Feb 10 2025 6 mins 2
ជំនួបកំពូលស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បើកទ្វារនៅថ្ងៃទី១០កុម្ភៈ នៅទីក្រុងប៉ារីសប្រទេសបារាំង។ មានរយៈពេល២ថ្ងៃ ជំនួបកំពូលនេះមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេសធំៗ តំណាងក្រុមហ៊ុនបច្ចេកវិទ្យា អ្នកស្រាវជ្រាវ ព្រមទាំងអង្គការអន្តរជាតិជាច្រើន។ ផ្អែកតាមវិមានប្រធានាធិបតីបារាំងដែលជាអ្នករៀបចំកម្មវិធី កម្មវត្ថុនៃជំនួបកំពូលនេះ គឺនឹងផ្តោតសំខាន់ទៅលើការជជែកគ្នាស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បម្រើដល់ប្រយោជន៍មនុស្សជាតិ និងដោយធានាឲ្យមានវិធានច្បាប់ គ្រប់គ្រងបច្ចេកវិទ្យានេះឲ្យត្រឹមត្រូវផងដែរ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលយើងហៅកាត់ថា AI កំពុងតែធ្វើឲ្យកក្រើកពេញពិភពលោក ដោយអ្នកជំនាញក្នុងវិស័យនេះសុទ្ធតែអះអាងថាវាគឺជាអនាគត ព្រោះAI នឹងចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងគ្រប់វិស័យទាំងអស់។ តែទន្ទឹមនឹងនេះ ក៏មានការព្រួយបារម្ភ ភ័យផងដែរ ទាក់ទិននឹងផលវិបាក ក៏ដូចជាគ្រោះថ្នាក់ បណ្តាលមកពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ដោយហេតុនេះហើយ ទើបគេរៀបចំជំនួបកំពូលអន្តរជាតិនេះឡើង ដើម្បីប្រមូលគ្រប់តួអង្គ គ្រប់ភាគីទាំងអស់ ដែលមានចំណែកពាក់ព័ន្ធក្នុងវិស័យនេះ មកនិយាយពិភាក្សាគ្នា។
១៥០០នាក់ចូលរួម ទាំងថ្នាក់ដឹកនាំរដ្ឋនិងនាយកក្រុមហ៊ុនបច្ចេកវិទ្យា
ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត ដែលប្រព្រឹត្តិធ្វើទៅនៅឯ មហាវិមាន Grand Palais កណ្តាលទីក្រុងប៉ារីស គឺជាជំនួបកំពូលលើកទី៣ហើយ។ មានរយៈពេល២ថ្ងៃ ពីថ្ងៃទី១០ដល់១១កុម្ភៈ ជំនួបកំពូលនេះ មានមនុស្សចូលរួមប្រមាណ១៥០០នាក់ ដែលក្នុងនោះ គឺមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាង១០០ប្រទេស។ បារាំងមិនមែនមានរៀបចំតែម្នាក់ឯងទេ គឺមានការចូលរួមសហការធ្វើជាសហប្រធាន ពីសំណាក់រដ្ឋាភិបាលឥណ្ឌាដែរ។ យ៉ាងណាមិញ លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាក៏មកចូលរួមដែរ ជាមួយនឹង លោកអនុប្រធានាធិបតីចិន អនុប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រីកាណាដាជាដើម។
ក្រៅពីនេះ ជំនួបកំពូលនេះ គឺប្រមូលផ្តុំទៅដោយ អគ្គនាយកឬថ្នាក់ដឹកនាំ នៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ តួយ៉ាង លោក Sam Altman អគ្គនាយក OpenAI ដែលជាម្ចាស់កម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT លោក Sundar Pichai អគ្គនាយកក្រុមហ៊ុនGoogle លោក Dario Amodei អគ្គនាយកក្រុមហ៊ុន Anthropic របស់អាមេរិកជាដើម។
ថ្នាក់ដឹកនាំ និងអ្នកជំនាញទាំងនេះ នឹងជជែកគ្នានៅក្នុងកិច្ចពិភាក្សាតុមូល លើប្រធានបទជាច្រើនជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយរាប់ទាំង ឱកាសថ្មីៗបង្កើតឡើងដោយបច្ចេកវិទ្យានេះ ពោលគឺចំណុចវិជ្ជមានដែលAI អាចផ្តល់ឱ្យ ព្រមទាំងគ្រោះថ្នាក់មួយចំនួន ដែលអាចនៅពីក្រោយបច្ចេកវិទ្យានេះ។ គ្រោះថ្នាក់ វាអាចមានដូចជា បញ្ហាវាយប្រហារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺនែត ឬមួយក៏ប្រត្យក្សភាពនៃខ្លឹមសារព័ត៌មានជាដើម។
បើកសេរី ឬត្រូវមានក្របខណ្ឌច្បាប់គ្រប់គ្រងAI?
បញ្ញាសិប្បនិម្មិតបានបង្កឲ្យមានការព្រួយបារម្ភ មិនត្រឹមតែវាអាចប៉ះពាល់ទៅលើការងាររបស់មនុស្សទេ តែវាអាចធ្វើឲ្យមានភាពច្របូកច្របល់ ស្តីពីការពិតជាក់ស្តែង ឬប្រត្យក្សភាពនៃខ្លឹមសារព័ត៌មានទាំងឡាយ ដែលបង្កើតឡើងដោយAI។ ការព្រួយបារម្ភទាំងនេះ តម្រូវឲ្យអ្នកជំនាញ ត្រូវតែស្វែងរកបទដ្ឋានក្របខណ្ឌអន្តរជាតិមួយ ដើម្បីគ្រប់គ្រងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ បញ្ហានេះគឺវាធំសំខាន់ ហើយដែលអាចមានគោលជំហរខុសៗគ្នា រវាងប្រទេសនីមួយៗ និងរវាងអ្នកជំនាញក្នុងវិស័យនេះ។ នៅក្នុងជំនួបកំពូលនេះ គឺគេនឹងជជែកគ្នា អំពីភាពចាំបាច់ដែលត្រូវតែស្វែងរកក្របខណ្ឌរដ្ឋបាលអន្តរជាតិមួយ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសម្បនិម្មិត កុំឲ្យវាដើរហួសដោយសេរីជ្រុលហួសហេតុពេក ហើយដែលវាអាចប៉ះពាល់សន្តិសុខជាតិ សិទ្ធិសេរីភាព ឯកជនភាព ឬក៏កម្មសិទ្ធិបញ្ញាជាដើម។
តាមពិត គោលជំហររៀបចំក្របខណ្ឌច្បាប់ឲ្យបានត្រឹមត្រូវនេះ គឺខាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក មិនសូវជាចង់ទេ ដោយគេលើកឡើងថា វានឹងដាក់ឧបសគ្គដល់ការរីកចម្រើនរបស់AI ហើយជាពិសេសនោះ គឺប៉ះពាល់ជំនួញរបស់គេតែម្តង។ តែយ៉ាងណា សម្រាប់បារាំង ក៏ដូចជាសហភាពអឺរ៉ុប គឺគេមានជំហរ ថាត្រូវតែមានក្រមខណ្ឌច្បាប់គ្រប់គ្រង កុំឲ្យម្នាក់ៗ ធ្វើអ្វីបានតាមតែចិត្តនឹកឃើញ។ ជាក់ស្តែងថ្មីៗនេះ ដូចយើងបានដឹងហើយថាចិនបានចេញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីមួយ ឈ្មោះថា DeepSeek ដ៏មានកម្លាំងខ្លាំងក្លា។ តែទន្ទឹមនឹងនេះ បច្ចេកវិទ្យានេះបង្កឲ្យមានការបារម្ភព្រោះថាវាមិនទាន់មានតម្លាភាព ហើយគេមិនទុកចិត្តរដ្ឋាភិបាលចិនឬក៏ក្រុមហ៊ុនចិន ដែលអាចចូលទៅប្រមូលទិន្នន័យយ៉ាងគំហុក ដើម្បីបម្រើផលប្រយោជន៍ខ្លួន មិនថាសេដ្ឋកិច្ចពាណិជ្ជកម្ម ឬភូមិសាស្ត្រនយោបាយ។
ដូច្នេះ អ្វីដែលគេនឹងជជែកគ្នានៅពេលនេះ គឺថាតើត្រូវធ្វើដូចម្តេច ដើម្បីអាចគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបាន កុំឲ្យវាដើរហួសចូលដល់ចំណុចគ្រោះថ្នាក់ ឬត្រូវគេយកទៅប្រើក្នុងចេតនាអាក្រក់។ យ៉ាងហោចណាស់ មានប្រទេសប្រមាណ៦០ ដែលអះអាងថាគេចង់ចូលរួមបង្កើត សម្ព័ន្ធសហប្រតិការពិភពលោកមួយ ស្តីពីការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ។
មហាគម្រោងវិនិយោគនៅបារាំង
កាលពីថ្ងៃអាទិត្យ មុនបើកជំនួបកំពូលនេះមួយថ្ងៃ បារាំងបានប្រកាសសហការជាមួយប្រទេស៨ទៀត បង្កើតសម្ព័ន្ធភាពមួយឈ្មោះថា Current AI។ សម្ព័ន្ធសហប្រតិបត្តិការនេះមានការចូលរួមពីមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាចំនួន១១ និងដោយមានការសន្យាទឹកប្រាក់វិនិយោគ ចំនួន៤០០ពាន់លានដុល្លារ។ គម្រោងនេះ នឹងផ្តោតការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត តាមរយៈការប្រមូលទិន្នន័យទាំងឯកជនទាំងសាធារណៈ នៅក្នុងវិស័យសុខាភិបាល វិស័យអប់រំជាដើម។ លក្ខណៈពិសេសរបស់គម្រោងនេះ គឺគេចង់ធ្វើយ៉ាងណា លើកកំពស់ឲ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅថ្ងៃអនាគត កាន់តែមានតម្លាភាព មានសន្តិសុខ ហើយព្រមទាំងអាចចូលរួមវាយតម្លៃ ទៅលើផលប៉ះពាល់ទាំងអម្បាលម៉ាណ ដែលអាចមានទៅលើសង្គម បរិស្ថាន និងបច្ចេកវិទ្យា។
ជាមួយគ្នានេះដែរ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានឆ្លៀតឱកាសជំនួបកំពូលដែលបារាំងរៀបចំនេះ ប្រកាសអំពីគម្រោងវិនិយោគដ៏ធំមហិមានៅក្នុងវិស័យបច្ចេកវិទ្យាAI។ ផ្អែកតាមសំដីលោកម៉ាក្រុង គម្រោងទាំងនេះ មានទឹកប្រាក់វិនិយោគសរុប ១០៩ពាន់លានអឺរ៉ូ។ ក្នុងគម្រោងនេះ គឺមានជាអាទិ៍ ការសាងសង់ទីតាំងស្តុកទិន្នន័យដ៏ធំ និងជាមជ្ឈមណ្ឌលប្រតិបត្តិការAI ក្នុងតម្លៃទឹកប្រាក់ ខ្ទង់ ៣០ទៅ៥០ពាន់លានអឺរ៉ូ ដែលប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាអ្នកវិនិយោគនៅបារាំង។ មូលនិធិ Brookfield របស់កាណាដា ក៏វិនិយោគ២០ពាន់លានអឺរ៉ូដែរ នៅក្នុងការបង្កើតមជ្ឈមណ្ឌលស្តុកទិន្នន័យនៅបារាំង
បារាំងមានសក្តានុពលក្នុងវិស័យបញ្ញាសិប្បនិម្មិត
តាមរយៈការប្រកាសគម្រោងធំៗទាំងនេះ គេឃើញថាបារាំងបានទាក់ទាញវិនិយោគបានច្រើនណាស់ នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត ព្រោះថាការពិតបារាំងមានសក្តានុពលច្រើន។ ទីមួយ បារាំងមានប្រព័ន្ធអប់រំបណ្តុះបណ្តាលអ្នកជំនាញស្រាវជ្រាវពូកែៗ នៅក្នុងវិស័យបច្ចេកវិទ្យាតាំងតែពីយូរឆ្នាំមកហើយ។ ហើយមួយទៀត គឺបរិយាកាសច្បាប់ទូទៅរបស់បារាំង ដែលធ្វើឲ្យអ្នកវិនិយោគទុកចិត្តយូរអង្វែង។ ហើយអ្វីដែលមិនអាចប្រហែសបាននោះ គឺបញ្ហាថាមពលចរន្តអគ្គិសនីដែលចាំបាច់ដើម្បីផ្គត់ផ្គង់ម៉ាស៊ីនបច្ចេកវិទ្យាទាំងនេះ។ ដូចយើងដឹងហើយ បច្ចេកវិទ្យាAI ស៊ីភ្លើងខ្លាំងណាស់ ព្រោះទីតាំងស្តុកទិន្នន័យធំៗ ដែលប្រើសុទ្ធតែម៉ាស៊ីនកំព្យូទ័រដ៏មានកម្លាំងខ្លាំងមហិមា ត្រូវដំណើរការ២៤ម៉ោងលើ២៤ម៉ោង។ បញ្ហាបរិស្ថានក៏ជាផ្នែកមួយដែលគេត្រូវគិតដែរ នៅក្នុងវិស័យនេះ ហើយបើនិយាយពីវិស័យថាមពលអគ្គិសនីនេះ បារាំងស្ថិតនៅចំណាត់ថ្នាក់ល្អ ព្រោះមានថាមពលនុយក្លេអ៊ែរច្រើន មិនបញ្ចេញឧស្ម័នកាបូនិក។
នៅថ្ងៃអង្គារទី១១កុម្ភៈ ថ្ងៃចុងក្រោយនៃជំនួបកំពូល នឹងមានវេទិកាធំ ចូលរួមដោយថ្នាក់ដឹកនាំប្រទេសទាំងអស់។ ផ្អែកតាមសំដីលោកម៉ាក្រុង គឺបារាំងសង្ឃឹមថា នៅចុងបញ្ចប់នៃជំនួបកំពូលនេះ គ្រប់ភាគីទាំងអស់ទាំងរដ្ឋទាំងឯកជន នឹងរួមគ្នាសន្យា ធ្វើឲ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅថ្ងៃអនាគត ក្លាយជាបច្ចេកវិទ្យាដែលគោរពបរិស្ថាន មានចីរភាពជានិរន្ត តែទន្ទឹមនឹងនេះ ក៏មិនត្រូវឲ្យមានក្របខណ្ឌច្បាប់ គ្រប់គ្រងតឹងតែពេកនោះដែរ៕