Feb 19 2025 8 mins 2
លក្ខខណ្ឌជំនួយរបស់អាមេរិកដើម្បីជួយអ៊ុយក្រែនបានឈានមកដល់ដំណាក់កាលមួយ ដែលអាមេរិកយកជំនួយសព្វាវុធទៅដោះដូរនឹងធនធានធម្មជាតិរបស់អ៊ុយក្រែន។ នៅសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបាននិយាយថា លោកចង់ឲ្យអ៊ុយក្រែនបង់សងជំនួយហិរញ្ញវត្ថុនិងជំនួយយោធាអាមេរិក។ ដោយមិនលាក់លៀម លោកត្រាំនិយាយថា លោកចង់បានរ៉ែកម្ររបស់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់៥០០ពាន់លានដុល្លារ។ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីក៏មិនជំទាស់ដែរ ប៉ុន្តែ នៅ ដើមសប្តាហ៍នេះ លោកបានបញ្ជាឲ្យរដ្ឋមន្រ្តីរបស់លោកផ្អាកមិនទាន់ចុះហត្ថលេខាលើសេចក្តីព្រមព្រៀងអនុញ្ញាតឲ្យអាមេរិកចូលទៅប្រើរ៉ែកម្ររបស់អ៊ុយក្រែន។ ហេតុអ្វីបានជាដូច្នេះ?តើអ៊ុយក្រែនមានរ៉ែកម្រអ្វីខ្លះ និងថា ហេតុអ្វីបានជាលោកដូណាល់ ត្រាំចង់បានធនធានរ៉ែរបស់អ៊ុយក្រែន?
ទោះជាប់ឆ្នោតក្លាយជាប្រធានាធិបតីដឹកនាំមហាអំណាចអាមេរិក មហាសេដ្ឋីអចលនទ្រព្យ លោកដូណាល់ ត្រាំមិនចោលគំនិតធ្វើជំនួញ សូម្បីតែនៅក្នុងរឿងនយោបាយ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍Fox News កាលពីថ្ងៃទី១០កុម្ភៈ លោករំលឹកសាជាថ្មីថា អាមេរិកនៅតែចង់បានរ៉ែកម្ររបស់អ៊ុយក្រែន។ នៅក្នុងន័យនេះ លោកដូណាល់ ត្រាំចង់ឲ្យអ៊ុយក្រែនបង់សងថ្លៃជំនួយដែលអាមេរិកបានជួយអ៊ុយក្រែនជិត៣ឆ្នាំមកនេះ។
គិតចាប់តាំងរុស្ស៊ីចូលធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ ២០២២ អាមេរិកផ្តល់ជំនួយយោធាប្រមាណ ៦៥ពាន់ ៩រយលានដុល្លារ ដោយមិនគិតពីជំនួយថវិកាដល់រដ្ឋាភិបាលអ៊ុយក្រែន។ នៅពេលនេះ និងផ្ទុយពីរដ្ឋបាលអាមេរិកមុន លោកដូណាល់ ត្រាំទាមទារឲ្យអ៊ុយក្រែនសងជាធនធានរ៉ែកម្រតម្លៃ៥០០ពាន់លានដុល្លារ។ ចំពោះ លោកដូណាល់ ត្រាំ អ៊ុយក្រែនត្រូវបង់សងជំនួយហិរញ្ញវត្ថុ និងជំនួយយោធារបស់អាមេរិក តាមរយៈការអនុញ្ញាតឲ្យអាមេរិកចូលទៅធ្វើអាជីវកម្មយករ៉ែកម្ររបស់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនមិនជំទាស់ ប៉ុន្តែ បដិសេធមិនចុះហត្ថលេខាលើសំណើគម្រោងរបស់អាមេរិក
រឿងយករ៉ែកម្ររបស់អ៊ុយក្រែនទៅដោះដូរនឹងជំនួយអាវុធ ការគាំទ្រពីលោកខាងលិចជាពិសេសអាមេរិកដើម្បីអាចទប់ទល់នឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីមិនយល់ទាស់ទេ។ នៅមុនលោកដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតីទៅទៀត នៅពេលធ្វើដំណើរទៅទីក្រុងញូវយ៉ក នៅចុងឆ្នាំ២០២៤ លោកហ្សេឡេនស្គីធ្លាប់បានលើកនិយាយពីធនធានរ៉ែធម្មជាតិ រ៉ែកម្ររបស់អ៊ុយក្រែន ដើម្បីទាក់ទាញលោកត្រាំបេក្ខជនបក្សសាធារណរដ្ឋ។
បន្ទាប់ពីលោកដូណាល់ ត្រាំអះអាងថា អ៊ុយក្រែនក៏យល់ស្របជាមួយគំនិត អាវុធដូររ៉ែកម្រ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាមេរិកបាននាំយកសំណើរបស់លោកដូណាល់ ត្រាំទៅឲ្យអ៊ុយក្រែនចុះហត្ថលេខាដល់ទីក្រុងកៀវ កាលពីថ្ងៃពុធសប្តាហ៍មុន។ ប៉ុន្តែ នៅតែ២ថ្ងៃមុន មន្រ្តីជាន់ខ្ពស់អាមេរិកនិងរុស្ស៊ីជួបគ្នាដើម្បីនិយាយពីសង្រ្គាមអ៊ុយក្រែនដោយគ្មានការចូលរួមពីអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនបានអះអាងថា លោកបានបញ្ជាឲ្យរដ្ឋមន្រ្តីផ្អាក កុំទាន់ចុះហត្ថលេខាលើសំណើរបស់អាមេរិកដែលចង់បានរ៉ែកម្ររបស់អ៊ុយក្រែន។ បើតាមមេដឹកនាំអ៊ុយក្រែន សំណើរបស់អាមេរិកមិនទាន់ចែងពីការធានាសន្តិសុខការពារអ៊ុយក្រែនដូចការទាមទាររបស់អ៊ុយក្រែនឡើយ។ មន្រ្តីអ៊ុយក្រែនដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មានAP ថា សំណើរបស់អាមេរិកផ្តោតសំខាន់តែទៅលើការចូលទៅយករ៉ែកម្រអ៊ុយក្រែនដើម្បីទូទាត់សងជំនួយអាមេរិកកន្លងមក និងជំនួយអាមេរិកទៅថ្ងៃមុខ។
បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនប្រាប់ឲ្យគេផ្អាកកុំទាន់ចុះហត្ថលេខាលើសំណើរបស់អាមេរិក លោក Brian Hughes អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកដូណាល់ ត្រាំបានចេញមករិះគន់ប្រធានាធិបតីអ៊ុយក្រែនថា មិនចេះមើលវែងឆ្ងាយ មិនដឹងថា សំណើរបស់លោកត្រាំតាមពិតផ្តល់ឱកាសប្រយោជន៍ច្រើនណាស់ដល់អ៊ុយក្រែន។ បើតាមអ្នកនាំពាក្យខាងលើ ការចងភ្ជាប់សេដ្ឋកិច្ចជាមួយអាមេរិកមានន័យស្មើនឹងការធានាដ៏ល្អអស្ចារ្យមួយ ដើម្បីកុំឲ្យអ៊ុយក្រែនរងការឈ្លានពាននៅថ្ងៃខាងមុខ និងធានាសន្តិសុខយូរអង្វែងនៅអ៊ុយក្រែន។
តើអ៊ុយក្រែនមានរ៉ែកម្រអ្វីខ្លះ និងច្រើនប៉ុណ្ណា ទើបលោកដូណាល់ ត្រាំចង់បានខ្លាំង ជាថ្នូរនឹងការផ្តល់ជំនួយយោធារបស់អាមេរិកនៅអ៊ុយក្រែន?
យោងតាមវិទ្យាស្ថានភូមិសាស្រ្តអ៊ុយក្រែន នៅក្នុងចំណោមទីតាំងដែលសំបូរធនធានរ៉ែរបស់អឺរ៉ុប ចំនួន ៣៤ មាន២២ទីតាំងដែលស្ថិតក្នុងទឹកដីអ៊ុយក្រែន។ អ៊ុយក្រែនសំបូរធនធានរ៉ែកម្រ រ៉ែសំខាន់ៗដូចជាលីចូម ទីតានីញ៉ូម អ៊ុយរ៉ានីញ៉ូម ឬសេរីយ៉ូមជាដើម ដែលទស្សនាវដ្តីForbes Ukraine ប៉ាន់ប្រមាណថា មានតម្លៃជាទឹកប្រាក់១២ទ្រីលានដុល្លារ។ ទោះមានឈ្មោះថា រ៉ែកម្រ ប៉ុន្តែ មិនប្រាកដថា រ៉ែ មិនសូវមានច្រើននោះទេ។ គេដាក់ឈ្មោះវាដូច្នេះ ដោយសារតែការទាញយករ៉ែពីក្នុងដី ពីក្នុងខ្សាច់មានលក្ខណៈស្មុគស្មាញ និងត្រូវការឆ្លងកាត់ច្រើនដំណាក់កាល។ ក្រុមស្រាវជ្រាវរបស់គណៈកម្មការអឺរ៉ុបបង្ហាញថា នៅមុនសង្រ្គាមឈ្លានពានរុស្ស៊ី អ៊ុយក្រែនផ្គត់ផ្គង់រ៉ែ ទីតានីញ៉ូម ដែលស្មើនឹង៧%នៃការផលិតក្នុងពិភពលោក។ គេវាយតម្លៃដែរថា អ៊ុយក្រែនមានរ៉ែលីចូមប្រមាណ៥សែនតោននៅក្រោមដី និងមានក្រាហ្វីតដែលតំណាង១ភាគ៥នៃក្រាហ្វីតក្នុងពិភពលោក។ ក្រាហ្វីតនេះជារ៉ែដ៏សំខាន់ដែលគេត្រូវការប្រើនៅរោងចក្រនុយក្លេអ៊ែរ។ ជារួម អ៊ុយក្រែនមានរ៉ែកម្រគន្លឹះៗ ជាច្រើនប្រភេទ ដែលគេត្រូវការប្រើ ដើម្បីផលិត គ្រឿងអេឡិចត្រូនិក តាំងពី ទូរស័ព្ទ រថយន្តអគ្គិសនី និងវិស័យថាមពលកកើតឡើងវិញ ដូចជាកង្ហាយក្ស និងក្នុងវិស័យបច្ចេកវិទ្យាអវកាស។ ខណៈពេលដែលពិភពលោកចង់ងាកទៅប្រើថាមពលស្អាតស្អំ ការរីកចម្រើនបច្ចេកវិទ្យា តម្រូវការរ៉ែកម្របានកើនឡើងទ្វេដងនៅ ឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣២០ពាន់លានដុល្លារ។
អាមេរិករបស់លោកដូណាល់ ត្រាំដែលចង់ជំរុញវិស័យបច្ចេកវិទ្យា ដូចជាបញ្ញាសិប្បនិម្មិត ត្រូវការរ៉ែកម្រយ៉ាងច្រើនសម្បើម។ ម្យ៉ាងលោកដូណាល់ ត្រាំចង់បានរ៉ែកម្ររបស់អ៊ុយក្រែន ដើម្បី លែងពឹងផ្អែកខ្លាំងលើចិន ដែលសំបូរ និងនាំចេញរ៉ែកម្រច្រើនជាងគេនៅក្នុងពិភពលោក។នៅចុងឆ្នាំមុន ដោយសារតែជម្លោះពាណិជ្ជកម្ម ចិនបានហាមឃាត់ការនាំចេញរ៉ែកម្រមួយចំនួនទៅអាមេរិក។
ចង់បានរ៉ែកម្ររបស់អ៊ុយក្រែន តើលោកដូណាល់ ត្រាំអាចសម្រេចគោលដៅដែរឬទេ?
រ៉ែកម្រជាអាវុធយុទ្ធសាស្រ្តសំខាន់ណាស់ដើម្បីជំរុញបច្ចេកវិទ្យា និងអំណាចសេដ្ឋកិច្ច។ នេះជាហេតុផលមួយដែលធ្វើឲ្យលោកដូណាល់ ត្រាំចង់ចូលគ្រប់គ្រងទ្រព្យធនធានធម្មជាតិរ៉ែកម្ររបស់អ៊ុយក្រែន។ ប៉ុន្តែ រឿងនេះមិនងាយកើតឡើងស្រួលៗ ឬភ្លាមៗឆាប់ៗនោះទេ។ លោកដូណាល់ ត្រាំបានដាក់លក្ខខណ្ឌចង់បានរ៉ែកម្ររបស់អ៊ុយក្រែនទាំងមិនដឹងពីឧបសគ្គដ៏ច្រើនសន្ធឹកនៅចំពោះមុខ។
ទី១ ត្រូវដឹងថា ជិត៥០ភាគរយនៃរ៉ែកម្ររបស់អ៊ុយក្រែនស្ថិតនៅតំបន់ទាំងបួន ភាគខាងកើតរបស់អ៊ុយក្រែនដែលរុស្ស៊ីវាយដណ្តើមកាន់កាប់នៅក្នុងសង្រ្គាម៣ឆ្នាំនេះ។ តំបន់ដូនែតស្ក៍ លូហ្កង់ ឬហ្សាប៉ូរីចាជាដើមដែលរុស្ស៊ីកាត់ដាក់បញ្ចូលក្នុងទឹកដីរុស្ស៊ី សំបូរទៅដោយរ៉ែកម្រសំខាន់ដូចជាលីចូម។ រុស្ស៊ីធ្វើសង្រ្គាមនិងបដិសេធមិនប្រគល់តំបន់ខាងកើតឲ្យអ៊ុយក្រែន ក៏ដោយសារសំឡឹងឃើញថា តំបន់ខាងកើតអ៊ុយក្រែនសំបូររ៉ែកម្រនេះ។ ដូច្នេះ តើអាមេរិកនឹងធ្វើយ៉ាងណាដើម្បីអាចធ្វើអាជីវកម្មទាញយករ៉ែកម្ររបស់អ៊ុយក្រែននោះ? ចំពោះប្រធានាធិបតីហ្សេឡេនស្គី អាមេរិកទំនងមិនបណ្តោយទុកធនធានរ៉ែកម្ររបស់អ៊ុយក្រែនធ្លាក់ក្នុងដៃរបស់រុស្ស៊ី អ៊ីរ៉ង់ ឬកូរ៉េខាងជើង ដែលជាសត្រូវរបស់អាមេរិក។ ជំនួយយោធារបស់អាមេរិកជារឿងចាំបាច់ដើម្បីធានាថា អ៊ុយក្រែនមានធនធានរ៉ែដែលអាមេរិកចង់បាន។ ម្យ៉ាង តំបន់សំបូររ៉ែមួយចំនួនផ្សេងទៀតស្ថិតនៅក្បែរជួរសមរភូមិប្រយុទ្ធរវាងអ៊ុយក្រែន និងរុស្ស៊ី តើក្រុមហ៊ុនអាមេរិកនឹងអាចទទួលបានការធានាសន្តិសុខយ៉ាងដូចម្តេច? មានតែការចរចាបិទបញ្ចប់សង្រ្គាម ទើបរុស្ស៊ីលែងអាចចេះតែរំកិលរំលោភយកដែនដីសំបូរដោយធនធានធម្មជាតិរបស់អ៊ុយក្រែន។
នៅមានឧបសគ្គមួយទៀតដែលអាចទៅបន្ទុចបង្អាក់បរទេសមិនឲ្យចូលទៅយករ៉ែកម្ររបស់អ៊ុយក្រែន។ ទៅតាមរដ្ឋធម្មនុញ្ញអ៊ុយក្រែន រ៉ែកម្រក្រោមដីជាកម្មសិទ្ធិរបស់ប្រជាជនអ៊ុយក្រែន ដូច្នេះរដ្ឋាភិបាលត្រូវការសំឡេងយល់ព្រមពីប្រជាជន នៅមុនអនុវត្តរាល់កិច្ចព្រមព្រៀងធ្វើអាជីវកម្មរ៉ែអ៊ុយក្រែន។ ប្រជាជនអ៊ុយក្រែន ជាពិសេសកម្មករនៅតាមការដ្ឋានចម្រាញ់ទាញយករ៉ែកម្រ បង្ហាញអរិភាព ព្រោះថា បើអ៊ុយក្រែនមានទ្រព្យសម្បត្តិ ធនធានក្នុងដៃ តើគេត្រូវការចាំបាច់ជនបរទេសមកវិនិយោគទាញយកប្រយោជន៍ពីធនធានរ៉ែរបស់ខ្លួនធ្វើអ្វី?
ត្រលបមកវិញ ការធ្វើអាជីវកម្មរ៉ែកម្ររបស់អ៊ុយក្រែន ដែលលោកដូណាល់ត្រាំចង់បានជាថ្នូរនឹងជំនួយអាមេរិក មិនអាចលេចចេញរូបរាងភ្លាមៗទេ ដោយត្រូវការពេលវេលាយូរឆ្នាំទៀត នេះគេនៅមិនទាន់និយាយពីសង្រ្គាមឈ្លានពានរបស់រុស្ស៊ីដែលកំពុងធ្វើឲ្យអ៊ុយក្រែនបាក់ទ្រោម ហេងហាង នៅក្រោយអាមេរិករបស់លោកដូណាល់ ត្រាំដោះដៃលែងជួយ៕