កងទ័ពអ៊ុយក្រែនកាន់តែយ៉ាប់ ដោយសារ​អាមេរិកផ្អាក លែងចែករំលែកព័ត៌មានសម្ងាត់


Episode Artwork
1.0x
0% played 00:00 00:00
Mar 07 2025 6 mins   1

ចាប់តាំងពីមានជម្លោះតឹងសសៃក​រវាង​ប្រធានាធិបតីអ៊ុយក្រែន និង​លោកដូណាល់ ត្រាំ​នៅសេតវិមាន រដ្ឋបាលអាមេរិកមិនបន្ថយដៃក្នុងការដាក់សម្ពាធ​លើ​អ៊ុយក្រែន។ នៅសប្តាហ៍នេះ បន្ទាប់ពីសេតវិមានប្រកាស​ផ្អាកជំនួយយោធា ដើម្បី​ដាក់សម្ពាធឲ្យអ៊ុយក្រែន​ចូលតុចរចាបញ្ចប់សង្រ្គាមជាមួយ​រុស្ស៊ី អាមេរិក​តាមរយៈ​ប្រធាន​ស៊ើបការណ៍សម្ងាត់ បាន​ប្រកាស​ផ្អាក​ការចែករំលែក​ព័ត៌មានសម្ងាត់ ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់ខ្លាំង​ដើម្បី​ទប់ទល់​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី។ អាមេរិកឈប់​ផ្តល់ព័ត៌មានសម្ងាត់​ជាមួយអ៊ុយក្រែន​ តើវា​នឹង​ប៉ះពាល់​យ៉ាងណាខ្លះ​ដល់​សមរភូមិប្រយុទ្ធរបស់​កងទ័ពអ៊ុយក្រែន? តើ​វា​នឹង​បើកឱកាស​ឲ្យ​រុស្ស៊ី​កាន់តែ​កេងយកចំណេញ​ដើម្បីវាយដណ្តើម​ទឹកដី​អ៊ុយក្រែនដែរឬទេ?

គ្មានព័ត៌មានសម្ងាត់ពីខាងភាគីអាមេរិក កងទ័ពអ៊ុយក្រែនប្រៀបដូច​​មនុស្ស​ភ្នែកមីញ៉ូប ក្នុង​សមរភូមិ ដែលមើលអ្វីឆ្ងាយមិនច្បាស់ បាត់បង់​តុល្យភាពយ៉ាងដូច្នេះដែរ។ នៅថ្ងៃ​ពុធ​សប្តាហ៍នេះ នៅក្នុង​បរិបទដ៏​តានតឹង​រវាង​អាមេរិក និងអ៊ុយក្រែន​នៅក្រោយ​ការប្រកែកទាស់សំដីគ្នា​នៅ​សេតវិមាន ប្រធាន​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក​CIA លោក​ John Ratcliffe បាន​ប្រកាស​ថា អាមេរិក​ផ្អាក​ លែងផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យអ៊ុយក្រែន។ ដំណឹង​នេះអាច​ធ្វើ​ឲ្យកងទ័ពអ៊ុយក្រែនហេងហាងក្រៃ ព្រោះ​វាមិនខុសអីពីការដកវ៉ែនតា​ពីមនុស្ស​មីញ៉ូបភ្នែកនោះទេ។ ដោយ​សម្រេច​​ផ្អាក​ជំនួយយោធា​ និងផ្អាកការចែករំលែក​ព័ត៌មានសម្ងាត់ជាមួយ​អ៊ុយក្រែន តើ​រដ្ឋបាល​លោកដូណាល់ ត្រាំ​កំពុង​ដាក់ពិន័យ​អ៊ុយក្រែន​ដែលមាន​ប្រធានាធិបតីហ៊ាន​និយាយ​តវ៉ា​តឹងសរសៃកជាមួយលោកនៅ​សេតវិមាន?

មុននឹង​និយាយ​ទៅដល់​ផលប៉ះពាល់​ដោយសារ​អាមេរិកលែង​ចែករំលែកព័ត៌មាន​សម្ងាត់ជាមួយអ៊ុយក្រែន គេ​ត្រូវ​តោងយល់ថា ហេតុអ្វីបានជា​អាមេរិកចែករំលែកព័ត៌មាន​សម្ងាត់ជាមួយអ៊ុយក្រែន។ តើ​វាមានប្រយោជន៍ ជួយ​អ៊ុយក្រែន​អ្វីខ្លះ?

ជាប្រទេស​មហាអំណាច​យោធា​ដែលមាន​បច្ចេកវិទ្យា​នាំមុខគេ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដឹងមុនគេមុនឯង​ពី​ចេតនារបស់​លោកពូទីនដែលបាន​ចល័តទ័ពរបស់រុស្ស៊ី​ទៅនៅព្រំដែនជាមួយអ៊ុយក្រែន​នៅ​ចុងឆ្នាំ​២០២១ ប៉ុន្មានខែ​មុន​បើក​សង្រ្គាមឈ្លានពានអ៊ុយក្រែន។

គឺ​ព័ត៌មាន​សម្ងាត់​របស់​អាមេរិក​ដដែលដែលបាន​ជួយ​ឲ្យ​ក្រុងកៀវរបស់​អ៊ុយក្រែនជៀស រួចផុតមិនដួលរលំ តាមរយៈការរៀបចំយុទ្ធសាស្រ្ត​ទប់ទល់នឹង​កងទ័ពរុស្ស៊ីដែលសម្រុកចូលសំដៅដណ្តើម​កាន់កាប់​ទីក្រុង​កៀវនៅដើមដំបូងទីនៃសង្រ្គាម។ ដើម្បីជួយអ៊ុយក្រែន ប្រទេស​ចាញ់ប្រៀបរុស្ស៊ីទាំងចំនួនកងទ័ព និង​សព្វាវុធ រដ្ឋបាល​លោកចូ បៃដិន​ក្រៅពីផ្តល់ជំនួយសព្វាវុធ បាន​ចុះកិច្ចព្រមព្រៀង​ចែករំលែកព័ត៌មានសម្ងាត់ជាមួយ​អ៊ុយក្រែន។ ដើម្បីប៉ះប៉ូវ​ដល់​ការខ្វះខាតទាំងចំនួនទ័ព និងសព្វាវុធនៅភាគីអ៊ុយក្រែន គោលដៅរបស់​វ៉ាស៊ីនតោន​ គឺចែករំលែកព័ត៌មានសម្ងាត់ដើម្បីឲ្យ​កៀវ​​មាន​សមត្ថភាព​ទាំងការពារខ្លួន និង​វាយប្រហារចំៗគោលដៅ ដោយ​មិន​ខ្ជះខ្ជាយគ្រាប់។ នៅក្នុង​យុទ្ធសាស្រ្ត​វាយប្រហារទៅលើ​កងទ័ពរុស្ស៊ីនៅលើ​ដីគោក ព័ត៌មានសម្ងាត់របស់​អាមេរិក​ដែលផ្អែកលើ​រូបភាពផ្កាយរណប ដែលមានសមត្ថភាព​ថតទម្លុះស្បៃពពក គម្របព្រៃឈើ បានជួយ​ឲ្យ​កងទ័ព​អ៊ុយក្រែន​ដឹងច្បាស់​ពីទីតាំងទ័ពរុស្ស៊ី កន្លែងបាញ់មីស៊ីល និង​ឃ្លាំងស្តុកសព្វាវុធ។ នៅលើសមុទ្រ​ខ្មៅវិញ អាមេរិកបានផ្តល់ព័ត៌មាន​គួរឲ្យជឿជាក់ស្តីពីទីតាំង គម្រោងប្រតិបត្តិការរបស់នាវាចម្បាំងរបស់រុស្ស៊ី ដើម្បីជួយឲ្យអ៊ុយក្រែន​ប្រើដ្រូន​វាយប្រហារ​ប្រកបដោយ​ប្រសិទ្ធភាព។​

មន្រ្តីយោធា​អ៊ុយក្រែន​បាននិយាយប្រាប់​កាសែត​អាមេរិក​ Washington Post ថា ប្រព័ន្ធចាប់សញ្ញាដ៏សែនទំនើប​របស់អាមេរិក​បានជួយ​ឲ្យអ៊ុយក្រែនមាន​សមត្ថភាព​​ដឹងខ្លួនជាមុន​ពី​គម្រោង​វាយប្រហារ​របស់​សត្រូវ ជាពិសេស​គ្រាប់មីស៊ីល​របស់រុស្ស៊ី។ អាមេរិកបានចែករំលែកព័ត៌មានសម្ងាត់​ជាមួយអ៊ុយក្រែន ដែលមានតាំងពី​ព័ត៌មានយុទ្ធសាស្រ្ត​ទាក់ទង​នឹង​គម្រោងការវាយប្រហារ​របស់​មេទ័ពរុស្ស៊ី រហូតដល់​ព័ត៌មាន​តាក់ទិក ដែល​ជួយ​ឲ្យអ៊ុយក្រែនគេចផុតពីប្រព័ន្ធរំខានសញ្ញាដ្រូន ឬ​មិនធ្លាក់​ក្នុងអន្ទាក់វាយប្រហារ​របស់​កងទ័ពរុស្ស៊ីជាដើម។ ព័ត៌មានសម្ងាត់របស់អាមេរិក​មិនត្រឹមជួយ​ឲ្យ​អ៊ុយក្រែនអាច​ចាប់សញ្ញាចល័តទ័ពរុស្ស៊ីក្នុងសមរភូមិ ប៉ុន្តែ ​វាអាចជួយឲ្យអ៊ុយក្រែន​កំណត់​ផ្ទាំងស៊ីបវាយប្រហារ​ក្នុងទឹកដីរុស្ស៊ី។ ​

ដោយទទួលបាន​ព័ត៌មានពីភ្នាក់ងារសម្ងាត់អាមេរិក កងទ័ពអ៊ុយក្រែន​អាច​វាយប្រហារ​ចំគោលដៅច្រើន មិនថា​នៅតំបន់អ៊ុយក្រែនដែល​កងទ័ពរុស្ស៊ីចូលឈ្លានពាន ឬក្នុង​​ទឹកដី​រុស្ស៊ីផ្ទាល់។ ដោយជួយ​ឲ្យកងទ័ពអ៊ុយក្រែន​វាយចំៗ​លើ​គោលដៅយោធា​ និង​វាយស្ទាក់ជាមុន​គម្រោងការវាយប្រហារ​ផ្លូវអាកាស និងមីស៊ីល​របស់រុស្ស៊ី ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាមេរិក​បានជួយឲ្យអ៊ុយក្រែន​អាច​ទប់ទល់ មិនឲ្យ​កងទ័ព​រុស្ស៊ីបោះពួយ​លឿនក្នុងសមរភូមិដើម្បីដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែន។

ប៉ុន្តែ ការសម្រេចរបស់​ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ​កាលពីថ្ងៃពុធ​នឹងធ្វើ​ឲ្យប៉ះពាល់​ ​ប្រែក្រឡាប់ចាក់​ការប្រឹងប្រែង​របស់​កងទ័ពអ៊ុយក្រែន​។ ជាក់ស្តែង ដោយសារអាមេរិក​ផ្អាកការចែករំលែកព័ត៌មានសម្ងាត់​ជាមួយអ៊ុយក្រែន កងទ័ពអ៊ុយក្រែនគ្មាន​ទិន្នន័យ​ដើម្បីអាច​ប្រើប្រព័ន្ធបាញ់មីស៊ីល​​ចម្ងាយឆ្ងាយរបស់អាមេរិក​ដូចជា​ប្រភេទមីស៊ីល​ATACMS ​ដែលលោកចូ បៃដិន​អនុញ្ញាតឲ្យ​អ៊ុយក្រែន​ប្រើដើម្បីបាញ់ចូលជ្រៅ​ក្នុងទឹកដីរុស្ស៊ី។ គ្មាន​ព័ត៌មានសម្ងាត់ពីអាមេរិក អ៊ុយក្រែនមិនអាចប្រើប្រព័ន្ធខែលមីស៊ីលដើម្បីការពារដោយប្រសិទ្ធភាព​ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ ​ពីការវាយប្រហារ​មីស៊ីល​រុស្ស៊ី។ ​

អាមេរិកផ្អាកការចែករំលែកព័ត៌មានសម្ងាត់ សំខាន់​សម្រាប់​យុទ្ធសាស្រ្ត​ធ្វើសង្រ្គាមរបស់អ៊ុយក្រែន​ មានន័យស្មើ​នឹង​បិទឆ័ត្រការពារ ហុចឱកាស​ឲ្យ​រុស្ស៊ី​វាយប្រហារគ្រាប់មីស៊ីល​លើអ៊ុយក្រែន និងសម្រុកចូលកាន់តែកៀកខ្សែប្រយុទ្ធជួរមុខក្នុង​សមរភូមិ។ ​មន្រ្តីយោធា​អ៊ុយក្រែន​ដែលធ្វើការ​ផ្នែក​ស៊ើបការណ៍សម្ងាត់​​បាននិយាយ​ប្រាប់​កាសែត​អាមេរិកថា អ្វីដែលអ៊ុយក្រែនកំពុងបារម្ភខ្លាំងគឺ រុស្ស៊ី​នឹង​ឆ្លៀតពេលដែល​អាមេរិក​ឈប់ផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែន ដើម្បី​រៀបចំ​យុទ្ធសាស្រ្ត​ប្រមូលផ្តុំទ័ពឡើងវិញ និង​បង្វែរកាំណុងមីស៊ីល​ បាញ់ស្រោច​លើ​ទីក្រុង​កៀវ ដូចក្នុងករណី​វាយប្រហារ នៅ​ចុងសប្តាហ៍នេះ។

យោងតាមមន្ត្រីអ៊ុយក្រែន​ខាងលើ​ អ៊ុយក្រែន​ដែលមាន​ស្តុកមីស៊ីល​របស់អាមេរិកច្រើនសម្រាប់​ប្រើប្រាស់​រហូត​​ដល់​ពាក់កណ្តាល​ឆ្នាំនេះ​ នៅតែ​អាចប្រើមីស៊ីល​របស់អាមេរិក​ដើម្បីវាយប្រហារទៅលើ​រុស្ស៊ី បើទោះបីជា​គ្មានទទួលព័ត៌មានសម្ងាត់ពីអាមេរិក។ ប៉ុន្តែ ការវាយប្រហារ​នឹងមិនប្រាកដជាត្រូវ​ចំគោលដៅនោះទេ។​ សមត្ថភាពប្រយុទ្ធរបស់​អ៊ុយក្រែននឹង​មាន​កំណត់​ ដោយសារ​គ្មាន​ជំនួយសព្វាវុធ និង​ព័ត៌មានសម្ងាត់ពីអាមេរិក។ ទោះបារាំងចេញមុខ​មក​ធានា​ប៉ះប៉ូវ​អវត្តមាន​របស់អាមេរិក ចំណែកអឺរ៉ុប​ប្រឹងប្រែង​សន្យា​បន្តជួយអាវុធដល់​អ៊ុយក្រែន អ៊ុយក្រែន​ដឹងច្បាស់ថា មិនអាច​បន្ត​ធ្វើ​សង្រ្គាមតទល់​នឹង​រុស្ស៊ីដោយគ្មានអាមេរិក៕