បានអះអាងថា គេបានតភ្ជាប់ទំនាក់ទំនង​ផ្លូវការជាលើកទីមួយ ជាមួយក្រុមឧទ្ទាម Hayat Tahrir al Cham ដែលគ្រប់គ្រងស៊ីរី ហើយ​ដែលធ្លាប់ជា​មែកធាងមួយ របស់​ចលនាអាល់កៃដា​​។ ផ្អែកតាមអង្គការសហប្រជាជាតិ គិតត្រឹមពេលនេះ មេក្រុម​ឧទ្ទាមស៊ីរីនេះ ឈ្មោះ​ Mohammed al-Golani បានបង្ហាញសញ្ញា​វិជ្ជមានជាច្រើន​ បញ្ជាក់ពីបំណង​រៀប​ចំ​ការ​ផ្ទេរអំណាចដោយសន្តិវិធី ដោយ​មានការយល់ព្រមពីសភាស៊ីរីផងដែរ៕