តើសង្គ្រាម​ពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ នឹងជះផលវិបាកអ្វីខ្លះ​ដល់សេដ្ឋកិច្ចពិភពលោក​?


Episode Artwork
1.0x
0% played 00:00 00:00
Feb 03 2025 6 mins   1

ដូចអ្វីដែលគេបានព្រួយបារម្ភ សង្គ្រាមពាណិជ្ជកម្ម​ដែល​លោក​ដូណាល់ ត្រាំបានគម្រាម នឹង​ចាប់​ផ្ដើម​ជាផ្លូវការហើយ នៅថ្ងៃអង្គារទី​៤កុម្ភៈនេះ។ សហរដ្ឋអាមេរិក​នឹងដំឡើងពន្ធចំនួន​ ២៥% លើទំនិញនាំចូល​ពីកាណាដា និងពីម៉ិកស៊ិក សម្រាប់ទំនិញចិន​ អត្រាពន្ធនាំចូលនឹងឡើងបន្ថែម​១០% ពីលើអត្រាពន្ធដែលមានស្រាប់។ លោកត្រាំអះអាងទៀតថា ទំនិញ​អឺរ៉ុប​ក៏នឹងមិន​រួចខ្លួនដែរ។ តើសង្គ្រាម​ពាណិជ្ជកម្មរបស់​លោកដូណាល់ ត្រាំ នឹងបង្កឲ្យ​មានផលវិបាកអ្វីខ្លះ ដល់សេដ្ឋកិច្ចពិភពលោក​ដែលកំពុងតែយ៉ាប់យ៉ឺនខ្លាំង​ទៅហើយ​នោះ?

ចាប់ពីថ្ងៃអង្គារទី​៤កុម្ភៈទៅ អត្រាពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក​​​នឹងចូលជាធរមាន។ សម្រាប់​ទំនិញ​​នាំចូលពី​កាណាដា ​និងពី​ម៉ិកស៊ិក អត្រាពន្ធថ្មីនឹងមានខ្ទង់​២៥% លើកលែងតែ​ទំនិញ​ប្រេងឥន្ធនៈដែល​មានអត្រាពន្ធ​១០%។ ចំណែក​ទំនិញនាំចូលពីចិនវិញ អត្រាពន្ធថ្មីនឹងត្រូវ​បន្ថែម​១០% ពីលើអត្រាពន្ធដែលមានរួចហើយ​​។ លោកដូណាល់ ត្រាំ បានគំរាមប្រាប់ថាឲ្យអឺរ៉ុបត្រៀមខ្លួនដែរទៅ ព្រោះលោក​នឹងដំឡើងពន្ធនាំចូលលើទំនិញអឺរ៉ុបដែរ​។

ជាការកត់សំគាល់ វិធានការថ្នាំខ្លាំងរបស់​លោក​ដូណាល់ ត្រាំ ដើម្បី​​​សង្កត់កទំនិញ​នាំចូល​ពីបរទេសនេះ បានធ្វើ​ឲ្យរញ្ជួយទីផ្សារមូលបត្រ ទាំងនៅអាស៊ីនិង​នៅអឺរ៉ុប​ ជាពិសេសគឺក្នុងវិស័យទំនិញ​រថយន្ត​។ តម្លៃប្រាក់ដុល្លារ បានឡើងថ្លៃខ្លាំង ធ្វើ​ឲ្យមានការព្រួយបារម្ភទៅដល់អនាគតសេដ្ឋកិច្ចពិភពលោក​ ដែល​អាចធ្លាក់ទៅក្នុងភាព​មិន​ប្រាកដប្រជា​។ តើវិស័យពាណិជ្ជកម្ម​ពិភពលោក​នឹងជួបបញ្ហាលំបាកឬ?

លើកនេះធ្ងន់ជាងលើកមុនទៀត!

គួររំលឹកថា អាណត្តិទីមួយរបស់​លោកដូណាល់ ត្រាំ ឆ្នាំ​២០១៧-២០២១ បានចារជាប់ក្នុងការចងចាំរួចមកហើយ ជាមួយនឹងការ​ដំឡើង​​អត្រាពន្ធច្រើនខ្លាំង ពិន័យ​លើទំនិញនាំចូលពីបរទេស។ តែលើកនេះ កម្លាំងកណ្តាប់ដៃ​ពន្ធរបស់​លោក​ដូណាល់ ត្រាំ គឺកាន់តែខ្លាំងជាងមុនទៀត។ ក្នុង​ពេល​ឃោសនាបោះឆ្នោត លោកត្រាំបាន​អះអាងថាលោកនឹងយក​ពន្ធនាំចូលពីទំនិញចិន ចំនួន​៦០% ។​

ជាការពិតណាស់ អត្រាពន្ធនាំចូលខ្ពស់កប់ពពក នឹងប្រាកដជា​វាយ​បំបាក់​ពាណិជ្ជកម្មពិភពលោក។ ប្រសិន​បើចិន​ និងសហភាព​អឺរ៉ុប សម្រេចដាក់វិធានការពន្ធសងសិកទៅ​លើទំនិញអាមេរិក​វិញ នោះបញ្ហា​នេះ​នឹងធ្វើ​ឲ្យ​អឺរ៉ុប​ខាតប្រាក់ចំណូលប្រមាណ​៥៣៣ពាន់​លានដុល្លារ ពីពេលនេះដល់ឆ្នាំ​២០២៩។​ ហើយ​ចិន​នឹងខាតប្រាក់ប្រមាណ​ ៨២៧ពាន់​លានដុល្លារ។ ចំណែកសេដ្ឋកិច្ច​អាមេរិក​វិញ នឹងខាតខ្ទង់៧៤៩ពាន់​លានដុល្លារ។ នេះបើផ្អែក​តាម​តួលេខវាយ​តម្លៃព្យាករដោយ ការិយាល័យ​ប្រឹក្សា​ Roland Berger។

"អ្នកណាខ្លាំង អ្នកនោះឈ្នះ"

លើសពី​បញ្ហា​​សេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោក សង្គ្រាមពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ កំពុង​តែធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យ​សហប្រតិបត្តិការអន្តរជាតិ​។ លោកស្រី Tara Varma អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Brookings បានលើកឡើងថា ពិភពលោក​ដើរដោយទ្រឹស្តីពហុភាគីនិយមប្រមាណ​៣០ឆ្នាំកន្លងមកនេះ គឺនឹងលែងមានជីវិតទៀតហើយ។ លោក​ដូណាល់ ត្រាំ នឹងកំទេចទ្រឹស្តីនេះ ហើយ​ពិភពលោក​នឹងឈានចូលទៅក្នុងស្ថានការណ៍ហិង្សា​ "អ្នកណាខ្លាំងអ្នកនោះឈ្នះ​"។

អាមេរិក​ខ្លួនឯងនឹងជួបការលំបាក​​

តែទន្ទឹមគ្នានេះ ស្ថានការណ៍ថ្មី​នេះ​ក៏នឹងធ្វើបាបសេដ្ឋកិច្ច ក៏ដូចជា​ជីវភាពរបស់ប្រជាជនអាមេរិក​ដែរ​។​ យ៉ាងណាមិញ លោកដូណាល់ ត្រាំខ្លួន​ឯងក៏បានទទួលស្គាល់ដែរ ថា​វិធានការ​អត្រាពន្ធពិន័យរបស់​លោក​ទៅលើទំនិញ​បរទេស នឹងបង្កកាលំបាកមួយចំនួន​មកលើសេដ្ឋកិច្ចអាមេរិក​។ ផ្អែក​តាម​វិទ្យាស្ថាន Peterson កម្មវិធី​នយោបាយ​សេដ្ឋកិច្ច​ដ៏សែនហិង្សារបស់​លោក​ដូណាល់ ត្រាំ នេះ នឹងធ្វើ​ឲ្យ​អត្រាអតិផរណារបស់អាមេរិក​ឡើងខ្ពស់ ពោលគឺខ្ទង់ប្រមាណ​៧ពិន្ទុភាគរយ នៅក្នុងឆ្នាំ​២០២៥នេះ​។ ចំណែក​ចិន​វិញ អត្រាអតិផរណា​អាចនឹងឡើង ខ្ទង់ ៤,៥ពិន្ទុ ហើយម៉ិកស៊ិកវិញ ប្រមាណ ២,៥ពិន្ទុ។

អត្រាពន្ធនាំចូលខ្ពស់ និងធ្វើ​ឲ្យ​តម្លៃទំនិញឡើងថ្លៃ។ ហើយ​បន្ថែមពីនេះ វិធានការ​បណ្តេញជនអន្តោប្រវេសន៍​ ដែលលោកដូណាល់ ត្រាំបានប្រកាសនោះ ក៏អាចជាកត្តាធ្វើ​ឲ្យ​អត្រាអតិផរណា​នៅអាមេរិក​កាន់តែឡើងខ្ពស់ដែរ​។ ផ្អែកតាម​ Pew Research Center យ៉ាងហោច​ណាស់ គឺមាន​ពលករកម្មករឬនយោជិកបរទេសដែល​គ្មានក្រដាសស្នាម ចំនួន​៨លាន​៣សែននាក់ ដែលអាចប្រឈមនឹង​ការចាប់បញ្ជូនចេញពីទឹកដីអាមេរិក​។ ដូច្នេះមានន័យថា ក្រុមហ៊ុនសហគ្រាសអាមេរិក នឹងត្រូវបង្ខំចិត្តរកកម្លាំងពលកម្មថ្មីដែលមានក្រដាសស្នាមស្នាក់នៅត្រឹមត្រូវ តែក៏ត្រូវបង់ប្រាក់ខែឲ្យខ្ពស់ដែរ បើប្រៀបទៅ​កម្លាំងពលកម្មដែលជាអន្តោប្រវេសន៍ខុសច្បាប់។ ការចំណាយ​លើក​ប្រាក់ខែ​ឡើងខ្ពស់ អត្រាអតិផរណា​​ក៏នឹងឡើងខ្ពស់​។

កត្តាឧបសគ្គដល់សេដ្ឋកិច្ច​ទាំងអស់នេះ នឹង​ទៅ​ទប់មិនឲ្យអត្រា​ការប្រាក់របស់ធនាគារកណ្តាលអាមេរិក​​​ធ្លាក់ចុះ​។ លោក Gilles Moec អ្នកវិភាគទីផ្សារនៅ​ធនាគារ Axa Group បានពន្យល់ថា អត្រាការប្រាក់ស្ថិតនៅ​ចំណុចមួយខ្ពស់ គឺវា​ប្រាកដជាញ៉ាំងមិន​ឲ្យ​ប្រជាជនទូទៅ ឬក៏សហគ្រាស ហ៊ានចាយវាយ​ឬក៏វិនិយោគ។ ជាក់ស្តែង កាលពី​ថ្ងៃពុធទី​២៩មករា ធនគារកណ្តាលអាមេរិក បានបញ្ជាក់គេនឹងរងចាំតាមដានសិន ស្តីពី​ផលវិបាក​នៃ​វិធានការ​សេដ្ឋកិច្ចរបស់លោកដូណាល់ ត្រាំ មុននឹងសម្រេចចេញវិធានការណាមួយ​ទាក់ទិននឹង​អត្រាការប្រាក់គោល​។

សេដ្ឋកិច្ចអាស៊ីអាចរងទុក្ខ

សង្គ្រាម​ពាណិជ្ជកម្ម​បញ្ឆេះឡើងដោយ​លោកដូណាល់ ត្រាំ នឹងប្រាកដជា​ដាក់ទំងន់ការលំបាក​ទៅលើសន្ទុះសេដ្ឋកិច្ចពិភពលោក ព្រោះថាសេដ្ឋកិច្ច​អាស៊ីនិងអាមេរិក​ ដែលជាកម្លាំងចលករ​ដឹកនាំសន្ទុះនេះ​ ត្រូវជួបការរាំងស្ទះ។ បច្ចុប្បន្ននេះ អាស៊ីចូលរួម​ប្រមាណ​៦០% នៅក្នុងកំណើន​សេដ្ឋកិច្ចពិភពលោក។ តែមូលនិធិរូបិយវត្ថុអន្តរជាតិបានទាញសញ្ញាអាសន្ន​ថា សន្ទុះសេដ្ឋកិច្ច​អាស៊ី​នឹងប្រាកដ​ជាជួប​ការលំបាក ដោយ​សារតែសង្គ្រាមពាណិជ្ជកម្មរបស់​លោកដូណាល់ ត្រាំ​។ យោងតាម​មូលនិធិរូបិយវត្ថុអន្តរជាតិ គេរំពឹងថាសេដ្ឋកិច្ចអាមេរិក​នឹងមានកំណើនប្រមាន​២,៧នៅឆ្នាំនេះ​។

ជាងនេះទៀត យោងតាម​អ្នកជំនាញ ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចអាមេរិក​អាចនឹងមានតិចតួចនៅដំណាក់កាលដំបូងពិតមែន។ តែទៅថ្ងៃមុខ គឺវា​នឹង​​កាន់តែធ្ងន់ធ្ងរទៅៗ ព្រោះថា ប្រទេសដ៏ទៃទៀត ប្រាកដជាចេញវិធានការសងសិក​ ធ្វើបាបទំនិញអាមេរិកវិញ។ ជាក់ស្តែង លោក​យូស្តាំង ទ្រុយដូ នាយករដ្ឋមន្ត្រីកាណាដា បាន​ប្រកាសភ្លាមនៅ​ថ្ងៃទី​២កុម្ភៈ ថាកាណាដានឹងដំឡើងពន្ធចំនួន​២៥% ទៅលើទំនិញអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ​១៥៥ពាន់លានដុល្លារ​។

លោក​ Jamie Thomson អ្នកជំនាញ​ម៉ាក្រូសេដ្ឋកិច្ចនៅ​ការិយាល័យ Oxford Economics បាន​លើកឡើងថា ការកាន់អំណាចជាថ្មីរបស់​លោក​ដូណាល់ ត្រាំ ក្នុងរយៈពេល​៤ឆ្នាំទៅមុខនេះ នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកយើង អស់ចំនួន​​ ០,៧៥ពិន្ទុភាគរយ។ ចំណែក​ការដោះដូរពាណិជ្ជកម្មពិភពលោក​វិញ នឹង​ត្រូវធ្លាក់ស្រុតប្រមាណ​៣% រវាងពីពេលនេះ​រហូតដល់ឆ្នាំ២០៣០៕