ដូចអ្វីដែលគេបានព្រួយបារម្ភ សង្គ្រាមពាណិជ្ជកម្មដែលលោកដូណាល់ ត្រាំបានគម្រាម នឹងចាប់ផ្ដើមជាផ្លូវការហើយ នៅថ្ងៃអង្គារទី៤កុម្ភៈនេះ។ សហរដ្ឋអាមេរិកនឹងដំឡើងពន្ធចំនួន ២៥% លើទំនិញនាំចូលពីកាណាដា និងពីម៉ិកស៊ិក សម្រាប់ទំនិញចិន អត្រាពន្ធនាំចូលនឹងឡើងបន្ថែម១០% ពីលើអត្រាពន្ធដែលមានស្រាប់។ លោកត្រាំអះអាងទៀតថា ទំនិញអឺរ៉ុបក៏នឹងមិនរួចខ្លួនដែរ។ តើសង្គ្រាមពាណិជ្ជកម្មរបស់លោកដូណាល់ ត្រាំ នឹងបង្កឲ្យមានផលវិបាកអ្វីខ្លះ ដល់សេដ្ឋកិច្ចពិភពលោកដែលកំពុងតែយ៉ាប់យ៉ឺនខ្លាំងទៅហើយនោះ?
ចាប់ពីថ្ងៃអង្គារទី៤កុម្ភៈទៅ អត្រាពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមាន។ សម្រាប់ទំនិញនាំចូលពីកាណាដា និងពីម៉ិកស៊ិក អត្រាពន្ធថ្មីនឹងមានខ្ទង់២៥% លើកលែងតែទំនិញប្រេងឥន្ធនៈដែលមានអត្រាពន្ធ១០%។ ចំណែកទំនិញនាំចូលពីចិនវិញ អត្រាពន្ធថ្មីនឹងត្រូវបន្ថែម១០% ពីលើអត្រាពន្ធដែលមានរួចហើយ។ លោកដូណាល់ ត្រាំ បានគំរាមប្រាប់ថាឲ្យអឺរ៉ុបត្រៀមខ្លួនដែរទៅ ព្រោះលោកនឹងដំឡើងពន្ធនាំចូលលើទំនិញអឺរ៉ុបដែរ។
ជាការកត់សំគាល់ វិធានការថ្នាំខ្លាំងរបស់លោកដូណាល់ ត្រាំ ដើម្បីសង្កត់កទំនិញនាំចូលពីបរទេសនេះ បានធ្វើឲ្យរញ្ជួយទីផ្សារមូលបត្រ ទាំងនៅអាស៊ីនិងនៅអឺរ៉ុប ជាពិសេសគឺក្នុងវិស័យទំនិញរថយន្ត។ តម្លៃប្រាក់ដុល្លារ បានឡើងថ្លៃខ្លាំង ធ្វើឲ្យមានការព្រួយបារម្ភទៅដល់អនាគតសេដ្ឋកិច្ចពិភពលោក ដែលអាចធ្លាក់ទៅក្នុងភាពមិនប្រាកដប្រជា។ តើវិស័យពាណិជ្ជកម្មពិភពលោកនឹងជួបបញ្ហាលំបាកឬ?
លើកនេះធ្ងន់ជាងលើកមុនទៀត!
គួររំលឹកថា អាណត្តិទីមួយរបស់លោកដូណាល់ ត្រាំ ឆ្នាំ២០១៧-២០២១ បានចារជាប់ក្នុងការចងចាំរួចមកហើយ ជាមួយនឹងការដំឡើងអត្រាពន្ធច្រើនខ្លាំង ពិន័យលើទំនិញនាំចូលពីបរទេស។ តែលើកនេះ កម្លាំងកណ្តាប់ដៃពន្ធរបស់លោកដូណាល់ ត្រាំ គឺកាន់តែខ្លាំងជាងមុនទៀត។ ក្នុងពេលឃោសនាបោះឆ្នោត លោកត្រាំបានអះអាងថាលោកនឹងយកពន្ធនាំចូលពីទំនិញចិន ចំនួន៦០% ។
ជាការពិតណាស់ អត្រាពន្ធនាំចូលខ្ពស់កប់ពពក នឹងប្រាកដជាវាយបំបាក់ពាណិជ្ជកម្មពិភពលោក។ ប្រសិនបើចិន និងសហភាពអឺរ៉ុប សម្រេចដាក់វិធានការពន្ធសងសិកទៅលើទំនិញអាមេរិកវិញ នោះបញ្ហានេះនឹងធ្វើឲ្យអឺរ៉ុបខាតប្រាក់ចំណូលប្រមាណ៥៣៣ពាន់លានដុល្លារ ពីពេលនេះដល់ឆ្នាំ២០២៩។ ហើយចិននឹងខាតប្រាក់ប្រមាណ ៨២៧ពាន់លានដុល្លារ។ ចំណែកសេដ្ឋកិច្ចអាមេរិកវិញ នឹងខាតខ្ទង់៧៤៩ពាន់លានដុល្លារ។ នេះបើផ្អែកតាមតួលេខវាយតម្លៃព្យាករដោយ ការិយាល័យប្រឹក្សា Roland Berger។
"អ្នកណាខ្លាំង អ្នកនោះឈ្នះ"
លើសពីបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោក សង្គ្រាមពាណិជ្ជកម្មរបស់លោកដូណាល់ ត្រាំ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យសហប្រតិបត្តិការអន្តរជាតិ។ លោកស្រី Tara Varma អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Brookings បានលើកឡើងថា ពិភពលោកដើរដោយទ្រឹស្តីពហុភាគីនិយមប្រមាណ៣០ឆ្នាំកន្លងមកនេះ គឺនឹងលែងមានជីវិតទៀតហើយ។ លោកដូណាល់ ត្រាំ នឹងកំទេចទ្រឹស្តីនេះ ហើយពិភពលោកនឹងឈានចូលទៅក្នុងស្ថានការណ៍ហិង្សា "អ្នកណាខ្លាំងអ្នកនោះឈ្នះ"។
អាមេរិកខ្លួនឯងនឹងជួបការលំបាក
តែទន្ទឹមគ្នានេះ ស្ថានការណ៍ថ្មីនេះក៏នឹងធ្វើបាបសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាជនអាមេរិកដែរ។ យ៉ាងណាមិញ លោកដូណាល់ ត្រាំខ្លួនឯងក៏បានទទួលស្គាល់ដែរ ថាវិធានការអត្រាពន្ធពិន័យរបស់លោកទៅលើទំនិញបរទេស នឹងបង្កកាលំបាកមួយចំនួនមកលើសេដ្ឋកិច្ចអាមេរិក។ ផ្អែកតាមវិទ្យាស្ថាន Peterson កម្មវិធីនយោបាយសេដ្ឋកិច្ចដ៏សែនហិង្សារបស់លោកដូណាល់ ត្រាំ នេះ នឹងធ្វើឲ្យអត្រាអតិផរណារបស់អាមេរិកឡើងខ្ពស់ ពោលគឺខ្ទង់ប្រមាណ៧ពិន្ទុភាគរយ នៅក្នុងឆ្នាំ២០២៥នេះ។ ចំណែកចិនវិញ អត្រាអតិផរណាអាចនឹងឡើង ខ្ទង់ ៤,៥ពិន្ទុ ហើយម៉ិកស៊ិកវិញ ប្រមាណ ២,៥ពិន្ទុ។
អត្រាពន្ធនាំចូលខ្ពស់ និងធ្វើឲ្យតម្លៃទំនិញឡើងថ្លៃ។ ហើយបន្ថែមពីនេះ វិធានការបណ្តេញជនអន្តោប្រវេសន៍ ដែលលោកដូណាល់ ត្រាំបានប្រកាសនោះ ក៏អាចជាកត្តាធ្វើឲ្យអត្រាអតិផរណានៅអាមេរិកកាន់តែឡើងខ្ពស់ដែរ។ ផ្អែកតាម Pew Research Center យ៉ាងហោចណាស់ គឺមានពលករកម្មករឬនយោជិកបរទេសដែលគ្មានក្រដាសស្នាម ចំនួន៨លាន៣សែននាក់ ដែលអាចប្រឈមនឹងការចាប់បញ្ជូនចេញពីទឹកដីអាមេរិក។ ដូច្នេះមានន័យថា ក្រុមហ៊ុនសហគ្រាសអាមេរិក នឹងត្រូវបង្ខំចិត្តរកកម្លាំងពលកម្មថ្មីដែលមានក្រដាសស្នាមស្នាក់នៅត្រឹមត្រូវ តែក៏ត្រូវបង់ប្រាក់ខែឲ្យខ្ពស់ដែរ បើប្រៀបទៅកម្លាំងពលកម្មដែលជាអន្តោប្រវេសន៍ខុសច្បាប់។ ការចំណាយលើកប្រាក់ខែឡើងខ្ពស់ អត្រាអតិផរណាក៏នឹងឡើងខ្ពស់។
កត្តាឧបសគ្គដល់សេដ្ឋកិច្ចទាំងអស់នេះ នឹងទៅទប់មិនឲ្យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកធ្លាក់ចុះ។ លោក Gilles Moec អ្នកវិភាគទីផ្សារនៅធនាគារ Axa Group បានពន្យល់ថា អត្រាការប្រាក់ស្ថិតនៅចំណុចមួយខ្ពស់ គឺវាប្រាកដជាញ៉ាំងមិនឲ្យប្រជាជនទូទៅ ឬក៏សហគ្រាស ហ៊ានចាយវាយឬក៏វិនិយោគ។ ជាក់ស្តែង កាលពីថ្ងៃពុធទី២៩មករា ធនគារកណ្តាលអាមេរិក បានបញ្ជាក់គេនឹងរងចាំតាមដានសិន ស្តីពីផលវិបាកនៃវិធានការសេដ្ឋកិច្ចរបស់លោកដូណាល់ ត្រាំ មុននឹងសម្រេចចេញវិធានការណាមួយទាក់ទិននឹងអត្រាការប្រាក់គោល។
សេដ្ឋកិច្ចអាស៊ីអាចរងទុក្ខ
សង្គ្រាមពាណិជ្ជកម្មបញ្ឆេះឡើងដោយលោកដូណាល់ ត្រាំ នឹងប្រាកដជាដាក់ទំងន់ការលំបាកទៅលើសន្ទុះសេដ្ឋកិច្ចពិភពលោក ព្រោះថាសេដ្ឋកិច្ចអាស៊ីនិងអាមេរិក ដែលជាកម្លាំងចលករដឹកនាំសន្ទុះនេះ ត្រូវជួបការរាំងស្ទះ។ បច្ចុប្បន្ននេះ អាស៊ីចូលរួមប្រមាណ៦០% នៅក្នុងកំណើនសេដ្ឋកិច្ចពិភពលោក។ តែមូលនិធិរូបិយវត្ថុអន្តរជាតិបានទាញសញ្ញាអាសន្នថា សន្ទុះសេដ្ឋកិច្ចអាស៊ីនឹងប្រាកដជាជួបការលំបាក ដោយសារតែសង្គ្រាមពាណិជ្ជកម្មរបស់លោកដូណាល់ ត្រាំ។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ គេរំពឹងថាសេដ្ឋកិច្ចអាមេរិកនឹងមានកំណើនប្រមាន២,៧នៅឆ្នាំនេះ។
ជាងនេះទៀត យោងតាមអ្នកជំនាញ ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចអាមេរិកអាចនឹងមានតិចតួចនៅដំណាក់កាលដំបូងពិតមែន។ តែទៅថ្ងៃមុខ គឺវានឹងកាន់តែធ្ងន់ធ្ងរទៅៗ ព្រោះថា ប្រទេសដ៏ទៃទៀត ប្រាកដជាចេញវិធានការសងសិក ធ្វើបាបទំនិញអាមេរិកវិញ។ ជាក់ស្តែង លោកយូស្តាំង ទ្រុយដូ នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសភ្លាមនៅថ្ងៃទី២កុម្ភៈ ថាកាណាដានឹងដំឡើងពន្ធចំនួន២៥% ទៅលើទំនិញអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ១៥៥ពាន់លានដុល្លារ។
លោក Jamie Thomson អ្នកជំនាញម៉ាក្រូសេដ្ឋកិច្ចនៅការិយាល័យ Oxford Economics បានលើកឡើងថា ការកាន់អំណាចជាថ្មីរបស់លោកដូណាល់ ត្រាំ ក្នុងរយៈពេល៤ឆ្នាំទៅមុខនេះ នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកយើង អស់ចំនួន ០,៧៥ពិន្ទុភាគរយ។ ចំណែកការដោះដូរពាណិជ្ជកម្មពិភពលោកវិញ នឹងត្រូវធ្លាក់ស្រុតប្រមាណ៣% រវាងពីពេលនេះរហូតដល់ឆ្នាំ២០៣០៕