លោកខាងលិចបោះដៃទៅរកមេដឹកនាំថ្មី​របស់ស៊ីរី ដែលស្ថិតក្នុងបញ្ជីឈ្មោះក្រុមភេរវនិយមរបស់អាមេ


Episode Artwork
1.0x
0% played 00:00 00:00
Dec 17 2024 6 mins   1

ចាប់តាំងពីក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ផ្តួលរំលំរបបបាស្ហាអាល់អាសាដ និងចូលកាន់អំណាច​ដឹកនាំ​រដ្ឋាភិបាល​អន្តរកាលនៅ​ស៊ីរី ថ្នាក់ដឹកនាំ​ប្រទេស​លោកខាងលិច​ ដែលនៅក្នុងនោះមាន​សហរដ្ឋអាមេរិក​បាន​បោះដៃ ជាមួយថ្នាក់ដឹកនាំថ្មី​របស់ស៊ីរី។ នៅថ្ងៃអាទិត្យ​ទី​១៥​ធ្នូ បេសកជនពិសេស​របស់អង្គការ​សហប្រជាជាតិ​ធ្វើដំណើរទៅដល់រដ្ឋធានីដាម៉ាស ក្នុង​ខណៈពេល​ដែល​បារាំង និង​តួកគី នៅដើមសប្តាហ៍នេះ​​បាន​ត្រលប់​ទៅ​បង្ហូតទង់ជាតិនៅស្ថានទូតរៀងៗខ្លួនបន្ទាប់ពីអវត្តមានជាង​១០ឆ្នាំ នៅ​ស៊ីរី។ ក្រោយពី​របបបាស្ហា អាល់អាសាដ​ដួលរលំ សម្ព័ន្ធមិត្ត​រុស្ស៊ី និងអ៊ីរ៉ង់ដកខ្លួន​ថយ ចំណែក អាមេរិក និងអង់គ្លេស​ប្រកាសភ្ជាប់ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំស៊ីរីថ្មី ដែលគ្មានអ្នកណាក្រៅពី​ក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម Hayat Tahrir Al-Sham ដែល​អាមេរិក​នៅ​តែចាត់ទុកជា​ក្រុមភេរវនិយម និងស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

បេសកកម្ម​ទូត​របស់​ប្រទេស​លោកខាងលិច ដូចជា​បារាំង អាល្លឺម៉ង់ និងអង់គ្លេស​​បាន​ធ្វើដំណើរ​បន្តបន្ទាប់គ្នា​ទៅ​រដ្ឋធានីដាម៉ាស ដើម្បី​ជួបពិភាក្សា​ជាមួយ​ក្រុមឧទ្ទាម​ប្រដាប់អាវុធ ដែលជា​អ្នកកាន់អំណាច​ថ្មី នៅ​ស៊ីរី។ នៅថ្ងៃអង្គារ សហភាពអឺរ៉ុប​ប្រកាស​បញ្ជូន​អ្នកតំណាងរបស់ខ្លួន​ទៅ​រដ្ឋធានីដាម៉ាស ចំណែក​​ក្រសួងការបរទេស​អាមេរិក​អះអាងថា បាន​ភ្ជាប់ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​ថ្មី​របស់​ស៊ីរី។

នៅមុន​បារាំង​ត្រលប់ទៅដាក់​ទង់ជាតិ​កាលពីថ្ងៃអង្គារ តួកគី ប្រទេស​សមាជិករបស់អូតង់​បាន​ត្រលប់​ទៅបង្ហូតទង់ជាតិនៅស្ថានទូតរបស់ខ្លួន​នៅ​រដ្ឋធានី​ដាម៉ាស បន្ទាប់ពីដកខ្លួន​ចេញពី​ស៊ីរី ១៣ឆ្នាំ ចាប់តាំង​ផ្ទុះសង្រ្គាមស៊ីវិល​នៅ​ស៊ីរី។

ប្រទេស​លោកខាងលិច​បញ្ជូន​បេសកកម្មទូត ទៅកាន់រដ្ឋធានីដាម៉ាស ខណៈពេល​ដែលអ៊ីរ៉ង់ និង​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​របស់​របបដឹកនាំ​បាស្ហាអាល់ អាសាដ​ ចាប់ផ្តើមដកខ្លួនថយបណ្តើរៗ​ចេញពី​ស៊ីរី។ នៅថ្ងៃ​ចន្ទ រុស្ស៊ី​ប្រកាស​ដកមន្រ្តីទូត​មួយចំនួន​ចេញពីដាម៉ាស និង​ដកកងទ័ពរបស់ខ្លួន​ចេញពី​មូលដ្ឋានទ័ពអាកាស និង​ជើងទឹក​ ប្រចាំការ​នៅ​ស៊ីរី។ អ៊ីរ៉ង់​ឯណោះវិញ បាន​ប្រកាស​រង់ចាំ​ពេលវេលា​សមរម្យ ដើម្បីត្រលប់ទៅ​បើកទ្វារស្ថានទូតរបស់ខ្លួន​ឡើងវិញ។ ស្ថានទូត​អ៊ីរ៉ង់​ដែល​រងការបំផ្លាញខ្ទេចខ្ទីរដោយសារ​ស្នាដៃ​របស់​ក្រុមឧទ្ទាមប្រដាប់អាវុធ​ដែល​ចោទអ៊ីរ៉ង់​ថា ជាអ្នកនៅពីក្រោយខ្នង ផ្តល់​ជំនួយយោធា ជួយការពាររបបបាស្ហា អាល់អាសាដរហូតមក។

អាជ្ញាធរ​ស៊ីរី​ថ្មីដឹកនាំដោយ​ក្រុម​ប្រដាប់អាវុធអ៊ីស្លាម Hayat Tahir al-Sham (HTS) ធ្លាប់និយាយ​បើកដៃ​ស្វា​គម​គ្រប់ប្រទេស​ដើម្បី​ជួយកសាងស្តារ​ស៊ីរី​ដែលខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​សង្រ្គាម​ស៊ីវិល​ជាង​១៣ឆ្នាំ។ រដ្ឋអំណាចថ្មី​របស់​ស៊ីរី អះអាងថា ត្រូវជាមួយគ្រប់គ្នា ប៉ុន្តែ ទំនង​មិនអាច​ចុះសម្រុងល្អូកល្អើន​ជាមួយ​អ៊ីរ៉ង់ និងរុស្ស៊ី ព្រោះប្រទេស​ទាំងពីរ ជាអ្នកគាំទ្រ ជួយឧបត្ថម្ភ​របប​បាស្ហា អាល់អាសាដ​ឲ្យមានកម្លាំង​យោធា​វាយប្រហារទៅលើ​ក្រុមឧទ្ទាមក​ន្លងមក។ ម្យ៉ាង បើបោះដៃ​ជាមួយ​រុស្ស៊ី នោះ​ក្រុមឧទ្ទាម​​ខ្លាច​ថា រុស្ស៊ី​នឹងអាចនាំយកគ្រួសារ​លោកកអាសាដមក​ដឹកនាំ​ស៊ីរីសាជាថ្មី។

ផ្ទុយពីអ៊ីរ៉ង់ និង​ស៊ីរី ប្រទេស​លោកខាងលិច ដែល​រិះគន់​ការដឹកនាំផ្តាច់ការ​របស់​ប្រធានាធិបតី​បាស្ហា អាល់អាសាដ មិន​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​ក្រុមឧទ្ទាមប្រដាប់អាវុធដែលជាអ្នកកាន់អំណាច​ថ្មី នៅស៊ីរីនោះទេ។ ដោយសារ​ការដកខ្លួនរបស់​អ៊ីរ៉ង់ និងរុស្ស៊ី ប្រទេស​លោកខាងលិច បាន​ឆ្លៀត​រំកិល​កូនអុករបស់ខ្លួន​ទៅក្នុង​ទឹកដី​ស៊ីរី។ នៅពេលតួកគីបាន​ប្រយោជន៍​ច្រើនជាពិសេស​ភូមិសាស្រ្តនយោបាយ និងយោធា​នៅក្នុងទឹកដី​ស៊ីរី ​ប្រទេស​លោកខាងលិច ដូចជា​បារាំង អង់គ្លេស ឬ​អាល្លឺម៉ង់ សង្ឃឹម​កសាងទំនាក់ទំនង​ជាមួយ​មេដឹកនាំថ្មីរបស់ស៊ីរី ដើម្បី​បញ្ឈឺចិត្ត​រុស្ស៊ី និងអ៊ីរ៉ង់​ដែលបាត់បង់​ឥទ្ធិពល​សឹងទាំងស្រុង​នៅ​ស៊ីរី ដោយសារ​តែការដួលរលំអំណាច​របស់​លោកបាស្ហា អាល់អាសាដ។ លោកខាងលិច​អាច​ប្រើប្រាស់​ស្ថានការណ៍ នយោបាយក្រឡាប់ចាក់​នេះ ទៅដាក់សម្ពាធ​លើអ៊ីរ៉ង់ក្នុងការចរចានុយក្លេអ៊ែរយោធា​របស់អ៊ីរ៉ង់។

ចង់បាន​ឥទ្ធិពលនយោបាយ​នៅស៊ីរី លោកខាងលិច​បាន​បោះដៃ​ទៅរកថ្នាក់ដឹកនាំ​ស៊ីរីថ្មី ដែល​តាម​ពិត​កំពុង​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ទាំង​ចលនា​ប្រដាប់អាវុធ Hayat Tahrir Al-Sham និង​មេដឹកនាំ ឈ្មោះ Ahmed Hussein al Charaa ​ដែល​មាន​ឈ្មោះ​ដើមក្នុង​ជួរ​កងទ័ពថា​ Abou Mohammed​​ al Joulani សុទ្ធតែ​ស្ថិតក្នុង​បញ្ជីដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិតាំង​ពី​ឆ្នាំ ២០១៤។ មូលហេតុ​ គឺ​ក្រុមនេះ​ដែលធ្លាប់មាន​ឈ្មោះថា រណសិរ្ស នូស្រាធ្លាប់ជា​សាខាមួយរបស់​ក្រុមអាល់កៃដា​ ដែលជាប់ក្នុង​បញ្ជីដាក់ទណ្ឌកម្មរបស់​អង្គការ​សហប្រជាជាតិ ទន្ទឹមគ្នា​នឹង​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។

ទោះប្រកាស​កាត់ផ្តាច់ទំនាក់ទំនង​ពី​អាល់កៃដា និង​ប្តូរឈ្មោះ​ចេញពីរណសិរ្ស​នូស្រា ប៉ុន្តែ ក្រុម​ឧទ្ទាមប្រដាប់អាវុធ​ដែល​ផ្តួលរំលំអំណាច​ប្រធានាធិបតី​ស៊ីរី​​នៅ​ដើម​ខែធ្នូនេះ នៅតែ​ជាប់ក្នុង​បញ្ជីទណ្ឌកម្ម​របស់អាមេរិក និង​អង្គការ​សហប្រជាជាតិ ដោយសារ​តែ​ក្រុមនេះ​នៅបន្ត​សកម្មភាព​ភេរវនិយម​នៅទឹកដីស៊ីរី។ ចំណែក​មេដឹកនាំរបស់ក្រុមនេះ គឺ Abou Mohammed​​ al Joulaniជាប់ក្នុងបញ្ជីឈ្មោះភេរវនិយម​ដែល​អាមេរិក​តាមចាប់ខ្លួន និងប្រកាសផ្តល់រង្វាន់ ១០លាន​ដុល្លារដល់អ្នកផ្តល់ព័ត៌មាន​ឈានទៅដល់ការចាប់ខ្លួន​មេខ្លោងស៊ីរី។

បន្ទាប់ពីដឹកនាំក្រុមប្រដាប់អាវុធ​ទៅផ្តួលរំលំ​រដ្ឋាភិបាល​របស់​បាស្ហា អាល់អាសាដ Abou Mohammed​​ al Joulani មេខ្លោងក្រុម Hayat Tahrir Al-Sham​ ដែលអាមេរិក​កំពុងតាម​ចាប់ខ្លួន ត្រូវ​បានតែងតាំង​ជាថ្នាក់ដឹកនាំកំពូល​របស់អាជ្ញាធរស៊ីរីថ្មី។ ដូច្នេះតើអាមេរិកនៅតែ​ចង់ចាប់ខ្លួន Ahmed Hussein al Charaa ឬ Abou Mohammed​​ al Joulaniទៀត ឬយ៉ាងណា?

នៅ​ថ្ងៃទី ១៤​ធ្នូ មួយសប្តាហ៍ក្រោយ របបបាស្ហា អាល់អាសាដដួលរលំ អាមេរិក​ជា​ប្រទេស​លោកខាងលិច​ទី១ដែល​អះអាង​ភ្ជាប់ខ្សែទាក់ទងផ្ទាល់​ជាមួយ​ក្រុមឧទ្ទាម​ស៊ីរី Hayat Tahrir Al-Sham​។ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិននិយាយ​ថា អាមេរិក​ចង់រំលឹកប្រាប់​គ្រប់ភាគីស៊ីរី​ពី​អភិបាលកិច្ច​នៅក្នុង​សម័យអន្តរកាល និង​ថា អាមេរិក​នៅ​ចាំ​ជួយប្រជាជន​ស៊ីរីជានិច្ច។ យ៉ាងណាក៏ដោយ ភាគីអាមេរិក​មិនបាននិយាយ​ពីទណ្ឌកម្ម​របស់អាមេរិក​លើ​ចលនា​ឧទ្ទាម​ដែលកំពុង​ដើរតួនាទីសំខាន់​នៅស៊ីរីសព្វថ្ងៃនេះទេ។

​Abou Mohammed​​ al Joulani ​ក៏មិនបាន​និយាយពីការទាក់ទងផ្ទាល់ជាមួយអាមេរិក ប៉ុន្តែ ថា ក្រុមខ្លួនបានបោះដៃជាមួយ​ក្រុមប្រទេស​លោកខាងលិច នៅក្នុងហេតុផលថា ស៊ីរីលែង​ចង់មានសង្រ្គាម​ទៀតហើយ ប្រជាជន​ស៊ីរីជាច្រើនជំនាន់​ហត់នឿយ​នឹង​សង្រ្គាម។ សង្រ្គាម​ដែលបាន​សម្លាប់​មនុស្ស​កន្លះលាននាក់ និង​ធ្វើ​ឲ្យប្រជាជន​ស៊ីរី​ជាង​៦លាននាក់ ក្នុង​ចំណោមប្រជាជន​សរុប ២៣លាននាក់​ត្រូវ​រត់ភៀសខ្លួនទៅបរទេស។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក​នៅ​ឆ្នាំ ២០២៣ Abou Mohammed​​ al Joulani​

ដែលបាន​ផ្លាស់ប្តូរ​ឯកសណ្ឋាន​ពីមេជីហាតអ៊ីស្លាម​ជ្រុលនិយម មកជា​មេក្រុមប្រដាប់អាវុធដើម្បីរំដោះស៊ីរី បាននិយាយថា ជាការពិត​ គេ​ធ្លាប់​រិះគន់​នយោបាយ​លោកខាងលិច។ ប៉ុន្តែ ​ក្រុម Hayat Tahrir Al-Sham​ មិនចង់​ប្រយុទ្ធប្រឆាំងនឹង​អាមេរិក អឺរ៉ុបតាំងពីទឹកដី​ស៊ីរីនោះទេ។ មេក្រុមជីហាត​ស៊ីរី​និយាយយ៉ាង​​ដូច្នេះ ដើម្បីធានាដល់​លោកខាងលិច​ដែល​បារម្ភខ្លាច​ថា ក្រុមនេះជា​ក្រុមជីហាត​ជ្រុលនិយមដែលអាច​បង្កភេរវកម្ម ​នៅទឹកដី​លោកខាងលិច។

ដើម្បីបង្ហាញថា ខ្លួនបានផ្លាស់ប្តូរ ចង់​បង្កើតរដ្ឋាភិបាល​ដែលមិន​ប្រកាន់​សាសនា​អ៊ីស្លាមជ្រុលនិយម និងផ្សះផ្សា​ជាមួយគ្រប់ជនជាតិ ក្រុមមាននិនា្នការផ្សេងៗគ្នា Abou Mohammed​​ al Joulani​នៅបានចុះទៅសួរសុខទុក្ខ​ប្រជាជន​ ជាតិពិន្ធុDrouze ដែលធ្លាប់ជា​ផ្ទាំងស៊ីបវាយប្រហារ​របស់​ក្រុមនូស្រា ក្រុមរបស់ខ្លួន ​កាលពី​១០ឆ្នាំមុន។

លើសពីនោះទៀត ដើម្បី​ទាក់ទាញទំនុកចិត្ត​ពីប្រជាជន​ស៊ីរី និងបញ្ចុះបញ្ចូល​​សហគមន៍អន្តរជាតិ ឲ្យ​ជឿជាក់លើ​ចេតនាចង់​​ស្តារប្រទេស​ស៊ីរី​ឲ្យចាកឆ្ងាយពីសង្រ្គាមតទៅទៀត Abou Mohammed​​ al Joulani​បាន​ប្រកាស​សន្យា​នៅថ្ងៃអង្គារទី ១៧ធ្នូថា គេនឹង​រំលាយចោលក្រុមប្រដាប់អាវុធទាំងអស់ ដើម្បីដាក់ចូលក្នុងកងទ័ពស៊ីរីតែមួយ ដែលគោរពច្បាប់របស់ប្រទេស។ ប៉ុន្តែ ទន្ទឹមនឹងនេះ សហគមន៍អន្តរជាតិ​ត្រូវ​ដកទណ្ឌកម្ម។

ដើម្បីបានជំនួយ កសាងប្រទេស ថ្នាក់ដឹកនាំថ្មីរបស់​ស៊ីរី​គ្មាន​ជម្រើសច្រើន​ក្រៅតែពី បោះចោល​ឯកសណ្ឋាន​ជាមេដឹកនាំជីហាតជ្រុលនិយម​ និង​បោះដៃ​ទៅរកលោកខាងលិច។ ត្រូវ​ដឹងថាស៊ីរី​ដែលធ្លាក់ខ្លួន​ក្នុង​សង្រ្គាមស៊ីវិល​កំពុងធ្លាក់ដុនដាបខ្លាំងណាស់។ នៅប៉ុន្មាន​ថ្ងៃនេះទៀត អ៊ីស្រាអែល​បានឆ្លៀតឱកាស​ដែល​ស៊ីរីបាក់​ទ័ព ​បានបញ្ជូនយន្តហោះចម្បាំងទៅបាញ់បំផ្លាញ​សឹងខ្ទេចខ្ទីរ​ទីតាំង​យោធា កន្លែងស្តុកអាវុធ​របស់​ស៊ីរី ចំណែកសេដ្ឋកិច្ច​របស់ប្រទេសស៊ីរីវិញ​​ធ្លាក់ចុះ​ដល់​ដី ដោយសារ​តែសង្រ្គាម៕