Dec 23 2024 4 mins 3
ក្រុមហ៊ុនយក្សផ្នែកអ៊ីនធ័រនែត-បណ្តាញសង្គមទាំងឡាយ នឹងត្រូវចែករំលែកព័ត៌មានទាក់ទងនឹងអត្តសញ្ញាណអ្នកប្រើប្រាស់ទាំងអស់ទៅឱ្យអាជ្ញាធរវៀតណាម។ នេះបើតាមក្រឹត្យច្បាប់ថ្មី ស្តីពីការពង្រឹងសុវត្ថិភាពអ៊ីនធ័រនែតដែលនឹងចូលជាធរមានចាប់ពីថ្ងៃពុធទី២៥ធ្នូ២០២៤ទៅ។ ក្រុមអ្នកការពារសិទ្ធិមនុស្ស បានរិះគន់វិធានការថ្មីនេះថាប៉ះពាល់ខ្លាំងដល់សេរីភាពនៃការបញ្ចេញមតិ។
ក្រិត្យលេខ១៤៧ ជាការរឹតបន្តឹងបន្ថែមពីលើច្បាប់ស្តីពីសុវត្ថិភាពអ៊ីនធ័រនែតអនុម័តកាលពីឆ្នាំ២០១៨។ ច្បាប់សុវត្ថិភាពអ៊ីនធ័រនែតនេះ ធ្លាប់រងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងសកម្មជនការពារសេរីភាពអនឡាញថា វៀតណាមកំពុងយកគំរូតាមចិនជិតខាង។
ចាប់ពីថ្ងៃពុធទី២៥ធ្នូ២០២៤ ថ្ងៃដែលក្រិត្យចូលជាធរមាន ច្បាប់វៀតណាមថ្មីតម្រូវឱ្យគ្រប់បណ្តាញឌីជីថល ទាំងរបស់អង្គការ ក្រុមហ៊ុន និង បរទេសជាលក្ខណៈឯកជនទាំងអស់ ត្រូវត្រួតពិនិត្យ ផ្ទៀងផ្ទាត់លេខអត្តសញ្ញាណប័ត្រ ឬលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ បន្ថែមពីលើឈ្មោះនិងថ្ងៃខែឆ្នាំកំណើត។ ម្ចាស់បណ្តាញត្រូវរក្សាស្តុកទុកទិន្នន័យព័ត៌មានទាក់ទងនឹងអ្នកប្រើប្រាស់ទាំងអស់ ដើម្បីអាចផ្ទេរព័ត៌មាន ទៅឱ្យអាជ្ញាធរ ដែលអាចទាមទារឱ្យដកឬបិទគណនី ក្នុងពេល២៤ម៉ោង ប្រសិនបើអ្នកប្រើប្រាស់បង្ហោះផ្សាយសារខុសច្បាប់។
យោងតាមក្រិត្យថ្មី ទាល់តែគណនីមានការបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរទេ ទើបអាចបង្ហោះវីដេអូដោយផ្សាយបន្តផ្ទាល់ (ឡាយ)បាន។ ដូច្នេះអ្នកប្រើប្រាស់បណ្តាញសង្គមជាអាជីព សម្រាប់រកប្រាក់ចំណូលប្រចាំថ្ងៃអាចនឹងត្រូវរងផលប៉ះពាល់និងរំខាន តាមផ្លូវច្បាប់។ បើតាមការប៉ាន់ស្មានរបស់ក្រសួងព័ត៌មាន វៀតណាមមានអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ៦៥លាននាក់ យូធូបវីដេអូ៦០លាននាក់ និងទិកតុក២០លាននាក់។
ក្រុមហ៊ុនយក្សផ្នែកអ៊ីនធ័រនែត ដូចជា Meta Google ឬTikTok មិនទាន់បញ្ចេញប្រតិកម្មទាក់ទងនឹងក្រិត្យច្បាប់ថ្មីរបស់វៀតណាមនេះទេ។ ប៉ុន្តែសម្រាប់អង្គការការពារសិទ្ធិមនុស្ស Human Rights Watch (HRW) ក្រិត្យថ្មី និងច្បាប់ស្តីពីសន្តិសុខអ៊ីនធ័រនែតទាំងអម្បាលម៉ាននៅវៀតណាម មិនការពារសាធារណជនអ្នកប្រើប្រាស់ក្នុងផ្នែកសុវត្ថិភាពដោយពិតប្រាកដទេ និងមិនគោរពច្បាប់ជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សឡើយ។ នេះបើតាមប្រសាសន៍របស់លោកស្រីនាយករងអង្គការHRWប្រចាំតំបន់អាស៊ី ដោយព្យាករថា ប៉ូលិសវៀតណាមនឹងចាប់ពាក្យរិះគន់លើរបបកុម្មុនិស្តដូចតាមដានបញ្ហាសន្តិសុខជាតិ ពោលគឺក្រិត្យថ្មីជាទម្រសម្រាប់បង្ក្រាបជនបះបោរ។ HRW បានអំពាវនាវឱ្យអាជ្ញាធរវៀតណាមប្តូរផ្លាស់សេចក្តីសម្រេចចិត្តដកក្រិត្យ១៤៧ដ៏តឹងតែងនេះចេញវិញ ព្រោះវាជាការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិនិងសិទ្ធប្រើប្រាស់បណ្តាញព័ត៌មានវិទ្យា។ សកម្មជនប្រឆាំងត្រូវប្រឈមនឹងហានិភ័យចាប់ខ្លួន នៅពេលបង្ហោះផ្សាយសារអនាមិកលើបណ្តាញសង្គម ឬមិនដូច្នេះទេ អ្នកប្រើប្រាស់បណ្តាញសង្គមនឹងដាក់បម្រាមលើខ្លួនឯង លែងហ៊ានបញ្ចេញយោបល់ផ្ទុយដើម្បីការពារខ្លួន។ នេះបើតាមទស្សនៈរបស់សកម្មជនប្រឆាំងង្វៀនហួងវី។
រីឯក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម បានអះអាងនិងការពារក្រិត្យច្បាប់ថ្មីនេះនៅចំពោះមុខបណ្តាញសារព័ត៌មានរដ្ឋថា ក្រិត្យថ្មី
ជាការធានាគ្រប់គ្រងឥរិយាបថអ្នកប្រើប្រាស់អ៊ីនធ័រនែត ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម សន្តិសុខជាតិ និងបូរណភាពជាតិក្នុងលំហឌីជីថល។ នៅវៀតណាមបណ្តាញសារព័ត៌មានទាំងអស់ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ និងគ្មានអ្នកសរសេរប្លុកឯករាជ្យទេ។ ខាងផ្នែកសេរីភាពសារព័ត៌មាន វៀតណាមជាប់ លេខ១៧៤លើ១៨០ប្រទេសនៅលើពិភពលោក។ នេះបើតាមចំណាត់ថ្នាក់របស់អង្គការអ្នកយកការណ៍គ្មានព្រំដែនដែលបញ្ជាក់ទៀតថា វៀតណាមប្រើវិធីចាប់ឃុំឃាំងអ្នកកាសែតច្រើនជាងគេបំផុតមួយ។ កាលពីខែតុលា២០២៤ ដួង វានថៃ អ្នកសរសេរប្លុកមានមនុស្សតាមដានជិត១សែនពីរម៉ឺននាក់ក្នុងយូធូប បានឡាយរិះគន់រដ្ឋាភិបាល និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំពីបទផ្សេងព័ត៌មានប្រឆាំងរដ្ឋ។
ជាចុងក្រោយ ក្រិត្យច្បាប់ថ្មី ក៏សំដៅប្រយុទ្ធប្រឆាំងនឹងការញៀនល្បែងវីដេអូអនឡាញដែរព្រោះបើតាមការិយាល័យប្រឹក្សាNewzoo មានប្រជាពលរដ្ឋវៀតណាមប្រមាណពាក់កណ្តាល(៥០លាននាក់) លេងល្បែងវីដេអូអនឡាញជាប្រចាំ។ ក្រិត្យថ្មីបានចែងឱ្យម្ចាស់អាខោនហ្កេមវីដេអូ ត្រូវកំហិតពេលលេង ត្រឹមមួយម៉ោងម្តង និងយ៉ាងច្រើនបំផុត១៨០នាទីក្នុងមួយថ្ងៃ៕